រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ សែន​ និង​ភរិយា​ស្ថិត​នៅ​ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ជា​រូប​ថត​កាត់​ត​

Altered Political

រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ត្រូវ​បាន​កាត់​ត​ជារឿយៗ និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​លោក​ ហ៊ុន​ សែន​ និង​លោក​ស្រី​ ប៊ុន​ រ៉ា​នី​ ដែល​ត្រូវ​ជា​ភរិយា​របស់​លោក​ ស្ថិត​នៅ​ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ ចែក​ចាយ​តៗ​គ្នា​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី២២​​​ ខែធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​លោក​ស្រី​ ប៊ុន​ រ៉ានី​ នៅ​ក្នុង​សម្លៀក​បំពាក់​ជន​ជាប់​ពន្ធ​នាគារ​​។​ រូប​ថត​នេះ​ បាន​ភ្ជាប់​ដោយ​សំណេរ​ថា​ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​»​ ដោយ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ក៏​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ថា​ «ឈ្នះ​ជា​ស្តេច​ ចាញ់​ជា​ចោរ​ ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ ចេះ​ឯង​អោយ​ [ឲ្យ​] ក្រែង​ចេះ​គេ​ វា​គ្មាន​អ្វី​ស្ថិត​ស្ថេរ​ទេ​ ថ្ងៃ​នេះ​អ្នក​ឯង​មាន​អំណាច​ដើរ​ធើ​ [ធ្វើ​] បាប​គេ​ ថ្ងៃ​ក្រោយ​គេ​និង​ធើ​ [ធ្វើ​] បាប​ឯង​ និង​គ្រួសារ​វិញ​ហើយ​ អា​គុក​!»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ គេហ​ទំព័រ​សារ​ព័ត៌​មាន​ដើម​ត្នោត​ ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មករា​ ឆ្នាំ​២០១៨​កន្លង​ទៅ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​សារ​ព័ត៌​មាន​ខាង​លើ​ ពុំ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​ភរិយា​របស់​លោក​នោះ​ឡើយ​។​

Deum Tnot News Report | Archived Link

កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ គេហ​ទំព័រ​សារ​ព័ត៌​មាន​ ខ្មែរ​តែ​មួយ​ ក៏​បាន​ចុះ​ផ្សព្វ​ផ្សាយ​ អំពី​ទិដ្ឋ​ភាព​ការ​នាំ​ខ្លួន​របស់​លោក​ មាជ​ សុវណ្ណារ៉ា​ និង​លោក​ អ៊ុក​ ពេជ្រ​សំណាង ទៅ​កាន់​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ឆ្នាំ​២០១៧​ និង​ពុំ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​លោក​ ហ៊ុន​ សែន​ និង​ភរិយា​របស់​លោក​នោះ​ទេ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​សារ​ព័ត៌​មាន​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «លោក​ មាជ​ សុវណ្ណារ៉ា​ និង​សកម្មជន​CNRP​ទាំង​១០​នាក់​ រួម​មាន​ឈ្មោះ​ អឿ​ ណារិន​, ឃិន​ រឿន​ ហៅ​ ឃិន​ ចំរើន​,នាង​ សុឃុន​, សាន​ គឹម​ហេង​, ស៊ុ​ ពុទ្ធី​, កែ​ ឃីម​ ហៅ​ វិន​ ឌី​, ទេព​ ណារិន​, អាន​ បឋម​ ហៅ​ សុខុម​, សាន​ សីហៈ​ និង​លោក​ អ៊ុក​ ពេជ្រ​សំណាង​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កក្កដា​ ឆ្នាំ​២០១៥​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ដល់​២០​ឆ្នាំ​ ពាក់ព័ន្ធ​នឹង​ហិង្សា​ នៅ​ក្បែរ​ទី​លាន​ប្រជាធិបតេយ្យ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៤​»។​

Khmer Unity Link | Archived Link

ជាមួយ​គ្នា​នេះ​ដែរ​ តាម​រយៈ​គេហ​ទំព័រ​សារ​ព័ត៌​មាន​ Grand News Asia ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០១៧​ ក៏​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​លោក​ មាជ​ សុវណ្ណារ៉ា លើក​ដៃ​ពីរ​ និង​លោក​ អ៊ុក​ ពេជ្រ​សំណាង​ នៅ​ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «សាលា​ឧទ្ធរណ៍​បាន​សម្រេច​លើក​ពេល​សវនាការ​ កាត់​ទោស​លោក​ មាជ​ សុវណ្ណារ៉ា​ រួម​ទាំង​សកម្ម​ជន​គណបក្ស​ប្រឆាំង​១០​នាក់​ផ្សេង​ទៀត​ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ ហិង្សា​នៅ​លើ​ស្ពាន​នាគ​ ក្បែរ​ទី​លាន​ប្រជា​ធិបតេយ្យ​ កាល​ពី​ឆ្នាំ​២០១៤​»។​

Grand News Asia Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ទេ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ​ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ត្រូវ​បាន​ស្គាល់​ថា​ជា​រូប​លោក​ មាជ​ សុវណ្ណារ៉ា​ និង​លោក​ អ៊ុក​ ពេជ្រ​សំណាង​ នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ បញ្ជូន​ទៅ​កាន់​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មេសា​ ឆ្នាំ​២០១៧​។​

Avatar

Title:រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ សែន​ និង​ភរិយា​ស្ថិត​នៅ​ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *