តើ​ក្រុម​ស្ត្រី​ស្លៀក​ពាក់​ឈុត​វៀតណាម​នេះ​ចូល​រួម​ដង្ហែរ​សព​ប្អូន​ថ្លៃ​លោក ហ៊ុន សែន មែន​ឬទេ?

False Political

​បន្ទាប់​ពី​អ្នកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ដែល​ជា​ប្អូន​ថ្លៃ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល​មរណភាព​កាល​ពី​ដើម​កុម្ភៈ​កន្លង​មក​នោះ ​​រូប​ថត​ ​២សន្លឹក​​ដែល​បង្ហាញ​ទិដ្ឋភាព​មនុស្ស​ស្រី​ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​វៀត​ណាម​ និង​ឈរ​តម្រង់​ជួរ​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា នារី​វៀតណាម​ទាំង​នោះ​ចូលរួម​ដង្ហែរ​សព​អ្នកស្រី ប៊ុន សុថា។​ ការ​បង្ហោះ​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ទៅ​លើ​រូបថត​ទាំង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

រូបថត ២​សន្លឹក​ដែល​បង្ហាញ​ក្រុម​នារី​ស្លៀក​ពាក់​ឈុត​ប្រពៃណី​វៀតណាម​ និង​ឈរ​ជា​ជួរ​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន នៅ​ចំ​ពេល​ដែល​អ្នកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូន​បង្កើត​របស់​ភរិយា​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ទទួល​មរណភាព។

រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​គណនី​ហ្វេសប៊ុក​មួយ​អះអាង​ថា ក្រុម​នារី​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី​វៀតណាម​ទាំង​នោះ ឈរ​ជូន​ដំណើរ​សព​របស់​ប្អូន​ថ្លៃ​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ដង្ហែរ​ទៅ​បញ្ចុះ​នៅ​ក្នុង​បរិវេណ​វត្ត​បទុមវតី ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ព្រះ​បរមរាជ​វាំង។

ការ​បង្ហោះ​រូប​ថត​​ជាមួយ​សំណេរ​រៀបរាប់​បែប​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «ពួក​​ហាណូយ​​​ រៀប​ចំ​ជូ​ន​ដំណើរ​ប្អូន​​ស្រី​ ប៊ុន​រ៉ានី​​ ជា​​លើក​​ចុងក្រោយ​​»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ រូប​ថត​ភ្ជាប់​ដោយ​ការ​អះ​អាង​​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​ កាល​ពីថ្ងៃ​ទី​០៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣។​ សូម​មើល​នៅ​ទីនេះ ឬ​តាម​តំណ​ភ្ជាប់​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​​ គឺ​ត្រូវ​បាន​រក​ឃើញ​​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​កាល​៧​ឆ្នាំ​មុន​​ ដែល​​បញ្ជាក់​ថា​ រូប​ថត​ខាង​លើ​ មិន​​មែន​​ជា​ទិដ្ឋភាពការ​ដង្ហែសព​របស់​អ្នក​ស្រី​ ប៊ុន​ សុថា​ កាល​ពី​ពេល​ថ្មី​ៗ​​នោះ​ឡើយ​​។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ស្រុក​ខ្មែរ​ មិន​មែន​ស្រុក​យួន​ទេ​»។​

Facebook Post | Archived Link

រូបថត​​មួយ​ផ្សេង​ទៀត​ ផ្សព្វ​ផ្សាយ​ដោយ​ VOV World​ កាល​ពី​ថ្ងៃទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៦​ ក៏​បាន​បង្ហាញ​ទិដ្ឋភាព​ក្រុម​មនុស្ស​ស្រី​ ក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី​វៀត​ណាម​ បាន​ឈរ​ស្វាគមន៍​លោក​ Tran Dai Quang ប្រធាន​រដ្ឋ​​នៃ​សាធារណរដ្ឋ​សង្គ​មនិយ​មវៀតណាម​ផង​ដែរ​។​

VOV World News Report | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​នៃ​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គ​មនិយ​មវៀតណាមលោក​ Tran Dai Quang ​នៅ​ព្រះ​បរម​រាជ​វាំង​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​។​

Press OCM Link | Archived Link

ពិធី​បញ្ចុះ​សព​អ្នក​ស្រី​ ប៊ុន​ សុថា​ ត្រូ​វបាន​ដង្ហែ​ពី​គេហដ្ឋា​នក្នុងខ​ណ្ឌទួលគោក​ យក​ទៅកា​ន់ទី​បញ្ចុះ​នៅវ​ត្តបទុមវតី​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន​ ដោយ​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​ក្រុម​​មនុស្ស​​ឈរ​នៅពី​​មុខ​ ព្រះ​បរមរាជវាំង​ ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​វៀត​ណាម​នោះ​ឡើយ​។​

Nokorwat News Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ រូប​ថត​ខាង​លើ​នេះ​ មិន​​មែន​​ជា​រូបភាព​មួយ​ផ្នែក​នៃ​ការ​ដង្ហែសព​របស់​អ្នក​ស្រី​ ប៊ុន​ សុថា​ កាល​ពី​ពេល​ថ្មី​ៗ​​នោះ​ឡើយ​​។​ ការ​ពិត​ រូប​ថត​នេះ​ គឺ​ជា​ក្រុម​នារី​ស្លៀក​ពាក់​សម្លៀក​បំពាក់​វៀតណាម ឈរ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​វៀតណាម ​លោក​ ដែល​បាន​ចូល​គាល់​ព្រះ​មហាក្សត្រ​កម្ពុជា​នៅ​ព្រះ​បរម​រាជ​វាំង​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​មិថុនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​។​

Avatar

Title:តើ​ក្រុម​ស្ត្រី​ស្លៀក​ពាក់​ឈុត​វៀតណាម​នេះ​ចូល​រួម​ដង្ហែរ​សព​ប្អូន​ថ្លៃ​លោក ហ៊ុន សែន មែន​ឬទេ?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *