
ខណៈដែលឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះ នឹងឈានចូលដល់ខួប ៧ឆ្នាំនៅដើមសប្ដាហ៍ក្រោយនេះហើយ រូបភាពផ្ដាមពីអត្ថបទព័ត៌មានរបស់ Fresh News មួយដែលនិយាយថា លោក ហ៊ុន សែន នឹងមិនផ្ដល់ក្ដីសង្ឃឹមសម្រាប់ការរកយុត្តិធម៌ជូនលោក កែម ឡី នោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ។ រូបភាពអត្ថបទព័ត៌មាននេះ ត្រូវបានចែករំលែកបន្តពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកកម្ពុជា និងមានការបញ្ចេញមតិយោបល់ផ្សេងៗ។ ទោះជាយ៉ាងណា យើងរកឃើញថា រូបភាពនេះ គ្រាន់តែជារូបភាពកាត់តតែប៉ុណ្ណោះ។
ការអះអាងលើបណ្ដាញសង្គម
រូបភាពផ្ដាមពីអត្ថបទព័ត៌មានមួយរបស់សារព័ត៌មាន Fresh News ដែលមានចំណងជើងថា «សម្ដេច ហ៊ុន សែន បានចំអកទៅក្រុមពួកប្រឆាំងមួយចំនួនតូច និងអ្នកគាំទ្រលោក កែម ឡី បើពួកលោកឯងចង់បានយុត្តិធម៌ លុះត្រាណាតែសម្ដេច ហ៊ុន សែន ធ្លាក់ពីអំណាចសិន តែពេលនេះពួកឯងកុំសង្ឃឹមថាមានយុត្តិធម៌អោយសោះ» ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីចុងសប្ដាហ៍កន្លងមកនេះ។
រូបភាពផ្ដាមពីអត្ថបទព័ត៌មានរបស់សារព័ត៌មាន Fresh News បែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ហើយក៏មានការបញ្ចេញមតិយោបល់ចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមហ្វេសប៊ុកដែលបង្ហោះកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ដែលមានសំណេរថា «បើនៅមានត្រកូល ហ៊ុន គ្មានទេយុត្តិធម៌ គ្មានទេសេរីភាព ប្រជាធិបតេយ្យ គ្មានទេការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍពិតប្រាកដនោះឡើ់យ»។

ការត្រួតពិនិតុ្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search និងការស្វែងរកការបញ្ជាក់ពីអង្គភាពសារព័ត៌មាន Fresh News ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈការដំណើរការ Google Reverse Image Search យើងបានរកឃើញព័ត៌មានលម្អិតនៃរូបថតមួយសន្លឹកដែលបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីមួយនៅឯខេត្តព្រះសីហនុកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០កន្លងមក។
នៅពេលយើងស្វែងរកវីដេអូនៃការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកាលបរិច្ឆេទនោះ យើងក៏បានវីដេអូដែលរក្សាទុកដោយវេបសាយរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី។
ដោយបានពិនិត្យមើលលើខ្លឹមសារនៃការថ្លែងរបស់លោក ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងព្រះសីហនុនោះ យើងរកឃើញថា លោកនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ មិនបានថ្លែងអ្វីពាក់ព័ន្ធដល់ការស្វែងរកយុត្តធម៌សម្រាប់ឃាតកម្មលើអ្នកវិភាគនយោបាយល្បីឈ្មោះ លោក កែម ឡី នោះឡើយ។
សូមស្ដាប់ខ្លឹមសារទាំងស្រុងនៃការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០កន្លងមក។
ឆ្លើយតបមកកាន់ Fact Crescendo Cambodia តាមរយៈសារតាមបណ្ដាញតេឡេក្រាមកាលពីថ្ងៃម្សិលមិញនេះ អគ្គនាយកអង្គភាពសារព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បានច្រានចោលនូវខ្លឹមសារនៃរូបភាពនេះ ដោយចាត់ទុកថាជាព័ត៌មាន«ក្លែងក្លាយ»។
ចំណែកឯអគ្គនាយករងអង្គភាពសារព័ត៌មាន Fresh News លោក ពេជ្រ ប៊ុនសាយ ដែលទទួលបន្ទុកផ្នែកព័ត៌មាននយោបាយ បានប្រាប់តាមបណ្ដាញតេឡេក្រាមថា សារព័ត៌មានរបស់លោកពុំបានចុះផ្សាយនូវអត្ថបទមានចំណងជើងដូចដែលត្រូវបានគេបង្ហោះលើបណ្ដាញសង្គមនោះឡើយ។
លោក ប៊ុនសាយ ក៏បានផ្ញើមកផងដែរនូវអត្ថបទព័ត៌មានចំនួន ៧ ចេញផ្សាយដោយអង្គភាពសារព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដោយបានដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយពុំមានអត្ថបទព័ត៌មានណាមានចំណងជើងដូចអ្វីដែលត្រូវបានរៀបរាប់ខាងលើនោះឡើយ។
ខាងក្រោមនេះ គឺជាចំណងជើងនៃអត្ថបទព័ត៌មានទាំង ៧ ដែលចេញផ្សាយដោយ Fresh News កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដោយបានស្រង់ប្រសាសន៍របស់លោក ហ៊ុន សែន៖
១. សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា មូលដ្ឋានសមុទ្ររាមកម្ពុជាមិនបានផ្ដល់ផ្ដាច់មុខឱ្យបរទេសណានោះទេ គឺស្វាគមន៍គ្រប់នាវាបរទេសទាំងអស់ចូលសំចត (archived)
២. សម្ដេចតេជោ ហ៊ុន សែន ប្រកាសព្រមានចាប់ខ្លួនជនបំផុសមិនឱ្យចាយ និងកាត់ទឹកលុយប្រភេទ ១ដុល្លារ ២ដុល្លារ ៥ដុល្លារ (archived)
៣. សម្ដេចតេជោ ហ៊ុន សែន៖ ខេត្តព្រះសីហនុបានក្លាយទៅជាខេត្តអភិវឌ្ឍន៍ពហុជាតិសាសន៍ និងជាប៉ូលសេដ្ឋកិច្ចមួយដ៏មានសក្ដានុពលសម្រាប់កម្ពុជា (archived)
៤. សម្ដេចតេជោ ហ៊ុន សែន៖ បើចង់កុំឱ្យប៉ូលិសចរចារណ៍បានលុយច្រើន ពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ (archived)
៥. នាយករដ្ឋមន្ត្រីកម្ពុជារិះគន់ប្រទេសមួយចំនួនដែលបានវាយប្រហារលើផ្នែកសុខាភិបាលកម្ពុជា ខណៈប្រទេសនោះកំពុងមានមនុស្សស្លាប់ដោយសារកូវីដ១៩ជាបន្តបន្ទាប់ (archived)
៦. សម្ដេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួនជនណាចូលរួមយុទ្ធនាការជាមួយក្រុមប្រឆាំងក្រៅប្រទេសចង់ឱ្យធនាគារទាំងអស់នៅកម្ពុជាដួលរលំ (archived)
៧. សម្ដេចតេជោ ហ៊ុន សែន ទាមទារឱ្យ ប្រែត អាដាម បកស្រាយរឿងសិទ្ធិមនុស្សនៅកម្ពុជាដែលកំពុងធ្វើការបង្ក្រាបយ៉ាងសាហាវលើក្រុមបាតុករ (archived)
នៅពេលត្រូវបានសួរបន្ថែមថា តើសារព័ត៌មាន Fresh News ធ្លាប់បានចុះផ្សាយអត្ថបទព័ត៌មានដាក់ចំណងជើងបែបហ្នឹងទេនៅកាលបរិច្ឆេទផ្សេងទៀតនោះ លោក ប៊ុនសាយ បានបញ្ជាក់ថា អត្ថបទព័ត៌មានមានចំណងជើងបែបនេះ មិនធ្លាប់ត្រូវបានចុះផ្សាយដោយសារព័ត៌មានរបស់លោកនោះឡើយ។

លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវបញ្ហាសង្គមដ៏ល្បីឈ្មោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាតមួយកន្លែងនៅម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ។
ថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ គឺជាខួប ៧ឆ្នាំនៃឃាតកម្មលើអ្នកវិភាគនយោបាយដ៏ល្បីឈ្មោះរូបនេះ ខណៈដែលកម្ពុជារៀបចំការបោះឆ្នោតសកលនៅក្នុងខែកក្កដានេះផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងជាសាធារណៈខ្លះៗដែរពាក់ព័ន្ធនឹងឃាតកម្មទៅលើលោក កែម ឡី នៅក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ។
ខាងក្រោមនេះ គឺជាលំដាប់លំដោយនៃការថ្លែងរបស់លោក ហ៊ុន សែន ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី គិតចាប់តាំងពីថ្ងៃឃាតកម្ម៖
ការនិយាយដល់ករណីឃាតកម្មលើលោក កែម ឡី ត្រូវបានលោក ហ៊ុន សែន លើកឡើងថ្មីៗបំផុតកាលពីថ្ងៃទី១០ ខែមិថុនាកន្លងមកនេះ ដោយលោកនិយាយថា រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានខាតបង់ប្រយោជន៍ដោយសារឃាតកម្មលើលោក កែម ឡី។ សូមមើលខ្លឹមសារលម្អិតនៅទីនេះ (archived)
លោក ហ៊ុន សែន ក៏បានលើកឡើងបែបនេះម្ដងរួចមកហើយកាលពីឆ្នាំ២០១៦កន្លង ពោលគឺ ១ថ្ងៃក្រោយពីឃាតកម្មលើលោក កែម ឡី នៅកណ្ដាលរាជធានីភ្នំពេញ។ សូមអានលម្អិតនៅទីនេះ (archived)
កាលពីឆ្នាំ២០១៨ នៅឯពីធីជួបសំណេះសំណាលជាមួយពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរនៅឯប្រទេសអូស្ត្រាលី លោក ហ៊ុន សែន បានស្នើទៅគ្រួសារលោក កែម ឡី ដែលកំពុងរស់នៅទីនោះ កុំឱ្យចាត់ទុកលោកជាសត្រូវ។ សូមអានលម្អិតនៅទីនេះ (archived)
ផ្ទុយទៅវិញ លោក ហ៊ុន សែន បានចោទអាមេរិកថា ស្ថិតនៅពីក្រោយឃាតកម្មលើអ្នកវិភាគនយោបាយរូបនេះ ប៉ុន្តែ ស្ថានទូតអាមេរិកនៅកម្ពុជា បានច្រានចោលការចោទប្រកាន់នេះ។ សូមអានលម្អិតនៅទីនេះ (archived)
ទោះជាយ៉ាងណា ការស៊ើបអង្កេតរកអ្នកនៅពីក្រោយខ្នង ឬមេខ្លោងនៃអំពើឃាតកម្មនេះ មិនបានរីកចម្រើនទៅមុខទៀតឡើយ ដោយអាជ្ញាធរបានចាប់ខ្លួនខ្មាន់កាំភ្លើងតែម្នាក់គត់ ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងសំណុំរឿងនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបភាពនៃអត្ថបទព័ត៌មានដូចដែលត្រូវបានរៀបរាប់ខាងលើនេះ គឺជារូបភាពកាត់តតែប៉ុណ្ណោះ។ អង្គភាពសារព័ត៌មាន Fresh News បានច្រានចោលនូវរូបភាពនេះ ហើយបញ្ជាក់ថា មិនធ្លាប់ចុះផ្សាយអត្ថបទមានចំណងជើងបែបនេះឡើយ។ រូបភាពនៃអត្ថបទព័ត៌មានរបស់ Fresh News បានដកស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីនៅឯខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០២០កន្លងមក។

Title:រូបភាពនៃអត្ថបទព័ត៌មានមួយរបស់ Fresh News ត្រូវបានកាត់តឱ្យខុសពីខ្លឹមសារដើម
Written By: Jay UdomResult: Altered
