ពាណិជ្ជកម្ម​បោក​បញ្ឆោត​ផ្សព្វផ្សាយ​ថា ផលិត​ផល JBL លក់​បញ្ចុះ​តម្លៃ​ដល់​៦០​ភាគរយ

Consumer Safety False Social

ថ្មីៗ​នេះ ហាង​លក់​រាយ​ផលិត​ផល JBL នៅ​កម្ពុជា បាន​ប្រកាស​បញ្ចុះ​តម្លៃ​ផលិត​ផល​​យីហោ JBL ជាច្រើន​មុខ។ ទន្ទឹម​គ្នា​នេះ មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម​ថា ផលិត​ផល JBL មួយ​ចំនួន ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​រហូត​ដល់ ៦០​ភាគរយ​ឯណោះ។ ការ​ផ្សាយ​ពាណិជ្ជកម្ម​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះ មិន​មែន​ជា​ការពិត គ្រាន់​តែ​​ជា​ការ​បោក​បញ្ឆោត​តែ​ប៉ុណ្ណោះ។

ការអះអាង​លើ​បណ្ដាញ​សង្គម

ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក JBL Cambodia បាន​និយាយ​ថា ផលិត​ផលស្ដាប់​តន្ត្រី​យីហោ JBL របស់​ក្រុមហ៊ុន HARMAN ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃរហូត​ដល់​ទៅ ៦០​ភាគរយ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ។

ពាណិជ្ជកម្ម​បាន​និយាយ​ទៀត​ថា ការ​បញ្ចុះ​តម្លៃ​លើ​ផលិត​ផល​យីហោ JBL នេះ​ផ្ដល់​ជូន​ដល់​អតិថិជន​តែ ២០០​នាក់​ដំបូង​ប៉ុណ្ណោះដែល​បញ្ជា​ទិញ​តាម​គេហទំព័រ​មួយ​ដែល​ភ្ជាប់​មក​ជាមួយ​នឹង​សារ​ពាណិជ្ជកម្ម​នេះ។

ការ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស​បណ្ដាញ​សង្គម​កម្ពុជា។

ខាង​ក្រោម​នេះ គឺជារូបភាព​ផ្ដាម​ចេញ​ពី​ពាណិជ្ជកម្ម​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​​​រៀបរាប់​ថា “អ្នក​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​អ្វី​ដែល​នឹង​មក​ដល់ រដូវ​ក្ដៅ​នេះ​ក៏​ចូលរួម​ពិធី​បុណ្យ​ដ៏​ក្ដៅគគុក​ជាមួយ​ JBL Cambodia ផង​ដែរ។ ឱកាស​ទទួល​បាន​ភ្លាមៗ​នូវ​លេខកូដ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៦០%​នៅ​ពេល​ទិញ​ឧបករណ៍​បំពង​សំឡេង JBL Xtreme 3 សម្រាប់​តែ​អ្នក​ចុះ​ឈ្មោះ ២០០​នាក់​ដំបូង​នៅ​ហាង​អនឡាញ​របស់​យើង។ ចំណាំ៖ កម្មវិធី​នេះ​អនុវត្ត​ចំពោះ​អតិថិជន ២០០​នាក់​ដំបូង​ប៉ុណ្ណោះ។ ប្រញាប់​ឡើង​ដើម្បី​ក្លាយ​ជា​អ្នក​មាន​សំណាង” ។

Facebook Post | Archived

ការ​ផ្សាយ​ពាណិជ្ជកម្ម​បែប​នេះ​នៅ​លើ​បណ្ដាញសង្គម ត្រូវ​បាន​ធ្វើ​ឡើង​ជាបន្ត​បន្ទាប់ ហើយ​វា​ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ភាសា​អង់គ្លេស​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​រាប់​សិប​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ដ៏​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីការ​ផ្សាយ​ពាណិជ្ជកម្ម​ជា​ភាសា​អង់គ្លេស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ថា “Celebrating the 55th anniversary of the establishment of the JBL brand and the 9th anniversary of JBL opening its’ first store in Cambodia, JBL Cambodia would like to send to all Cambodians the biggest promotion of the year up to 70% discount when purchasing 2 products lines JBL Boombox 3, JBL Xtreme 3 when ordering online via website.”។

