យន្តហោះដ្រូនដែលធ្លាក់កាលពី៣ឆ្នាំមុន ត្រូវបានភ្ជាប់មិនត្រឹមត្រូវទៅនឹងព្រឹត្តិការណ៍ថ្មីៗនៅខេត្តរតនគិរី
ក្រោយពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញបទបញ្ជាឱ្យបាញ់ទម្លាក់យន្តហោះដ្រូនគ្មានមនុស្សបើក ដែលហោះចូលទឹកដីកម្ពុជានៅតំបន់ភាគឦសានដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមនោះ រូបថតយន្តហោះដ្រូនជាច្រើនសន្លឹក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា វាជាយន្តហោះដ្រូនដែលត្រូវបានរកឃើញនៅក្នុងខេត្តរតនគិរី។ ការអះអាងនេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាត ដោយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា ការអះអាងនេះ គឺធ្វើឱ្យមានការយល់ច្រឡំ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា កងទ័ពកម្ពុជាបានបាញ់ទម្លាក់យន្តហោះដ្រូនគ្មានមនុស្សបើកនៅខេត្តរតនគិរី បន្ទាប់ពីទទួលបានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាឱ្យកងទ័ពចេញទៅបាញ់កម្ទេចយន្តហោះដ្រូនគ្មានមនុស្សបើកដែលត្រូវបានបង្ហោះចូលដែនអាកាសកម្ពុជានៅខេត្តភាគឦសានជាប់ព្រំដែនប្រទេសវៀតណាម។
ការអះអាងនេះ ក៏បានបង្ហោះមកជាមួយផងដែរនូវរូបថតយន្តហោះដ្រូនដែលត្រូវបានរកឃើញធ្លាក់នៅលើដីនៅក្នុងតំបន់ព្រៃដាច់ស្រយាលមួយកន្លែង។
ការអះអាងខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូផ្ដាមពីបណ្ដាញសង្គមដែលបានរៀបរាប់ថា «កម្លាំងប្រតិបត្តិការពិសេសបានទៅដល់គោលដៅព្រំដែនខេត្តរតនគិរីហើយ បញ្ជាឱ្យបាញ់ដ្រូនហោះចូលមកកម្ពុជា»។
រូបថតភ្ជាប់ដោយការអះអាងរាយការណ៍បែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនទៀតផងដែរ។
សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link), ឬតំណភ្ជាប់មួយនៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
យើងបានរកឃើញរូបថតជាច្រើន បង្ហាញទិដ្ឋភាពយន្តហោះដ្រូនដែលបានធ្លាក់មួយនេះ ហើយត្រូវបានបង្ហោះនៅលើបណ្ដាគេហទំព័រ និងសារព័ត៌មាននានាកាលពី ៣ឆ្នាំមុន។
រូបថតបង្ហាញទិដ្ឋភាពយន្តហោះដ្រូនគ្មានមនុស្សបើកនេះ ត្រូវបានចុះផ្សាយដោយសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ កាលពីខែមករា ឆ្នាំ២០២០កន្លងមក ដោយមានការបញ្ជាក់ថា យន្តហោះដ្រូនពណ៌ទឹកប្រាក់ ដែលមានបណ្ដោយប្រវែងប្រមាណ ៥ម៉ែត្រ និងទទឹងស្លាបសងខាងប្រវែង ៩ម៉ែត្រ ត្រូវបានធ្លាក់កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង។
ខាងក្រោមនេះ គឺជាទិដ្ឋភាពយន្តហោះដ្រូន ដែលបានធ្លាក់នៅក្នុងភូមិសាស្ដ្រខេត្តកោះកុង មិនបានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ថ្មីៗនៅខេត្តរតនគិរីនោះឡើយ។
The Phnom Penh Post Link | Archived Link
ករណីខាងលើនេះ ក៏ត្រូវបានផ្សព្វផ្សាយដោយគេហទំព័រសារព័ត៌មាន Cambodia Express News (CEN) ផងដែរកាលខែមករា ឆ្នាំ២០២០កកន្លងទៅ។
គេហទំព័រដដែលខាងលើ បានបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងនេះ បានធ្លាក់នៅក្នុងភូមិសាស្ដ្រស្រុកគិរីសាគរ ខេត្តកោះកុង កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
Cambodia Express News Link | Archived Link
ខាងក្រោមនេះ គឺជាវីដេអូរាយការណ៍ពីសារព័ត៌មាន Fresh News កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០កន្លងទៅ ដែលបានបញ្ជាក់ថា យន្តហោះដ្រូន ដែលធ្លាក់នៅខេត្តកោះកុងនោះ ត្រូវបានកាត់ជាកំណាត់ និងបានបញ្ជូនមកក្រសួងការពារជាតិ ដើម្បីពិនិត្យ និងស្រាវជ្រាវបន្ត។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ យន្តហោះដ្រូនគ្មានមនុស្សបើកដូចក្នុងរូបថតនោះ គឺជាយន្តហោះដ្រូនដែលបានធ្លាក់ចូលទឹកដីកម្ពុជាក្នុងខេត្តកោះកុងកាលពីដើមឆ្នាំ២០២០កន្លងមក។ យន្តហោះដ្រូនមួយគ្រឿងនេះ គ្មានពាក់ព័ន្ធអ្វីទៅនឹងយន្តហោះដ្រូនដែលត្រូវបានបង្ហោះចូលទឹកដីកម្ពុជាក្នុងខេត្តរតនគិរីនាពេលថ្មីៗនេះឡើយ។
Title:យន្តហោះដ្រូនដែលធ្លាក់កាលពី៣ឆ្នាំមុន ត្រូវបានភ្ជាប់មិនត្រឹមត្រូវទៅនឹងព្រឹត្តិការណ៍ថ្មីៗនៅខេត្តរតនគិរី
Written By: Kakada SimResult: Misleading