កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ព័ត៌មាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ បាន​និយាយ​ថា​ ក្រុម​ហ៊ុនផលិត​រថយន្ត​របស់​ជប៉ុន​ Suzuki នឹង​បិទ​រោង​ចក្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​ ដោយសារ​ការ​លក់​​ធ្លាក់​ចុះ​​ដែល​បណ្ដាល​មក​ពី​ការ​ហូរ​ចូល​ដ៏ច្រើន​នៃ​​រថយន្ត​ចិន​ចូល​ទៅ​ក្នុង​ទីផ្សារប្រទេស​មួយ​នេះ​។​ ព័ត៌មាន​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​សារ​ ដែល​បាន​អះអាង​ជា​ភាសា​ខ្មែរ​ថា​ រោងចក្រ​ និង​ក្រមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ Suzuki នឹង​បញ្ឈប់​ប្រតិបត្តិការ​របស់ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃឆ្នាំ​ក្រោយ​ (២០២៥​)​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ផង​ដែរ​ថា​ មូលហេតុ​នៃ​ការ​បិទ​រោង​ចក្រ​ផលិត​នៅ​ក្នុង​ប្រទេស​ថៃ​នេះ​ គឺ​ដោយ​សារ​តម្រូវការ​លក់​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​ និង​មាន​ការ​ប្រកួត​ប្រជែង​ទីផ្សារ​រថយន្ត​ចិន​ច្រើន​។​

Facebook Post | Archived Link

សារ​អះអាង​ស្រដៀង​គ្នា​បែប​នេះ​ ត្រូវបាន​រក​ឃើញ​ និង​ចែកចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​ បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​ ដោយ​បាន​លើក​ឡើង​ថា​ ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន​ គ្រោង​នឹង​បិទ​រោងចក្រ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​។​​

ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​

Facebook Post | Archived Link

Facebook Post | Archived Link

ដូច​គ្នា​នេះ​ ការ​អះអាង​ខាងលើ​​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​​យ៉ាង​ទូលំ​ទូលាយ​ក្នុង​ចំណោម​គេហទំព័រ​សារព័ត៌មាន​ផង​ដែរ​។​

Penh Chet Media News Report | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ខ្លួន​ តាម​រយៈ​ព័ត៌មាន​ថ្មី​ៗ​ចុង​ក្រោយ​ និង​ការ​ប្រកាស​ច្រាន​ចោល​របស់​ក្រុម​ហ៊ុន​ Suzuki ផ្ទាល់​។​

កាល​ពី​ថ្ងៃ​ទី​​១៨​ ខែ​ឧសភា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ ក្រុម​ហ៊ុន​ Suzuki Motors Thailand​ បាន​ចេញ​សេចក្ដី​ប្រកាស​ជូន​ដំណឹង​ជា​ផ្លូវ​ការ​មួយ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់ខ្លួន​ ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាង​មិន​ត្រឹម​ត្រូវ​មួយ​ ដែល​បាន​ធ្វើឡើង​ និង​ចែក​ចាយ​ជាច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​

នៅ​ក្នុង​សេចក្តី​ប្រកាស​បដិសេធ​​ ក្រុម​ហ៊ុន​ Suzuki Motors បាន​បញ្ជាក់​ផង​ថា​ កាល​ពី​ថ្មី​ៗ​នេះ​ មាន​ព័ត៌មាន​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ទាក់​ទង​ទៅ​នឹង​ប្រតិបត្តិការ​របស់​ខ្លួន​ ដែល​ត្រូវ​បាន​ប្រកាស​បិទ​ទ្វារនៅ​ក្នុង​ប្រទេស​ថៃ​។​

