
បន្ទាប់ពីតំណាងរាស្ត្រខេត្តពោធិ៍សាត់មួយរូបបានទទួលមរណភាព ការអះអាងមួយនៅលើបណ្ដាញសង្គម បាននិយាយថា អភិបាលខេត្តមួយនេះ បានទទួលមរណភាពកាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះ។ ការអះអាងនេះទទួលបានការចែករំលែកជាច្រើនដង និងការបញ្ចេញមតិចម្រុះបែបពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា យើងបានរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បាននិយាយថា អភិបាលខេត្តពោធិ៍សាត់ បានទទួលមរណភាពកាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះ។
ការអះអាងនេះ ទទួលបានការចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ព្រមទាំងការបញ្ចេញមតិចម្រុះបែប និងប្រតិកម្មជាច្រើនទៀតផង។
ខាងក្រោមនេះ គឺជាការបង្ហោះសារនៅលើបណ្ដាញសង្គមកាលពីថ្ងៃអាទិត្យកន្លងមកនេះ ដែលរៀបរាប់ថា «ចៅហ្វាយខេត្តពោធិ៍សាត់ស្លាប់យប់មិញ ១៩/០២/២០២៣»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការសម្ភាសជាមួយប្រភពដោយផ្ទាល់ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
បច្ចុប្បន្ននេះ ខេត្តពោធិ៍សាត់ស្ថិតនៅក្រោមការដឹកនាំ និងគ្រប់គ្រងរបស់លោក ខូយ រីដា ចាប់តាំងពីលោកទទួលបានការតែងតាំងជាអភិបាលខេត្តកាលពីខែវិច្ឆិកាឆ្នាំមុន ជំនួសលោក ជាវ តាយ ដែលបានស្នើសុំលាឈប់ពីមុខតំណែងជាអភិបាល។ មុនមកកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបង។
ស្ថាប័នផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ Fact Crescendo Cambodia បានស្នើសុំការបញ្ជាក់ពីអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា តាមរយៈទូរស័ព្ទ ប៉ុន្តែ លោក ណុប ណាត ដែលអះអាងថាជាជំនួយការរបស់អភិបាលខេត្ត បានច្រានចោលនូវការអះអាងខាងលើ។
លោក ណុប ណាត បានបញ្ជាក់ថា អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា មានសុខភាពល្អធម្មតា មិនដូចទៅនឹងការអះអាងលើបណ្ដាញសង្គម ដែលលោកចាត់ទុកជាព័ត៌មាន«មិនពិត»។
មន្ត្រីរដ្ឋបាលខេត្តរូបនេះ បញ្ជាក់ផងដែរថា លោកលើកទូរស័ព្ទឆ្លើយមកកាន់សារព័ត៌មាន ដោយសារតែអភិបាលខេត្តជាប់រវល់ប្រជុំ ហើយលោកក៏ជាអ្នកទទួលខុសត្រូវឆ្លើយតបនឹងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋផងដែរ។
សូមស្ដាប់ការបកស្រាយរបស់លោក ណុប ណាត ជំនួយការរបស់អភិបាលខេត្តពោធិ៍សាត់ ដែលទទួលបន្ទុកឆ្លើយតបនឹងសំណូមពររបស់ប្រជាជននៅក្នុងខេត្តមួយនេះ។
មន្ត្រីរដ្ឋបាលខេត្តពោធិ៍សាត់រូបនេះ បានឱ្យដឹងទៀតថា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ លោក ខូយ សុខា អាយុ ៧១ឆ្នាំ អតីតអភិបាលខេត្តពោធិ៍សាត់ ដែលជាបងប្រុសបង្កើតរបស់អភិបាលខេត្តពោធិ៍សាត់បច្ចុប្បន្ន បានទទួលមរណភាពកាលពីថ្ងៃអង្គារសប្ដាហ៍មុន ហើយពិធីបុណ្យសពទើបតែបញ្ចប់ទៅថ្មីៗនេះផងដែរ។
បើតាមសេចក្ដីជូនដំណឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់ សពលោក ខូយ សុខា ត្រូវបានដង្ហែរយកទៅបញ្ចុះទីតាំងមួយកន្លែងស្ថិតនៅក្នុងភូមិផ្លូវពោធិវង្ស ឃុំស្វាយលួង ក្នុងស្រុកកណ្ដៀង កាលពីថ្ងៃម្សិលមិញនេះ។
សារបង្ហោះនៅហ្វេសប៊ុករបស់លោក ខូយ រីដា ដែលបញ្ជាក់ដោយលោក ណុប ណាត នោះ បានបង្ហាញរូបថតអភិបាលខេត្តពោធិ៍សាត់បច្ចុប្បន្ន ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ខ្មៅកាន់ទុក្ខ ដែលដឹកនាំពិធីបញ្ចុះសពបងប្រុសរបស់លោកកាលពីថ្ងៃម្សិលមិញនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ អភិបាលខេត្តពោធិ៍សាត់បច្ចុប្បន្ន លោក ខូយ រីដា នៅរស់រានមានជីវិតដូចធម្មតា មិនដូចនឹងការអះអាងនោះឡើយ។ ប៉ុន្តែ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ លោក ខូយ សុខា ដែលជាបងប្រុសបង្កើតរបស់លោក និងជាអតីតអភិបាលខេត្តពោធិ៍សាត់ បានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែកុម្ភៈ។

Title: អភិបាលខេត្តពោធិ៍សាត់បច្ចុប្បន្ននៅមានជីវិតដូចធម្មតា មិនដូចការអះអាងឡើយ
Fact Check By: Jay UdomResult: False
