Fact Check: តេីកម្ពុជាពិតជាបានប្រើប្រាស់ស្រាបៀរដើម្បីកម្ចាត់មេរោគកូវីត១៩​មែនដែរឬទេ?

Misleading Social

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​បញ្ចេញ​មន្ត្រី​បាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តាម​ទីតាំង​នានា​ក្នុង​ទីក្រុង ខណៈ​ទីក្រុង​មួយ​នេះ​​កំពុង​ប្រឈម​មុខ​នឹង​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវី​ដ​១៩​នោះ។ ទន្ទឹម​គ្នា​នេះ មាន​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​កំពុង​ប្រើ​ប្រាស់​ស្រាបៀរ​សម្រាប់​សម្លាប់​មេរោគ​កូវីដ​១៩។  ទោះយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង​នេះ មិនត្រឹម​ត្រូវនោះឡើយ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

ការពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ អ្នកប្រើបណ្តាញសង្គមហ្វេសបុកម្នាក់ បានអះអាងថា ប្រទេសកម្ពុជាបានកំពុងប្រើប្រាស់នូវស្រាបៀរ ដើម្បីយកមកកម្ជាត់មេរោគកូវីត១៩។ អ្នក​ប្រើ​ហ្វេសប៊ុក អះអាង​បែប​នេះ​ដោយ​ភ្ជាប់​មកជាមួយ​រូបភាព​ ៣​សន្លឹក ដែលបង្ហាញ​នូវ​ក្រុម​មនុស្ស​ស្ពាយ​ពី​ក្រោយ​នូវ​ធុង​ពណ៌​លឿង​មាន​ពាណិជ្ជ​សញ្ញា​របស់​ក្រុមហ៊ុន​ស្រាបៀរ​ហ្គេនប៊ឺក។

ការ​អះ​អាង​បែប​នេះ អាច​នាំ​ឱ្យ​អ្នក​ប្រើ​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​ការ​ពិត ហើយ​អ្នក​ប្រើ​ហ្វេសប៊ុក​ខ្លះ​ទៀត បញ្ចេញ​មតិ​ថា អាច​បាញ់​សម្លាប់​មេរោគ​កូវីដ​១៩​ផង និងអាច​ផឹក​ផង​ដែរ។

ប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសបុក បានសរសេររៀបរាប់ថា «លោក ហ៊ុន សែន បាននឹងកំពុងតែឱ្យ​ពិភពលោកភ្ញាក់ផ្អើល ពិភពលោក ដោយបានអនុវត្តប្រើប្រាស់យកស្រាបៀរ​ហ្គេនប៊ឺក ដើម្បីមកបាញ់កម្ជាត់មេរោគកូវីត១៩»។

Facebook Post | Archived Link 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​នូវ​រូបថត​នេះ​តាម​រយៈ​កម្មវិធី​ស្រាវ​ជ្រាវ​រូបថត ដែលនាំ​​ឱ្យ​យើង​ជួប រូបថត​មួយ​ចំនួន​​ពាក់​ព័ន្ធ និង​ខ្លឹមសារ​ពិត​ប្រាកដ​នៃ​រូបថត​នោះ។​

សេចក្តីរាយការណ៍មួយរបស់សារព័ត៌មាន FRESH NEWS កាលពីថ្ងៃទី០១ ខែមេសា បានឲ្យដឹងថា ក្រុមហ៊ុនស្រាបៀរ​ហ្គេនប៊ឺក បានចែកធុង និងបំពង់បាញ់​ថ្នាំ​កម្ចាត់មេរោគ​ទៅ​ដល់​ប្រជាជននៅតាមតំបន់ខណ្ឌសំខាន់នានា​នៅក្នុងរាជធានីភ្នំពេញ ហើយ​ក្រុម​ការងារ​មួយ​ដែល​ចាត់​តាំង​ដោយ​ក្រុមហ៊ុន​ស្រាបៀរ​នេះ បាន​ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​តាម​ទីតាំង​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ផងដែរ។

រូបភាពដកស្រង់ពីចេញពីសារព័ត៌មាន FRESH NEWS ដែលបានបង្ហាញអំពីឧបករណ៍បាញ់ថ្នាំជាមួយនឹងក្រុមការងារ របស់ក្រុមហ៊ុនហ្គេនប៊ឺក មិនមែនបំពង់ ឬធុងសម្រាប់ដាក់ស្រាបៀរនោះទេ។

Fresh News’s Report | Archive Link 

Fact Crescendo Cambodia បានរកឃើញ​រូបថត​ដូច​គ្នា​នេះ​នៅ​លើ​ទំព័រហ្វេសបុករបស់ស្រាបៀរ Ganzberg ដែលបានបង្ហោះកាលពីថ្ងៃទី០៣ ខែមេសា ដោយមានខ្លឹមសារដើមថា «ក្រុមហ៊ុន បានបន្តយុទ្ធនាការរបស់ខ្លួនក្នុងការចុះបាញ់ថ្នាំសម្លាប់​មេរោគ និងដោយសហការជាមួយនឹងរដ្ឋបាលខណ្ឌមួយក្នុងរាជធានីភ្នំពេញ»។

Facebook Post | Archived Link 

សន្និដ្ឋាន 

Fact Crescendo Cambodia បានរកឃើញថា ការអះអាងថា រដ្ឋាភិបាលកម្ពុជា​បាន​យក​ស្រាបៀរ​ហ្គេនប៊ឺក​សម្រាប់​បាញ់​កម្ចាត់​មេរោគ​កូវីដ​១៩​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។  ការពិត ធុងដែលមានស្លាកសញ្ញាស្រាបៀរ​ហ្គេនប៊ឺក នោះគឺជាឧបករណ៍បាញ់ថ្នាំ​ ដែលជាអំណោយរបស់ក្រុមហ៊ុនស្រាបៀរ ហ្គេនប៊ឺក ក្នុងបេសកម្មប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីត១៩ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

Avatar

Title:តេីកម្ពុជាពិតជាបានប្រើប្រាស់ស្រាបៀរដើម្បីកម្ចាត់មេរោគកូវីត១៩​មែនដែរឬទេ?

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published.