តើ​រូបថត​នេះ​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន​ចូល​រួម​ប្រយុទ្ធ​ជាមួយ​កង​ទ័ព​ប្រឆាំង​នឹង​រុស្ស៊ី​មែន​ទេ?

False International

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ រុស្ស៊ី​បាន​បញ្ជា​ឱ្យ​កង​ទ័ព​របស់​ខ្លួន​ចូល​ឈ្លាន​ពាន​ទឹក​ដី​អ៊ុយក្រែន​ពី​គ្រប់​ទិស​ដៅ​ទាំង​អស់។ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ឈ្លាន​ពាន​នេះ​កើត​ឡើង រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន លោក Volodymyr Zelenskyy ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​​ថា មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ បាន​ដោះ​សម្លៀក​បំពាក់​ស៊ីវិល​ចេញ ហើយ​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា ដើម្បី​ចូលរួម​ប្រយុទ្ធ​ជាមួយ​កង​ទ័ព​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់​យើង បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

នៅ​ថ្ងៃ​សុក្រ​នេះ ១​ថ្ងៃ​ក្រោយ​ពី​រុស្ស៊ី​បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​រូបថត​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ស្ថិត​ក្នុង​សម្លៀក​បំពាក់​យោធា។

ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម អះ​អាង​ថា មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ បាន​ដោះ​សម្លៀក​បំពាក់​ស៊ីវិល​ចេញ ហើយ​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា ដើម្បី​ចូលរួម​ប្រយុទ្ធ​ជាមួយ​កង​ទ័ព​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​រូបថត​ដែល​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា។

ទំព័រ​ហ្វេសប៊ុក I’mYour Selly បាន​សរសេរ​រៀបរាប់​ទៅ​លើ​រូបថត​នេះ​ថា «នេះ​គឺ​ជា​ប្រធានាធិបតី​អ៊ុយក្រែន Zelenskyy។ លោក​បាន​ពាក់​ឯក​សណ្ឋាន​យោធា​ដើម្បី​ចូលរួម​ជាមួយ​កង​ទ័ព​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ការពារ​មាតុ​ភូមិ​អ៊ុយក្រែន។ True Leader»។

FACEBOOK POST | ARCHIVED

​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត បាន​សរសេរ​រៀប​រាប់​ថា «[…] ប្រធានាធិបតី Zelenskyy បាន​លើក​អាវុធ និង​ចូល​រួម​ជាមួយ​កង​ទ័ព​ដើម្បី​ទប់​ទល់​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ […]»។

FACEBOOK POST | ARCHIVED

ចំណែក​ឯ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ Hananya Naftali បាន​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា “This is the President of Ukraine Zelensky. He took off his clothes and put on a military uniform to join the troops in fighting to protect the Ukrainian homeland. He is a true leader.”

ឃ្លា​នេះ​អាច​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា «នេះ​គឺ​ជា​ប្រធានាធិបតី​អ៊ុយក្រែន Zelensky។ គាត់​បាន​ដោះ​សម្លៀក​បំពាក់​គាត់​ចេញ ហើយ​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​ ​ចូលរួម​ប្រយុទ្ធ​ជាមួយ​កង​ទ័ព ដើម្បី​ការពារ​មាតុ​ភូមិ​អ៊ុយក្រែន។ លោក​ជា​មេដឹកនាំ​ពិត​ប្រាកដ»។

ការ​អះ​អាង​របស់​ទំព័រ​ហ្វេសប៊ុក​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​រហូត​ដល់ជិត ៣​ម៉ឺន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយការ​បញ្ចេញ​មតិ​ដល់​ជាង ២,៥០០​ដង​។

FACEBOOK POST | ARCHIVED

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ និង​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​​យើង​បាន​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​ឃ្លាំង​រូបថត​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក AP ដែល​រៀបរាប់​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ស្ថិត​ក្នុង​សម្លៀក​បំពាក់​យោធា ធ្វើ​ដំណើរ​តាម​លេនដ្ឋាន​ ខណៈ​ដែល​លោក​ចុះ​ទៅ​ពិនិត្យ​មើល​​តំបន់​ Donetsk ជា​តំបន់​កំពុង​រង​ភ្លើង​សង្គ្រាម។

បើតាម AP មេដឹកនាំ​​អ៊ុយក្រែន​រូប​នេះ បាន​ចុះ​ទៅ​តំបន់​រង​ភ្លើង​សង្គ្រាម​ស្ថិត​នៅ​ខាង​កើត​ប្រទេស​របស់​លោក កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​មក​នេះ ហើយ​ទីភ្នាក់ងារ​ព័ត៌មាន AP បាន​ទទួល​រូបថត​នេះ​ពី​ការិយាល័យ​ព័ត៌មាន​របស់​ប្រធានាធិបតី​អ៊ុយក្រែន។

AP IMAGES | ARCHIVED

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​ Getty Images ដែល​បាន​រៀបរាប់​ថា មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​ទីតាំង​ជួរ​មុខ​នៃ​កង​ទ័ព​អ៊ុយក្រែន ស្ថិត​នៅ​ក្នុង​តំបន់ Donbass កាល​​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ​ឆ្នាំ​មុន។

GETTY IMAGES| ARCHIVED

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​នេះ មិន​មែន​បង្ហាញ​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ចូលរួម​ជាមួយ​កង​ទ័ព​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា ចុះ​ទៅ​ពិនិត្យ​មើល​តំបន់​ជួរ​មុខ​នៃ​កង​ទ័ព​អ៊ុយក្រែន ស្ថិត​នៅ​ក្នុង​ Donbass ជា​តំបន់​រង​ភ្លើង​សង្គ្រាម កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​មក​នេះ។

Avatar

Title:តើ​រូបថត​នេះ​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន​ចូល​រួម​ប្រយុទ្ធ​ជាមួយ​កង​ទ័ព​ប្រឆាំង​នឹង​រុស្ស៊ី​មែន​ទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *