រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ សែន ជិះ​ស៊ីក្លូ​ជាមួយ​អតីត​មេដឹកនាំ​វៀត​ណាម​​ ជា​រូប​ថត​កាត់​ត​

Political Satire

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​ 

ក្នុង​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន​ សែន​ ជិះ​ស៊ីក្លូ​ជាមួយ​នឹង​អតីត​មេ​ដឹក​នាំ​វៀត​ណាម​លោក​ ហូ​ ជី​ មិញ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់ ដោយ​ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី១២​ ខែមករា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​អតីត​មេ​ដឹក​នាំ​វៀត​ណាម​លោក​ ហូ​ ជី​ មិញ​ បាន​រួម​ដំណើរ​ជាមួយ​គ្នា​តាម​រយៈ​សីក្លូ​។​ លោក​ ហូ​ ជី​ មិញ​ គឺ​ជា​ប្រមុខ​ដឹក​នាំ​ចលនា​បដិវត្តន៍​យួន​ដ៏​ឆ្នើម​មួយ​ ដោយ​បាន​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​នៅ​ចន្លោះ​ឆ្នាំ​ ១៩៤៥​-១៩៥៥​ និង​ជា​ប្រធានាធិបតី​នៅ​ចន្លោះ​ឆ្នាំ​ ១៩៥៥​-១៩៦៩​ នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​វៀត​ណាម​ (វៀត​ណាម​ខាង​ជើង​)​។

 រូបថត​ខាង​លើ​នេះ អាច​នឹង​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ថា​ «ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​ ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ​ ថ្ងៃ​៧​មករា​ កាន់​តែ​អស់​តម្លៃ​សម្រាប់​ខ្មែរ​ ព្រោះ​ខ្មែរ​សម័យ​សង្គ្រោះ​ជាតិ​នេះ​ ពួក​គាត់​យល់​ដឹង​ច្រើន​ លែង​ឲ្យ​​យួន​បោក​បាន​ទៀត​ហើយ​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើគេហទំព័រ​របស់​អង្គភាព​ និង​ប្រតិកម្ម​រហ័ស​ ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​ អំពី​សកម្មភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​ បង​ប្អូន​អ្នក​ធាក់​ស៊ី​ក្លូ​នៅ​ក្នុងភូមិសាស្ត្ររាជ​ធានី​ភ្នំពេញ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «សម្តេច​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ អញ្ជើញ​ជួប​សំណេះ​សំណាល​ និង​ពិសា​បាយ​សាមគ្គី​ជាមួយ​អ្នក​ធាក់​ស៊ី​ក្លូ​ នៅ​រាជធានី​ភ្នំពេញ​»​។​

Press OCM Link | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គេហ​ទំព័រ​សារព័ត៌មាន​ VOD ផ្សព្វ​ផ្សាយ​ជា​ភាសា​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០១៨​ ក៏​បាន​បង្ហាញ​នូវ​រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​ផង​ដែរ​។​ គេហ​ទំព័រ​ដដែល​នេះ​ ​ពុំ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ សែន ជិះ​ស៊ីក្លូ​ជាមួយ​អតីត​មេដឹកនាំ​វៀត​ណាមលោក​ ហូ ជី​ មិញ​ នោះ​ឡើយ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​សារ​ព័ត៌​មាន​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «លោក​​ ហ៊ុន​ សែន​​ ហៅ​អ្នក​រិះ​គន់​លោក​លើ​ការ​ជួយ​អ្នក​ធាក់​ស៊ី​ក្លូ​ថា​ជា​ សត្វ​»​។​

VOD News Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ទេ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ​ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ បាន​ជួប​សំណេះ​សំណាល​ និង​ពិសា​បាយ​សាមគ្គី​ជាមួយ​អ្នក​ធាក់​ស៊ីក្លូ​ នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មករា​ ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ​។​ រូប​ថត​នេះ​ពុំ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ សែន ជិះ​ស៊ីក្លូ​ជាមួយ​អតីត​មេដឹកនាំ​វៀត​ណាមលោក​ ហូ ជី​ មិញ​ នោះ​ឡើយ​។​

Avatar

Title:រូប​ថត​បង្ហាញ​លោក​ ហ៊ុន​ សែន ជិះ​ស៊ីក្លូ​ជាមួយ​អតីត​មេដឹកនាំ​វៀត​ណាម​​ ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim 

Result: Satire

Leave a Reply

Your email address will not be published.