Facebook Post | Archived

ក្រៅ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ ទំព័រហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ JBL – Philippines ក៏​បាន​ផ្សព្វផ្សាយ​ថា ឧបករណ៍​បំពង​សំឡេង​ JBL Xtrem 3 ត្រូវ​បាន​ដាក់​លក់​បញ្ចុះ​តម្លៃ​រហូត​ដល់ ៨០​ភាគរយ​ឯណោះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក JBL – Philippines កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០២៤។

Facebook Post | Archived

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ផ្សព្វផ្សាយ​ផង​ដែរ​ថា កាស​ស្ដាប់​ JBL Tour Pro 2 របស់​យីហោ JBL ក៏​ត្រូវ​បាន​បញ្ចុះ​តម្លៃ​មក​នៅ​សល់​ត្រឹម ៦៩​ដុល្លារ​ដែរ​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ។

ពាណិជ្ជកម្ម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រាប់​សិប​ដង និង​មាន​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។

ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​ពាណិជ្ជកម្ម​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី០៦ ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា “JBL brings you “legendary warm sound” – JBL Tour Pro 2 for only $69.00. To celebrate the 1 million JBL Tour Pro 2 speaker sold worldwide, we are discounting 1,000 JBL Tour Pro 2 units for just $69.00”។

Facebook Post | Archived

ការ​ផ្សាយ​ពាណិជ្ជកម្ម​ថា កាស​ស្ដាប់​យីហោ JBL Tour Pro 2 មាន​ការ​បញ្ចុះ​តម្លៃដ៏​ច្រើន​រហូត​ដល់ ៦០ភាគរយ​នោះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀតឈ្មោះ JBL UAE ​កាល​ពី​ចុង​ខែ​ឧសភា​កន្លង​មក​នេះ ដោយ​តម្រូវ​ឱ្យ​អ្នក​ចូលរួម​ចុច​លើ​តំណ​ភ្ជាប់​នៃ​វេបសាយ​ដែល​ភ្ជាប់​មក​ជាមួយ​នឹង​ពាណិជ្ជកម្ម​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ពាណិជ្ជកម្ម​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា “Good news for JBL followers in the UAE. This June we will open a new store at Dubai Mall with many great products and features, discount codes and many surprise gifts. This will be our 10th store in the UAE, marking an important milestone in the development process in the UAE. To celebrate this special event, we are offercing a discount of up to 60% on JBL Tour Pro 2 headphones. Order now on our website to receive additional free shipping code [JBL Tour Pro 2]”។

Facebook Post | Archived

ក្រៅ​ពី​ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​ដូច​រៀបរាប់​ខាង​លើ​នេះ យើង​បាន​ក៏​ប្រទះ​ឃើញ​ផង​ដែរ​នូវ​ការ​ផ្សព្វផ្សាយ​លក់​កាស​ស្ដាប់ JBL Tour Pro 2 ជាមួយ​តម្លៃ​ដ៏​ទាប​រហូត​ចន្លោះ ២០ ទៅ ៤០​ដុល្លារ​តែ​ប៉ុណ្ណោះ។ ទំព័រ​ហ្វេសប៊ុក​ដែល​ផ្សព្វផ្សាយ​លក់​​បែប​នេះ អះអាង​ថា ផលិត​ផល​ដែល​ពួកគាត​ដាក់​លក់​នោះ សុទ្ធ​តែ​ជា​ផលិត​ផល​សុទ្ធ​នាំ​ចូល​ពី​ប្រទេស​ជប៉ុន។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​នៃ​​ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល JBL Tour Pro 2 របស់​ទំព័រ​ហ្វេសប៊ុក​មួយ​​កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​អះអាង​ថា កាស​ស្ដាប់​របស់​ខ្លួន ជា​ផលិត​ផល​សុទ្ធ និង​នាំ​ចូល​ពី​ប្រទេស​ជប៉ុន។

https://web.facebook.com/JBL168/videos/446803394959307

Archived

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយ​លក់​ផលិត​ផល JBL Tour Pro 2 របស់​ទំព័រ​ហ្វេសប៊ុក​មួយ​​កាល​ពី​ពាក់​កណ្ដាល​ខែ​ឧសភា​កន្លង​មក​នេះ ដែល​ដាក់​ត្រឹម​តែ​ជាង ២០​ដុល្លារ​ប៉ុណ្ណោះ។

Facebook Post | Archived

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈការ​ស្វែង​រក​ការបញ្ជាក់​ពី​ក្រុមហ៊ុន JBL ឬ​តំណាង​ចែក​ចាយ​ផលិត​ផល JBL ប្រចាំ​នៅ​កម្ពុជា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ជា​ដំបូង យើង​បាន​​ពិនិត្យ​មើល​ទៅ​លើ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​បង្ហោះ​ភ្ជាប់មក​ជាមួយ​នឹង​ពាណិជ្ជកម្ម​បែប​នេះ ហើយ​រក​ឃើញ​ថា តំណ​ភ្ជាប់​នេះ មិន​មែន​ជា​តំណ​ភ្ជាប់​ទៅ​កាន់​វេបសាយ​ផ្លូវការ​របស់​ក្រុមហ៊ុន JBL នោះ​ឡើយ។

តាម​រយៈកម្មវិធី​ត្រួត​ពិនិត្យ​ភាព​ត្រឹម​ត្រូវ​របស់​តំណ​ភ្ជាប់​របស់ Google យើង​បាន​រក​ឃើញ​ថា តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​ពាណិជ្ជកម្ម​នោះ មិន​មាន​នៅ​លើ​ប្រព័ន្ធ​ម៉ាស៊ីន​រុករក​របស់ Google នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​របាយការណ៍​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ដោយ Google ដែល​បញ្ជាក់​ថា គ្មាន​តំណ​ភ្ជាប់​នោះ​ទេ​នៅ​លើ​​ប្រព័ន្ធ​រុក​រុក​របស់ Google ឬហៅ​ថា Google Search Engine។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​លទ្ធផល​នៃ​ការ​វិភាគ​ដោយ​វេបសាយ URLVOID ដែល​បង្ហាញ​ថា តំណ​ភ្ជាប់​មិន​មែន​មាន​ប្រភព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ វា​មាន​ប្រភព​ចេញ​មក​ពី​សហរដ្ឋ​អាមេរិក ហើយ​គ្មាន​ការ​ចុះ​បញ្ជី​ឈ្មោះ Domain ត្រឹម​ត្រូវ​នោះទេ។

សូម​មើល​របាយការណ៍​ខាង​ក្រោម​នេះ​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ការ​វិភាគ​ដោយ​វេបសាយ URLVOID កាល​ស្នើ​សុំ​ការ​វិភាគ​នេះ​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៤។

យើង​បាន​រក​ឃើញ​ថា www.jbl.com គឺ​ជា​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន JBL ហើយ​វេបសាយ​នេះ​មាន​ខ្នែង​សម្រាប់​បន្ត​ទៅ​កាន់​វេបសាយ​របស់​ក្រុមហ៊ុន​សំដៅ​កាន់​ទីផ្សារ​ប្រទេស​ណា​មួយ។ សម្រាប់​ប្រទេស​កម្ពុជា វេបសាយ​របស់ JBL គឺ https://www.kh.jbl.com ហើយ​សម្រាប់​ប្រទេស​ថៃ គឺ www.thai.jbl.com

ជាង​នេះ​ទៅ​ទៀត យើង​បាន​រក​ឃើញ​ថា ទំព័រ​ហ្វេសប៊ុក Apple Cambodia មិន​មែន​ជា​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​​របស់​ក្រុមហ៊ុន JBL ឬ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​លក់ និង​ចែក​ចាយ​ផលិត​ផល JBL នោះ​ឡើយ ព្រោះ​ថា ទំព័រ​ហ្វេសប៊ុក​នេះ​គ្មាន​ការ​ទទួល​ស្គាល់ (verified)​ដោយ​​ក្រុមហ៊ុន Meta ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Facebook។

យើង​បាន​ពិនិត្យ​ឃើញ​ថា ទំព័រ​ហ្វេសប៊ុក​នេះ​​ទើប​ត្រូវ​បាន​បង្កើត​ឡើងកាល​ពី​ថ្ងៃ​ទី០៦ ខែ​ឧសភា ឆ្នាំ​២០២៤​នេះ និង​មាន​អ្នក​តាម​ដាន (followers)​ត្រឹម​តែ ១៣​នាក់​ប៉ុណ្ណោះ។

ដោយ​បាន​ផ្ទៀង​ផ្ទាត់​តាម​វិធី​ដូច​ខាង​លើ​នេះ​ យើង​បាន​រក​ឃើញ​ថា ​ទំព័រ​ហ្វេសប៊ុក​ JBL – Philippines ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​តំណ​ភ្ចាប់​ដែល​ភ្ជាប់​ជាមួយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះ ក៏​មិនមែន​ជា​វេបសាយ​ផ្លូវការ​របស់ JBL ប្រចាំ​ប្រទេស​ហ្វីលីពីន​ដែរ។

រីឯ​​ទំព័រ​ហ្វេសប៊ុក JBL UAE ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ​២០២៣​កន្លង​មក និងមាន​អ្នក​តាម​ដាន​ត្រឹម​តែ​ជាង ១០០​នាក់​ប៉ុណ្ណោះ។ ដូចគ្នា​ទៅ​នឹង​ទំព័រ​ហ្វេសប៊ុក ២​ខាង​លើ​ដែរ តំណភ្ជាប់​ដែល​គេ​ភ្ជាប់​មក​ជាមួយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះ សុទ្ធតែ​មិន​មាន​ប្រភព​ច្បាស់​លាស់។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន JBL មាន​ឈ្មោះ​ថា JBL ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៨ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រុមហ៊ុន Meta ឬ​មាន​សញ្ញា​គូស​ពណ៌​ខៀវ និង​មាន​អ្នក​តាម​ដាន ៣​.៥លាន។

បើ​តាម​ព័ត៌មាន​​​នៅ​លើ​វេបសាយ​របស់​ក្រុមហ៊ុន JBL យើង​បាន​រក​ឃើញ​ថា ក្រុមហ៊ុន NANO SOUND និង​ក្រុមហ៊ុន​លក់​គ្រឿង​អេឡិចត្រូនិច Kfour Group Ltd ទទួល​បាន​សិទ្ធិ​ចែក​ចាយ និង​លក់​រាយ​នូវ​ផលិត​ផល​យីហោ JBL និង​យីហោ​ដទៃ​ទៀត​របស់​ក្រុមហ៊ុន HARMAN ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន​ Samsung Elecronics របស់​កូរ៉េ​ខាង​ត្បូង។

Fact Crescendo Cambodia បាន​ផ្ញើ​អ៊ីម៉ែល​ទៅ​កាន់​ក្រុមហ៊ុន JBL ដើម្បី​ស្នើ​សុំ​ព័ត៌មាន​បន្ថែម​ផង​ដែរ ប៉ុន្តែ យើង​ពុំ​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ​រហូត​មក​ដល់​ថ្ងៃ​ចេញ​ផ្សាយ​អត្ថបទ​នេះ។ យើង​នឹង​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ទៀត ប្រសិន​បើ​មាន​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន JBL។

ដោយ​ទាក់​ទង​តាម​លេខ​ទូរស័ព្ទ​ដែល​មាន​បង្ហាញ​នៅ​លើ​វេបសាយ នារី​ម្នាក់​បម្រើការ​ផ្នែក​ផ្ដល់​ព័ត៌មាន​ដល់​អតិថិជន​របស់​ក្រុមហ៊ុន​លក់​រាយ​គ្រឿង​អេឡិចត្រូនិច Kfour Group Ltd បាន​​ឆ្លើយ​តប​តាម​សារ​ក្នុង​តេឡេក្រាមថា រាល់​ការ​ផ្សព្វផ្សាយ​ដែល​ធ្វើ​ឡើង​ក្រៅ​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន សុទ្ធ​តែ​ជា​ផលិត​ផល​ក្លែង​ក្លាយ និង​ហើយ​ក្រុមហ៊ុន​មិន​ពាក់​ព័ន្ធ​នោះ​ឡើយ។

ចំណែក​អ្នកស្រី លាង រតនា ម្ចាស់​ក្រុមហ៊ុន NANO SOUND បាន​ឱ្យ​ដឹង​ថា ផលិតផល​ JBL ដែល​លក់​ដោយ​ហាង​លក់​រាយ​របស់​ក្រុមហ៊ុន​អ្នកស្រី សុទ្ធ​តែ​ផ្គត់​ផ្គង់​ដោយ​ក្រុមហ៊ុន HARMAN ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុមហ៊ុន Samsung Electronics។

បន្ទាប់​ពី​បាន​ឃើញ​ការ​ផ្សព្វផ្សាយ​លក់​បញ្ចុះ​តម្លៃ​រហូត​ដល់ ៦០% ឬ ៨០%​បែប​នេះ អ្នកស្រី លាង រតនា បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ទាំង​នោះ ហួស​ពី​ការ​ពិត​ទាំង​អស់ ហើយ​រាល់​ផលិត​ផល JBL មិន​ត្រូវ​បាន​លក់​បញ្ចុះ​តម្លៃ​ដ៏​ច្រើន​បែប​នោះ​ទេ។

អ្នកស្រី​ រតនា បាន​ចង្អុល​បង្ហាញ​ទៅ​ដល់​ការ​លក់​បញ្ចុះ​តម្លៃ​ពាក់​កណ្ដាល​ឆ្នាំ​​នៅ​ក្នុង​ខែ​មិថុនា​នេះ​នៅ​តាម​ហាង​របស់​អ្នក​ស្រី ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ផង​ដែរ​នៅ​លើ​ទំព័រហ្វេសប៊ុកឈ្មោះថា Nano Sound Cambodia។

Facebook Post | Archived

ផលិត​ផល JBL ដែល​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​កម្ពុជា គឺ​ជា​តម្លៃ​ដូច​គ្នា​ទៅ​នឹង​ការ​លក់​រាយ​នៅ​លើ​ទីផ្សារ​ប្រទេស​ដទៃ​ទៀត ហើយ​តម្លៃ​នេះ​អាច​រក​មើល​ឃើញ​នៅ​លើ​វេបសាយ​ផ្លូវការ​របស់ JBL។

ឧទាហរណ៍ កាស​ស្ដាប់ JBL Tour Pro 2 ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ២៤៩​ដុល្លារ​ មុន​វា​ត្រូវ​បាន​លក់​បញ្ចុះ​តម្លៃ​មក​នៅ​ត្រឹម ១៩៩​ដុល្លារ​សម្រាប់​សម្រាប់​ឱកាស​បញ្ចុះ​តម្លៃ​ពាក់​កណ្ដាល​ឆ្នាំ ហើយ​ផលិត​ផល​នេះ​ក៏​ត្រូវ​បាន​ដាក់​លក់​ក្នុងតម្លៃ​ដូច​គ្នា​ផង​ដែរ​នៅ​លើ​វេបសាយ​របស់ JBL នៅ​សហរដ្ឋ​អាមេរិក​។