ក្រុមហ៊ុនដដែល​​ខាង​លើ​ ក៏​បាន​បញ្ជាក់​ថា​ ព័ត៌មាន​នោះ​ គឺ​មិន​មែន​ជា​ការ​ពិត​នោះឡើយ​។​ ក្រុម​ហ៊ុន​ Suzuki Motors Thailand នៅ​តែ​មាន​ផែនការ​រយៈពេល​វែង​ ដើម្បី​ណែនាំ​រថយន្ត​ស៊េរី​ថ្មី​ ឆ្នាំ​២០២៥​ និង​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​។​

ខាង​ក្រោម​នេះ​ គឺ​ជា​ការច្រាន​ចោល​ និង​បកស្រាយ​ទាំង​ស្រុង​របស់ក្រុម​ហ៊ុន​។​

Facebook Link | Archived Link

ដូច​គ្នា​នេះ​ ទាក់​ទិន​ទៅ​នឹង​ការ​បិទ​ជា​បន្ត​បន្ទាប់​របស់​ហាង​លក់​រថយន្ត ​Suzuki មួយ​ចំនួន​ គឺ​ដោយ​សារ​តែ​ដំណើរ​ការ​អាជីវកម្ម​របស់​ឈ្មួញ​នីមួយ​ៗ​ បាន​ជួប​ប្រទះ​ និង​មាន​បញ្ហា​ហរិញ្ញវត្ថុ​ ការ​ធ្លាក់​ចុះ​នៃ​ការ​លក់​ ឬ ការ​ផ្លាស់​ប្ដូរ​ទៅ​រកស៊ី​លក់​រថយន្ត​អគ្គិសនី​របស់​ចិន​​។​

HeadLight Magazine | Archived Link

តើ​ក្រុមហ៊ុន Suzuki ចាប់​ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ​តាំង​ពី​ពេល​ណា​?

ក្រុមហ៊ុន​ Suzuki Motor Corporation ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ មក​ពី​ប្រទេស​ជប៉ុន​ បាន​បង្កើត​ និង​ចុះ​បញ្ជី​ក្រុមហ៊ុនខ្លួន​​ Suzuki Motor (Thailand) Co., Ltd នៅ​ថ្ងៃ​ទី​០១ ខែ​សីហា​ ឆ្នាំ​២០១១​កន្លង​ទៅ​។

ក្រុមហ៊ុន​នេះ​ បាន​កំណត់​គោល​ដៅ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ថៃ​ សម្រាប់​រថយន្ត​គុណភាព​ខ្ពស់​ជាច្រើន​ប្រភេទ​ ហើយ​បាន​ចាប់ផ្តើម​រោងចក្រ​ផលិត​របស់​ខ្លួន​នៅ​ក្នុង​ស្រុក​ Pluak Daeng ខេត្ត​ Rayong ដែល​ជាកា​រកត់​សម្គាល់​ការ​ចាប់​ផ្តើម​នៃ​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​មួយ​នេះ​ នៅ​ក្នុង​ប្រទេស​ថៃ​។

Suzuki Motors Link | Archived Link

ករណី​នៃ​ការ​អះអាង​ខាង​លើ​​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ និង​ត្រួត​ពិនិត្យ​ការ​ពិត​ ដោយ​ក្រុម​ការងាររបស់​យើង​​ Fact Crescendo នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​ ដោយ​បាន​រក​ឃើញ​ថា​ ការ​អះអាង​ខាង​លើ​នេះ​ គឺមិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

Fact Crescendo Thailand | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ក្រុម​ហ៊ុន​ Suzuki Motors បាន​ច្រាន​ចោល​ចំ​ពោះ​ការ​លើក​ឡើង​ថា​ខ្លួន​នឹង ​បិទ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ថៃ​ និងថែម​ទាំង​មាន​ផែនការ​រយៈ​ពេល​វែង​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​។​

Avatar

Title:Suzuki ច្រាន​ចោល​ព័ត៌មាន​ថា​ ក្រុមហ៊ុន​គ្រោង​បញ្ឈប់​ប្រតិបត្តិការ​​នៅ​ថៃ​

Fact Check By: Kakada Sim

Result: Misleading