
បន្ទាប់ពីអ្នកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែលជាប្អូនថ្លៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាពកាលពីដើមកុម្ភៈកន្លងមកនោះ រូបថត ២សន្លឹកដែលបង្ហាញទិដ្ឋភាពមនុស្សស្រីក្នុងឈុតសម្លៀកបំពាក់ប្រពៃណីវៀតណាម និងឈរតម្រង់ជួរនៅមុខព្រះបរមរាជវាំងនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងការអះអាងថា នារីវៀតណាមទាំងនោះចូលរួមដង្ហែរសពអ្នកស្រី ប៊ុន សុថា។ ការបង្ហោះបែបនេះ ត្រូវបានចែកចាយ និងបញ្ចេញមតិចម្រុះពីអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងផុសផុល។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia បានរកឃើញថា ការអះអាងទៅលើរូបថតទាំងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
រូបថត ២សន្លឹកដែលបង្ហាញក្រុមនារីស្លៀកពាក់ឈុតប្រពៃណីវៀតណាម និងឈរជាជួរនៅមុខព្រះបរមរាជវាំងនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍មុន នៅចំពេលដែលអ្នកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនបង្កើតរបស់ភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាព។
រូបថតទាំងពីរសន្លឹកនេះ ត្រូវបានគណនីហ្វេសប៊ុកមួយអះអាងថា ក្រុមនារីស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីវៀតណាមទាំងនោះ ឈរជូនដំណើរសពរបស់ប្អូនថ្លៃលោក ហ៊ុន សែន ដែលត្រូវបានដង្ហែរទៅបញ្ចុះនៅក្នុងបរិវេណវត្តបទុមវតី ស្ថិតនៅប៉ែកខាងត្បូងព្រះបរមរាជវាំង។
ការបង្ហោះរូបថតជាមួយសំណេររៀបរាប់បែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់ទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេរថា «ពួកហាណូយ រៀបចំជូនដំណើរប្អូនស្រី ប៊ុនរ៉ានី ជាលើកចុងក្រោយ»។

ដូចគ្នានេះ រូបថតភ្ជាប់ដោយការអះអាងខាងលើ ក៏ត្រូវបានរកឃើញ និងចែកចាយដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។ សូមមើលនៅទីនេះ ឬតាមតំណភ្ជាប់ត្រូវបានរក្សាទុកនៅទីនេះ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបភាពផ្ដាម និងការអះអាងខាងលើនេះ តាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹក ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុង គឺត្រូវបានរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះដោយទំព័រហ្វេសប៊ុកមួយកាល៧ឆ្នាំមុន ដែលបញ្ជាក់ថា រូបថតខាងលើ មិនមែនជាទិដ្ឋភាពការដង្ហែសពរបស់អ្នកស្រី ប៊ុន សុថា កាលពីពេលថ្មីៗនោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ស្រុកខ្មែរ មិនមែនស្រុកយួនទេ»។

រូបថតមួយផ្សេងទៀត ផ្សព្វផ្សាយដោយ VOV World កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ក៏បានបង្ហាញទិដ្ឋភាពក្រុមមនុស្សស្រី ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីវៀតណាម បានឈរស្វាគមន៍លោក Tran Dai Quang ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។

VOV World News Report | Archived Link
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុងនៃប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Tran Dai Quang នៅព្រះបរមរាជវាំងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។
Press OCM Link | Archived Link
ពិធីបញ្ចុះសពអ្នកស្រី ប៊ុន សុថា ត្រូវបានដង្ហែពីគេហដ្ឋានក្នុងខណ្ឌទួលគោក យកទៅកាន់ទីបញ្ចុះនៅវត្តបទុមវតី កាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍មុន ដោយពុំបានបង្ហាញទិដ្ឋភាពក្រុមមនុស្សឈរនៅពីមុខ ព្រះបរមរាជវាំង ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីវៀតណាមនោះឡើយ។

Nokorwat News Report | Archived Link
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថារូបថតភ្ជាប់ដោយសំណេរខាងលើ មិនត្រឹមត្រូវនោះឡើយ។ រូបថតខាងលើនេះ មិនមែនជារូបភាពមួយផ្នែកនៃការដង្ហែសពរបស់អ្នកស្រី ប៊ុន សុថា កាលពីពេលថ្មីៗនោះឡើយ។ ការពិត រូបថតនេះ គឺជាក្រុមនារីស្លៀកពាក់សម្លៀកបំពាក់វៀតណាម ឈរស្វាគមន៍ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាម លោក ដែលបានចូលគាល់ព្រះមហាក្សត្រកម្ពុជានៅព្រះបរមរាជវាំងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។

Title:តើក្រុមស្ត្រីស្លៀកពាក់ឈុតវៀតណាមនេះចូលរួមដង្ហែរសពប្អូនថ្លៃលោក ហ៊ុន សែន មែនឬទេ?
Fact Check By: Kakada SimResult: False
