ខណៈ​ដែល​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស​បាន​ផ្ទុះ​ឡើង​ជា​ច្រើន​ថ្ងៃ​មក​ វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​កុមារ​​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក​ ត្រូវ​បាន​បង្ហោះ​​ឡើង​ដោយ​ទំព័រ​ហ្វេសប៊ុក​ជា​ច្រើន​ ដោយ​ភ្ជាប់​ថា ​ទិដ្ឋភាព​នោះ​ គឺ​ជា​លទ្ធផល​នៃ​សង្គ្រាម​​ខាង​លើ​។​​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​​ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​តុលា ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ដែល​មាន​រយៈ​ពេល ៣៨​វិនាទី​ ​បង្ហាញ​​ក្មេង​ម្នាក់​​ជាប់​នៅ​ក្រោម​គំនរ​បែក​បាក់​នៃ​អគារ​មួយ​កន្លែង​។​ វីដេអូ​ឃ្លីប​នោះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​ ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​

ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «ក៏​ព្រោះ​តែ​វីដេអូ​នេះ​ មក​ពី​ប្រទេស​ប៉ាឡេស្ទីន​ ទើប​គ្មាន​ព័ត៌មាន​ណា​ចុះ​ផ្សាយ​»។​

Facebook Post | Archived Link

ការលើក​ឡើង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​។​

Facebook Post | Archived Link

វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

វីដេអូ​ឃ្លីប​ដែល​មាន​ទិដ្ឋភាព​ និង​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters ដែល​ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​ គេហទំព័រ​ដដែល​ខាង​លើ​ ពុំ​បាន​បញ្ជាក់​ថា​នោះ​ គឺជា​ទិដ្ឋភាព​ជន​រងគ្រោះ​ ដែល​ជា​លទ្ធផល​នៃ​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ហាម៉ាស​ប៉ាឡេស្ទីន​ កាល​ពី​ពេល​ថ្មី​ៗ​នោះ​ឡើយ​។​

ផ្ទុយ​ទៅ​វិញ​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ទាញ​យក​ និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​កុមារ​ម្នាក់​ ដែល​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក​នៅ​ក្នុង​ទីក្រុង​ Aleppo ប្រទេស​ស៊ីរី​ ក្រោយ​ពី​មាន​គ្រោះ​រញ្ជួយ​ដី​ ដែល​បាន​កើត​ឡើង​ កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៣​កន្លង​ទៅ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ត្រូវ​បាន​រាយ​ការណ៍​ដោយ​គេហទំព័រ​ទីភ្នាក់​ងារ​ព័ត៌មាន​ខាង​លើ​។​

https://reut.rs/40Oiveo

Reuters Link | Archived Link

ដូច​គ្នា​នេះ​ ករណី​ខាង​លើ​ ក៏​ត្រូវ​បាន​រាយ​ការណ៍​ និង​ផ្សព្វ​ផ្សាយ​ដោយ​ The Telegraph​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube របស់​ខ្លួន​ផង​ដែរ​ ដោយ​​ពុំ​បាន​បញ្ជាក់​ថា​ នោះ​គឺជា​លទ្ធ​ផល​នៃ​សង្គ្រាម​រវាង​អ៊ីស្រាអែល​ និង​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន​នា​ពេល​ថ្មី​ៗ​នេះ​ទេ​។​

The Telegraph | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​​វីដេអូ​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​ វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ទាញ​យក និង​ជួយ​សង្គ្រោះ​កុមារ​​ម្នាក់​ ដែល​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក​នៅ​ក្នុង​ទីក្រុង​ Aleppo ប្រទេស​ស៊ីរី​ ពី​គ្រោះ​រញ្ជួយ​ដី​ កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២៣​កន្លង​ទៅ​។​

Avatar

Title:កុមារ​រង​​​​គ្រោះ​រញ្ជួយ​ដី​នៅ​ស៊ីរី​​​ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹងសង្គ្រាម​អ៊ីស្រាអែល​-ហាម៉ាស់

Written By: Kakada Sim

Result: False