វីដេអូ​ចាស់ៗ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ភ្ជាប់​នឹង​គ្រោះ​មហន្តរាយ​នៅ​វៀតណាម

False Social

ខណៈ​ដែល​វៀតណាមកំពុង​រងគ្រោះ​ដោយសារ​ខ្យល់​ទីហ្វុង​យ៉ាកជី​នៅ​ដើម​សប្ដាហ៍​នេះ វីដេអូ​មួយ​ដែល​បង្ហាញ​មនុស្ស​រត់​ប្រសេច​ប្រសាច​ពេញ​ផ្លូវ និង​ខ្យល់​បោក​បក់​ផ្ដួល​សំណង់​មួយ​ចំនួន ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អះអាង​ថា ជា​អ្វី​ដែល​កើត​ឡើង​នៅ​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ខ្លឹមសារ​នៃ​វីដេអូ​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​​ឃ្លីប​មួយ​ដែល​បង្ហាញ​​មនុស្ស​ម្នា​រត់​ប្រសេច​ប្រសាច​លើ​ដង​ផ្លូវ និង​ភ្លៀង​ធ្លាក់​លាយ​ឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​ផង​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា វា​ជា​គ្រោះ​មហន្តរាយ​បណ្ដាល​មក​ពី​ព្យុះ​សង្ឃរា Yagi ដែល​បាន​បោក​បក់​ទៅ​លើ​ទីក្រុង​ហូជីមិញ​របស់​វៀតណាម។

វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏ទទួល​បាន​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជាវីដេអូដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី១០ ខែ​កញ្ញា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “អំពើ​លោភ​លន់​ហួស​ហេតុ​នាំ​ឱ្យ​អន្តរាយ ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម”។

Archived Link

ព័ត៌មាន​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ដោយ​​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ផង​ដែរ​ជាមួយ​សំណេរ​ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៤។

Archived Link

នៅ​ដើម​ដំបូង​នៃ​វីដេអូ​នេះ វា​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​ម្នា​ដ៏​ច្រើន​រត់​ប្រសេច​ប្រសាច​នៅ​លើ​ដង​ផ្លូវ​មួយ ហើយ​បន្ទាប់​មក​ទៀត វា​បង្ហាញ​ភ្លៀង​ធ្លាក់​លាយ​ឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បោក​បក់​បណ្ដាល​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង និង​សំណង់​ផ្សេង​ទៀត​នៃ​ទីក្រុង​មួយ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា វីដេអូ​មួយ​នេះ​ត្រូវ​បាន​លាយ​បញ្ចូល​គ្នា​ដោយ​វីដេអូ​នៃ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ទីកន្លែង និង​ពេល​វេលា​ខុស​គ្នា។

Google Reverse Image Search បង្ហាញ​ថា មួយ​ផ្នែក​ដំបូង​នៃ​វីដេអូ​នេះ​ដែល​បង្ហាញ​មនុស្ស​ម្នា​រត់​ប្រសេច​ប្រសាច​ពេញ​ផ្លូវ​នោះ មិន​មែន​ជា​ហេតុការណ៍​មនុស្ស​ម្នា​រត់​គេច​ចេញ​ពី​មហន្តរាយ​ធម្មជាតិ​ដែល​វាយ​ប្រហារ​ប្រទេស​វៀតណាម​នា​ពេល​ថ្មីៗ​នេះ​ឡើយ។

ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា វីដេអូ​ដែល​បង្ហាញ​មនុស្ស​ម្នា​រត់​ប្រសេច​ប្រសាច​លើ​ដង​ផ្លូវ​នោះ គឺ​ជា​ហេតុការណ៍​នៃ​ការ​បង្ក្រាប​ទៅ​លើ​ការ​តវ៉ា​ប្រឆាំង​នឹង​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​កាល​ពី​ចុង​ខែ​កក្កដា និង​ដើម​ខែសីហា​កន្លង​មក​នេះ។

គេ​អាច​រក​វីដេអូ​នៃ​ហេតុការណ៍​បង្ក្រាប​ការ​តវ៉ា​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា​នេះ​នៅ​លើ​បណ្ដាញ​សង្គម និង​បណ្ដាញ​កម្សាន្ត YouTube ផង​ដែរ។

វីដេអូ​ទាំង​ស្រុង​នៃ​ហេតុការណ៍​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម X (អតីត Twitter)​កាល​ពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​ថា “Protesta en Puerto La Cruz, estado Anzoátegui, contra el fraude de Maduro.”

វីដេអូ​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Instagram ផង​ដែរកាល​ពី​ជាង ១​ខែ​មុន ដែល​បញ្ជាក់​ថា វា​ជា​ហេតុការណ៍​បង្ក្រាប​ការ​តវ៉ា​នៅ​ក្នុង​ប្រទេស​អាមេរិក​ខាង​ត្បូង។

ក្រុម​ការងារ​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ក្លែង​ក្លាយ​នៃ​ស្ថាប័ន Fact Crescendo ប្រចាំ​ប្រទេស​ឥណ្ឌា ក៏​បាន​ផ្ទៀង​ផ្ទាត់​រួច​ហើយ​ចំពោះ​វីដេអូ​មួយ​នេះ។ សូម​មើល​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

ជាង​នេះ​ទៅ​ទៀត យើង​បាន​រក​ឃើញ​ថា ​វីដេអូ​មួយ​ផ្នែក​ទៀត​ដែល​បង្ហាញ​សំណង់​អគារ​មួយ​ត្រូវ​ខ្យល់​បក់​ប៉ើង​បះ​ជើង​ឡើង​លើ​នោះ មិន​មែន​ជា​ហេតុការណ៍​គ្រោះ​មហន្តរាយ​កើត​ឡើង​នៅ​ប្រទេស​វៀតណាម​នា​ពេល​ថ្មីៗ​នេះ​ទេ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា វា​ជា​គ្រោះ​មហន្តរាយ​វាយ​ប្រហារ​ដោយ​ព្យុះ​ទីហ្វុង​ទៅ​លើ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។ សូម​មើល​អត្ថបទ​សារព័ត៌មាន​ដែល​ចុះ​ផ្សាយ​ជាមួយ​រូបថត​នៃ​ហេតុការណ៍​គ្រោះ​មហន្តរាយ​នោះ​នៅ​ទីនេះ (archived)។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​នៃ​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ទីហ្វុង​លើ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ YouTube កាល​ពី ៥​ឆ្នាំ​មុន។

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ទៅ​លើ​វីដេអូ​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​នេះ ត្រូវ​បាន​កាត់​ត​ដាក់​បញ្ចូល​នូវ​ហេតុការណ៍​បង្ក្រាប​ការ​តវ៉ា​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក និង​ហេតុការណ៍​ព្យុះ​ទីហ្វុង​វាយ​ប្រហារ​ប្រទេស​ចិន​កាល​ពី ៥​ឆ្នាំ​មុន។

Avatar

Title:វីដេអូ​ចាស់ៗ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ភ្ជាប់​នឹង​គ្រោះ​មហន្តរាយ​នៅ​វៀតណាម

Written By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *