
ខណៈពេលដែលរឿងអាស្រូវរបស់តារាចម្រៀងរ៉េប P-Diddy ត្រូវបានលាតត្រដាងឡើងជាច្រើននោះ វីដេអូឃ្លីបចាស់មួយរបស់តារាចម្រៀង Justin Bieber ក្នុងសភាពរសាប់រសល់រវើរវាយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា វាជាសភាពតារាចម្រៀងរូបនេះក្រោយពីចូលរួមកម្មវិធីរបស់លោក P-Diddy ហើយ។ វីដេអូជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា យើងរកឃើញថា ការផ្សព្វផ្សាយវីដេអូនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះវីដេអូឃ្លីបមួយដែលបង្ហាញតារាចម្រៀង Justin Bieber ស្ថិតក្នុងសភាពរវើរវាយ។ វីដេអូនេះត្រូវបានគេអះអាងថា វាសភាពរបស់តារាចម្រៀង Justin Bieber ក្រោយចូលរួមកម្មវិធី P-Diddy។
វីដេអូឃ្លីបខាងលើនេះ ត្រូវបានប្រតិកម្ម និងតាមដានយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់។
ខាងក្រោមនេះ គឺជាវីដេអូផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គម បន្ទាប់ពីព័ត៌មានអាស្រូវជាច្រើនរបស់តារាចម្រៀងរ៉េប P-Diddy ត្រូវបានចែកចាយយ៉ាងផុសផុល។
វីដេអូដូចគ្នានេះ ក៏ត្រូវបានបង្ហោះ និងចែករំលែកនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ដទៃទៀតផងដែរ។ ខាងក្រោមនេះ គឺជាវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ជាមួយនឹងសំណេររៀបរាប់ថា «វីដេអូកាលដែល Justin bieber នៅក្មេងបន្ទាប់ពីមកពីចូលរួមក្នុងកម្មវិធីរបស់ P-Diddy»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការរកមើលប្រភពដើមនៃវីដេអូ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
វីដេអូឃ្លីបដែលមានទិដ្ឋភាព និងសណ្ឋានដូចគ្នាទាំងស្រុង ត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើគេហទំព័រ Funny or Die បង្ហោះកាលពីខែមេសា ឆ្នាំ២០១០កន្លងទៅ។ គេហទំព័រដដែលខាងលើនេះ បានសរសេរបញ្ជាក់នៅក្នុងគេហទំព័ររបស់ខ្លួនថា នោះគឺជាទិដ្ឋភាពតារាចម្រៀង Justin Bieber ក្រោយពេលចាកចេញពីការព្យាបាលធ្មេញ ដែលតារាប្រុសវ័យក្មេងរូបនេះ នៅមានអារម្មណ៍ និងឥទិ្ធពលនៃការប្រើប្រាស់ថ្នាំស្ពឹក (Novocaine) ច្រើនពេក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ បង្ហាញទិដ្ឋភាព Justin Bieber ក្រោយពីព្យាបាលធ្មេញ។
Funny or Die Link | Archived Link
វីដេអូដូចគ្នានេះ ក៏ត្រូវបានរកឃើញ និងបង្ហោះនៅលើគេហទំព័រវីដេអូ YouTube ផងដែរ កាលពីខែមេសា ឆ្នាំ២០១០កន្លងទៅ ដោយមិនបានបញ្ជាក់ថា រឿងហេតុនេះកើតឡើងក្រោយតារាចម្រៀង Justin Bieber ចូលរួមកម្មវិធីរបស់ P-Diddy នោះទេ។
ខាងក្រោមនេះ គឺជាទិដ្ឋភាពទាំងស្រុងរបស់តារាប្រុសរូបនេះ ក្រោយពីចាកចេញពីការព្យាបាលធ្មេញ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការពិត វីដេអូឃ្លីបមួយនេះ បង្ហាញសភាបតារាចម្រៀង Justin Bieber ពេលចាកចេញពីពេទ្យធ្មេញ ដែលនៅមានអារម្មណ៍ និងឥទិ្ធពលនៃការប្រើប្រាស់ថ្នាំស្ពឹក (Novocaine) ច្រើនពេក។

Title: តើនេះជាវីដេអូ Justin Bieber ក្រោយចូលរួមកម្មវិធី P-Diddy មែនដែរឬទេ?
Fact Check By: Kakada SimResult: Misleading