JBL Tour Pro 2

JBL គឺ​ជា​ស្លាក​យីហោ​អន្តរជាតិ​ដ៏​ល្បី​ឈ្មោះ​មួយ​របស់​អាមេរិក​មាន​អាយុ​កាលជិត ៨០​ឆ្នាំ​ហើយ ដែល​មាន​ជំនាញ​លើ​ការ​ផលិត​ឧបករណ៍​សំឡេង និង​តន្ត្រី​សម្រាប់​បំពាក់​តាម​លំនៅឋាន យានយន្ត ឧបករណ៍​បំពង​សំឡេង និងកាស​ស្ដាប់​ត្រចៀក។

សព្វថ្ងៃ​នេះ ស្លាក​យីហោ​មួយ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​​ក្រុម​ហ៊ុន Harman International Industries Inc. ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Samsung Electronics របស់​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​ការ​ទិញ​យក​ទាំងស្រុង​នៅ​ក្នុង​ឆ្នាំ​២០១៧។

ភាព​ល្បី​ល្បាញ និង​គុណភាព​សំឡេង​ដ៏​ល្អ​របស់​ JBL បាន​ជំរុញ​ឱ្យ​មាន​ការ​លួច​បង្កើត​ឧបករណ៍​តន្ត្រី និង​សំឡេង​ដាក់​ឈ្មោះ​តាម JBL ដែល​ភាគ​ច្រើន​មាន​ប្រភព​ចេញ​ពី​ប្រទេស​ចិន។ អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

ក្រុមហ៊ុន Harman បាន​ណែនាំ​អតិថិជន និង​សាធារណជន​ឱ្យ​កត់​សម្គាល់​ចំណុច​ខុស​គ្នា​រវាង​ផលិត​ផល JBL ពិត​ប្រាកដ និង​ផលិត​ផល​ក្លែងក្លាយ ដោយ​កត់​សម្គាល់​ទៅ​ភាព​ខុស​ប្លែក​នៃ​សំបក​ ឬ​ប្រអប់ ស្លាក​យីហោ ពណ៌​សម្បុរ តម្លៃ និង​គុណភាព​សំឡេង។

ក្រុមហ៊ុន​នេះ ក៏បាន​ណែនាំ​ទៅ​អតិថិជន និង​មហាជន​ឱ្យ​ស្វែង​រក​ទិញ​ផលិត​ផល JBL ពី​ហាង​លក់​រាយ និង​ក្រុមហ៊ុន​ចែក​ចាយ​ដែល​ទទួល​បាន​សិទ្ធិ​ពី​ក្រុមហ៊ុន Harman។ សូម​មើល​ការណែនាំ​របស់​ក្រុមហ៊ុន​នៅ​ទីនេះ

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ណែនាំ​ពី​របៀប​កត់​សម្គាល់​ផលិត​ផល​ JBL ក្លែង​ក្លាយ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ឆាណែល YouTube របស់ក្រុមហ៊ុន JBL។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ព័ត៌មាន​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​លក់​រាយ និង​ចែក​ចាយ​ផលិតផល​យីហោ JBL នៅ​កម្ពុជា មិន​បាន​លក់​បញ្ចុះ​តម្លៃ​រហូត​ដល់ ៦០​ភាគរយ​ដូច​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន​នោះ​ឡើយ។ សម្រាប់​ឱកាស​ពាក់​កណ្ដាល​ឆ្នាំ​នេះ ក្រុមហ៊ុន Nano Sound និង​ក្រុមហ៊ុន Kfour Group Ltd លក់​បញ្ចុះ​តម្លៃ​ត្រឹម ៣០​ភាគរយ​ប៉ុណ្ណោះ​សម្រាប់​ផលិត​ផល​ JBL។

Avatar

Title:ពាណិជ្ជកម្ម​បោក​បញ្ឆោត​ផ្សព្វផ្សាយ​ថា ផលិត​ផល JBL លក់​បញ្ចុះ​តម្លៃ​ដល់​៦០​ភាគរយ

Written By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *