
ខណៈដែលតារាសម្ដែងជើងចាស់ Andy Lau ឬប្រជាជនកម្ពុជាយើងភាគច្រើនស្គាល់ថា លី តាវហួរ តែងតែជាទីចាប់អារម្មណ៍របស់មហាជនជានិច្ច ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា តារាសម្ដែងហុងកុងរូបនេះ បានទទួលមរណភាព។ ការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតមួយសន្លឹករបស់តារាសម្ដែងភាពយន្តហុងកុង លោក លី តៅហួរ ជាមួយសំណេរ«R.I.P» ដែលមានន័យថា លោកបានទទួលមរណភាពហើយ។
ការអះអាងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្តាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក ដែលបានសរសេររៀបរាប់ថា «RIP សង្ខាមិនទៀង ចូរសន្សំកុសល»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀតផ្ទាត់លើការអះអាងមួយនេះ តាមរយៈសេចក្ដីរាយការណ៍បណ្តាសារព័ត៌មានអន្តរជាតិ ដែលនាំឲ្យយើងទទួលបានខ្លឹមសារនៃការពិតដូចខាងក្រោម។
ដំណឹងមរណភាពរបស់តារាសម្ដែងកំពូលម្នាក់នេះ គួរតែត្រូវបានប្រកាសជាផ្លូវការ និងផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននានា ឬតាមរយៈក្រុមគ្រួសាររបស់ខ្លួនផ្ទាល់។
សេចក្ដីរាយការណ៍របស់សារព័ត៌មាន Media Mass កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បានបញ្ជាក់ថា តារាសម្ដែងហុងកុងម្នាក់នេះ ពុំបានទទួលមរណភាពនោះឡើយ ហើយលោកបានកំពុងក្លាយទៅជាផ្ទាំងស៊ីប ដោយត្រូវបានគេអះអាងថា ស្លាប់នៅតាមបណ្ដាញសង្គមនាពេលថ្មីៗនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានបញ្ជាក់ជាភាសាអង់គ្លេស ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «តារាសម្ដែងលោក លី តៅហួរ ឬ Andy Lau គឺជាតារាសម្ដែងចុងក្រោយថ្មីៗដែលបានធ្លាក់នូវការអះអាងប្រឌិតរបស់អ្នកប្រើប្រាស់បណ្ដាញសង្គម ដែលថាលោកបានទទួលមរណភាពហើយ»។

Media Mass Link | Archived Link
ដូចគ្នានេះ គេហទំព័រសារព័ត៌មាន Malay Mail ចេញផ្សាយកាលពីពេលថ្មីៗ ក៏បានបង្ហាញទិដ្ឋភាពរូបលោក លី តៅហួរ នៅតាមដងផ្លូវមួយនៅក្នុងប្រទេសចិនផងដែរ ក្រោយពីលោកបានចូលរួមថតសម្ដែងរឿងថ្មីរបស់លោក ដែលមានចំណងជើងថា «Operation Moscow»។

Malay Mail Link | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថត និងការអះអាងដោយអ្នកប្រើប្រាស់ខាងលើនោះ គឺពិតជាមិនត្រឹមត្រូវនោះឡើយ។ តារាសម្ដែងភាពយន្តហុងកុង លោក លី តៅហួរ នៅរស់រានមានជីវិតជាធម្មតា និងពុំបានទទួលមរណភាពដូចការអះអាងនោះឡើយ។

Title:តារាសម្ដែងហុងកុង លី តាវហួរ នៅរស់រានមានជីវិតធម្មតាមិនដូចការអះអាងនោះឡើយ
Fact Check By: Kakada SimResult: False
