
ក្រសួងបរិស្ថានកម្ពុជា បានផ្សព្វផ្សាយទៅដល់មហាជនអំពីធនធានធម្មជាតិ និងជីវៈចម្រុះដ៏កម្ររបស់កម្ពុជាជាបន្តបន្ទាប់ តាមរយៈការបង្ហោះរូបថត វីដេអូ និងព័ត៌មានផ្សេងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា ក៏បានបង្ហោះនូវរូបថតពីរសន្លឹក ដែលបង្ហាញនូវសត្វពស់មួយប្រភេទ។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ អះអាងថា សត្វពស់នោះ ត្រូវបានគេហៅថា ពស់ត្បាល់។ ការអះអាងបែបនេះ ត្រូវបានចែករំលែកដល់ទៅរាប់រយដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា បន្ទាប់ពីការផ្ទៀងផ្ទាត់ជាមួយឯកសាររបស់អ្នកវិទ្យាសាស្ត្រ យើងបានរកឃើញថា ការអះអាងខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៥ ខែកញ្ញា ទំព័រហ្វេសប៊ុកមួយ Daily Feeds បានបង្ហោះរូបថតសត្វពស់ពីរសន្លឹកជាមួយការអះអាងថា វាគឺជាពស់ត្បាល ដែលអាចរស់នៅបានអាយុរាប់ពាន់ឆ្នាំ។ ទំព័រហ្វេសប៊ុកដដែលនេះ អះអាងថា សត្វពស់ប្រភេទនេះ រស់នៅក្នុងព្រៃជ្រៅ និងតាមល្អាងភ្នំធំៗ ដើម្បីចាប់សត្វធំៗធ្វើជាចំណីរបស់វា។ ជាងនេះទៅទៀត ទំព័រហ្វេសប៊ុកដដែលនេះ អះអាងថា មនុស្សនឹងបាត់បង់ជីវិត ប្រសិនបើចូលទៅដល់តំបន់រស់នៅរបស់ពស់ប្រភេទនេះ។
រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នារហូតដល់ទៅជិត ៦០០ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិផ្សេងៗផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើដែលអះអាងថា «នេះហើយពស់ត្បាល់ កាលសម័យមហានគរសំបូរ[សម្បូរ]ណាស់ ធំជាងដើមត្នោតក៏មានដែរ វាអា[ច]រស់បានរាប់ពាន់ឆ្នាំឯណោះ។ រាល់ថ្ងៃក៏មានដែរ វារស់នៅក្នុងព្រៃស្មឹង និងល្អាងភ្នំធំ ហើយជ្រៅមានដើមឈើធំៗមានទឹកជ្រៅជុំវិញ ដើម្បីវាងាយស្រួលចាប់ចំណី សត្វចតុបាតធំៗដូចជា ខ្លា ដំរី គោក្របីព្រៃ ឈ្លូស…។ សូម្បីតែមនុស្សក៏ដោយ តាហ៊ានចូលដល់តំបន់វាហើយ កម្រនឹងមានជីវិតអាចត្រឡប់មកវិញណាស់»។
ទំព័រហ្វេសប៊ុកខាងលើនេះ បានបង្ហោះរូបថត និងការអះអាងនេះបន្តពីអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់នៅក្នុងថ្ងៃតែមួយនោះ ដែលមានខ្លឹមសារដូចគ្នាទាំងស្រុង។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលក្រោយមកត្រូវបានលុបចោលវិញ។
ការអះអាងខាងលើនេះ ត្រូវចែករំលែកតៗគ្នាយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសង្គមដទៃទៀតកាលពីដើមខែកញ្ញានេះ បន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុកខាងលើនេះ បានបង្ហោះការអះអាងបែបនេះរួមជាមួយរូបថតសត្វពស់មួយប្រភេទនេះផងដែរនោះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបថតរបស់ Google ដែលនាំឱ្យយើងបានជួបរូបថត និងព័ត៌មានលម្អិតអំពីសត្វល្មូនមួយប្រភេទនេះផងដែរ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងច្រើននៅលើបណ្ដាញអ៊ិនធឹណិត។
គេហទំព័រ zoothailand.org នៃសួនសត្វតុសិតរបស់ប្រទេសថៃ បានឱ្យដឹងថា ពស់មួយប្រភេទនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រហៅថា Acrochordus Javanicus ហើយនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសកម្ពុជា និងថៃ ហៅពស់នេះថា «ប្រមោយដំរី» ឬជាភាសាអង់គ្លេស «Elephant trunk snake»។
គេហទំព័រសួនសត្វតុសិត បានរៀបរាប់ថា ពស់ប្រមោយដំរីនេះ មានក្បាលតូចសំប៉ែត និងមានរូបរាងខ្លី និងដូចមានពងពេញពោះអ៊ីចឹង។ រូបរាងពស់មួយប្រភេទនេះ មិនរលោងនោះឡើយ ដោយវាមានស្បែកគគ្រីតគគ្រាត។ ប្រសិនបើវាបណ្ដែតខ្លួនលើទឹក រូបរាងវាមានពណ៌បែបលឿង ហើយបើនៅក្រោមទឹកវិញ វាបង្ហាញពណ៌ត្នោតក្រមៅ។
ពស់ប្រមោយដំរីនេះ មានទម្លាប់រស់នៅក្នុងទឹកសាប និងតំបន់ល្បាប់ប្រៃនៃទន្លេ ដឹងស្ទឹង និងដៃទន្លេ។ ពស់ប្រភេទនេះ ត្រូវបានគេប្រទះឃើញរស់នៅក្នុងប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជា កម្ពុជា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងអូស្ត្រាលីជាដើម។
ពស់ប្រភេទនេះ រស់នៅដោយពឹងលើការស៊ីត្រី និងសត្វដទៃទៀតដែលរស់នៅក្នុងទឹក ធ្វើជាចំណីរបស់ខ្លួន ហើយជាធម្មតាតែងតែចេញរកចំណីនៅពេលយប់។
ពស់ប្រមោយដំរី អាចពងកូនម្ដងបាន ២០ ទៅ ៣០កូន ហើយកូនពស់តូចៗទាំងនោះ មានប្រវែងប្រហែល ២៩សង់ទីម៉ែត្រ និងអាចរកចំណីដោយខ្លួនឯងភ្លាមៗ បន្ទាប់ពីកើតហើយ។ នៅពេលវាចាប់ត្រីស៊ី វាតែងតែប្រើកន្ទុយរបស់វាបុកដីភក់ ឬក៏ព្យាយាមរកស្អីមួយសម្រាប់រក្សាទុកត្រីនោះ។
ជាទូទៅ ពស់នេះរស់នៅផ្ស៊ាំខ្លួនតែក្នុងទឹកប៉ុណ្ណោះ ហើយវាមិនកាចសាហាវ និងគ្មានពិសនោះឡើយ។ ប្រសិនបើគេចាប់វាដាក់លើគោក វាអត់ធ្វើចលនាទេ ប្រៀបដូចស្លាប់អ៊ីចឹង។
Dusit Zoo of Thailand | Archived
គេហទំព័រសារមន្ទីរជីវៈចម្រុះនៃសាកលវិទ្យាល័យមីហ្ស៊ីហ្គែនរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ពស់ប្រមោយដំរីឈ្មោល មានប្រវែងវែងបំផុតត្រឹមតែ ៥ហ្វីត(ប្រហែល ១.៥ម៉ែត្រ)ប៉ុណ្ណោះ ប៉ុន្តែ ពស់ប្រមោយដំរីញី មានទំហំធំជាងដោយអាចមានប្រវែងរហូតដល់ ៨ហ្វីត (ប្រហែល ២.៥ម៉ែត្រ)។ ពស់ប្រមោយដំរីអាចមានទម្ងន់ចន្លោះពី ៣ ទៅ ១០គីឡូក្រាម។
បើទោះបីជាកាចសាហាវចឹកមនុស្ស និងគ្មានពិសក្ដី ប៉ុន្តែ ធ្មេញវាងាយនឹងបាក់ណាស់ ហើយប្រសិនបើវាកប់ជាប់នឹងសាច់យើង វាធ្វើឱ្យយើងឈឺចុកចាប់ខ្លះដែរ។
ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញថា ពស់ប្រមោយដំរីនេះ អាចរស់បានត្រឹមចន្លោះពី ៤ ទៅ ៦ឆ្នាំប៉ុណ្ណោះ ហើយស្បែកវាមានតម្លៃសម្រាប់យកផលិតជាផលិតធ្វើពីស្បែកពស់ ដែលជាមូលហេតុនាំឱ្យចំនួនពស់ប្រភេទនេះ បានធ្លាក់ចុះរហូតមកដល់សព្វថ្ងៃនេះ។
លោកអ្នកអាចអានព័ត៌មានលម្អិតអំពីពស់ប្រមោយដំរីនេះបានតាមរយៈគេហទំព័រសារមន្ទីរជីវៈចម្រុះនៃសាកលវិទ្យាល័យមីហ្ស៊ីហ្គែន នៅសហរដ្ឋអាមេរិក ដែលមានតំណភ្ជាប់នៅទីនេះ animaldiversity.org ឬតំណភ្ជាប់ដែលត្រូវបានរក្សាទុក archived ឬក៏អានព័ត៌មានលម្អិតបន្ថែមនៅគេហទំព័រសួនអភិរក្សសត្វព្រៃតុសិត ប្រទេសថៃ តាមរយៈតំណភ្ជាប់ zoothailand.org | Archived។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ពស់មួយប្រភេទនេះ មិនមែនជាពស់ត្បាល់នោះឡើយ។ ការពិត ពស់មួយប្រភេទនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រហៅថា Acrochordus Javanicus ឬខ្មែរយើងហៅថា ពស់ប្រមោយដំរី (Elephant trunk snake) ។ វាអាចរស់បានចន្លោះពី ៤ ទៅ ៦ឆ្នាំប៉ុណ្ណោះ ហើយរស់នៅតែក្នុងទឹកប៉ុណ្ណោះ។ ពស់ប្រភេទនេះ ស៊ីត្រី កង្កែប និងសត្វដែលរស់នៅក្នុងទឹកជាចំណីរបស់វា ហើយវាមិនកាចសាហាវ និងគ្មានពិសនោះឡើយ។
