ព័ត៌មាន​ក្លែង​ក្លាយ​ថា ខេត្ត​ព្រះសីហនុ និង​តាកែវ មាន​អ្នក​ឆ្លង និង​ផ្ទុក​មេរោគ​អេដស៍​ច្រើន​ជាង​គេ

Health Misleading

ការ​អះអាង​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នា​សប្ដាហ៍​នេះ បាន​និយាយ​ថា អត្រា​ឆ្លង​មេរោគ​អេដស៍​នៅ​កម្ពុជា​កំពុង​កើន​ឡើង​ខ្លាំង ហើយ​ខេត្ត​ព្រះសីហនុ និង​តាកែវ ស្ថិត​នៅ​លំដាប់​លេខ​១ និង​លេខ​២ ជា​តំបន់​មាន​អ្នក​ផ្ទុក និង​ឆ្លង​មេរោគ​អេដស៍​ច្រើន​ជាង​គេ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បង្ហាញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​ដ៏​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​​នា​ពេល​ថ្មីៗ​នេះ បាន​លើក​ឡើង​ថា ករណី​ឆ្លង​មេរោគ​អេដស៍​កំពុង​កើន​ឡើង​ខ្លាំង ដោយ​ខេត្ត​ព្រះសីហនុ ស្ថិត​នៅ​លំដាប់​ទី​១ ហើយ​ខេត្ត​តាកែវ​ស្ថិត​នៅ​លំដាប់​ទី​២ ខណៈ​ដែលមនុស្ស ៧,០០០​នាក់​ដែល​បាន​ឆ្លង​មេរោគ​នេះ បាន​រត់​គេច​ពី​ការ​ផ្ដល់​សេវា​ព្យាបាល។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “HIV-មេរោគ​អេដស៍​កំពុង​កើន​ឡើង​ខ្លាំង [ខេត្ត]ព្រះសីហនុ​ Top 1[លំដាប់​ទី​១] តាកែវ Top 2 [លំដាប់​ទី​២]។ ៧​ម៉ឺន​នាក់​ផ្ទុក​មេរោគ ប្រុង​ប្រយ័ត្ន ៧​ពាន់​នាក់​រត់​គេច​មិន​ទទួល​ការ​ព្យាបាល”។

Facebook Post | Archived Link

ព័ត៌មាន​ដូច​គ្នា​នេះ ក៏​ត្រូវ​បានបង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ ដែលនាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ “គ្រូ​បង្រៀន​អក្សរសាស្ត្រ​ខ្មែរ” កាល​ពី​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៤។

Facebook Post | Archived Link

ដោយសារ​តែ​វា​កំពុង​តែ​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម គេ​អាច​រក​មើល​ការ​អះអាង​នេះ​តាម​រយៈ​ការ​បង្ហោះ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ (archived)​។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ស្វែង​រក​ការ​បកស្រាយ​ពី​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

បន្ទាប់​ពី​ផ្ទុះ​នូវ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​នេះ ដោយ​ចាត់​ទុក​ជា​ព័ត៌មាន​ “មិន​ពិត” និង “គ្មាន​មូលដ្ឋាន​ច្បាស់​លាស់”។

មជ្ឈមណ្ឌល​ជាតិ​មួយ​នេះ​ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​សុខាភិបាល បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​បំភ្លឺ​របស់​ខ្លួន​ចេញ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​នានា​នៅ​ក្នុង​ស្រុក។

បើ​តាម​ស្ថាប័ន​ដដែល​នេះ កម្ពុជា​មាន​ប្រជាជន​រស់នៅ​ជាមួយ​មេរោគ​អេដស៍​សរុប ៧៦,០០០​នាក់​គិត​ត្រឹម​ឆ្នាំ​២០២៣ ក្នុង​នោះ​ ៦៩,៤១៣​នាក់ កំពុង​ទទួល​បាន​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​គិត​ត្រឹម​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០២៤​នេះ ខណៈ​ដែល​ប្រជាជន​ខ្ទង់ ៧,០០០​នាក់​ទៀត មិន​ទាន់​ដឹង​ខ្លួន​ថា​មាន​ផ្ទុក​មេរោគ​អេដស៍ និង​មិន​ទាន់​ទទួល​បាន​សេវា​​ព្យាបាល​នៅ​ឡើយ។

សម្រាប់​ខេត្ត​តាកែវ មជ្ឈ​មណ្ឌល​ជាតិ​មួយ​នេះ បាន​បញ្ជាក់​ថា​ ខេត្ត​មួយ​នេះ​មាន​​ប្រជាជន​រស់នៅ​ជាមេរោគ​អេដស៍​ចំនួន ២,៨១៤​នាក់ ក្នុង​នោះ​មាន ១៤​នាក់ បាន​ចាក​ចេញ​ពី​ការ​ទទួល​សេវា​ព្យាបាល ហើយ​ថា មន្ត្រី​មាន​សមត្ថកិច្ច​កំពុង​ទាក់​ទង​ដើម្បី​នាំ​ពួកគាត់​ទៅ​ទទួល​សេវា​ព្យាបាល​វិញ។

សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៃ​សេចក្ដី​បំភ្លឺ​របស់​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៤។

Facebook Post | Archived Link

ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ លោក អៀង ម៉ូលី បាន​ប្រាប់ Fact Crescendo តាម​តេឡេក្រាម​នៅ​ថ្ងៃ​នេះ​ថា ការ​វាយ​តម្លៃ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ បង្ហាញ​ថា មនុស្ស​ចំនួន ៧៦,០០០​នាក់ ត្រូវ​បាន​សង្ស័យ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​អំឡុង​ឆ្នាំ​២០២៣ ប៉ុន្តែ តួលេខ​ជាក់​លាក់​នៅ​ឆ្នាំ​២០២៤​នេះ បង្ហាញ​ថា កម្ពុជា​មាន​អ្នក​រស់នៅ​ជាមួយ​ជំងឺ​អេដស៍ ៦៩,៤១៣​នាក់ ដែល​កំពុង​ទទួល​សេវា​ព្យាបាល។

លោក អៀង ម៉ូលី បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា មនុស្ស​ជាង ៦,០០០​នាក់​ទៀត មិន​ទាន់​បាន​ធ្វើ​តេស្ត​រក​មេរោគ​នៅ​ឡើយ និង​ស្ថិត​នៅ​ក្រោម​ការ​សង្ស័យ ក្នុង​នោះ​មាន​មួយ​ចំនួន​អាច​ធ្វើ​ចំណាក​ស្រុក មួយ​ចំនួន​ទៀត​សម្ងំ​ព្យាបាល​តាម​គ្លីនិក ឬ​មន្ទីរ​ពេទ្យ​ឯកជន ឬ​មួយ​ចំនួន​ទៀត អាច​បាត់​បង់​ជីវិត។

លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បាន​ប្រាប់​ដឹង​ថា ខេត្ត​ព្រះសីហនុ និង​ខេត្ត​តាកែវ មិន​មែន​ជា​តំបន់​មាន​ប្រជាជន​ផ្ទុក​មេរោគ​អេដស៍​ច្រើន​ជាង​គេ​ឡើយ។

លោក​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ថា ខេត្ត​ទាំង​ពីរ​នេះ​ជាប់​លំដាប់​លេខ ១ និង​លេខ ២ ជា​ខេត្ត​មាន​អត្រា​ឆ្លង​មេរោគ​អេដស៍​ខ្ពស់​នោះ មិន​មែន​ជា​ការពិត​នោះ​ឡើយ​នៅ​ក្នុង​ចំណោម​ខេត្ត និង​រាជធានី​របស់​ប្រទេស​កម្ពុជា។

​តួលេខ​ដែល​ផ្ដល់​ឱ្យ​ដោយ​មន្ត្រី​នាំ​ពាក្យ​រូប​នេះ បង្ហាញ​ថា រាជ​ធានី​ភ្នំពេញ ជាប់​ជា​តំបន់​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ខ្ពស់​ជាង​គេ​រហូត​ដល់ ២៧​ភាគរយ​បើ​ធៀប​នៃ​តួលេខ​សរុប ខណៈ​ខេត្ត​បាត់ដំបង សៀមរាប កណ្ដាល បន្ទាយមានជ័យ និង​កំពង់ចាម គឺ​ស្ថិត​ក្នុង​​តំបន់​​ទាំង ៦ ដែល​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ច្រើន​ជាង​គេ។ តួលេខ​សរុប​នៃ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​តំបន់​ទាំង ៦​នេះ  គឺ​មាន​រហូត​ទៅដល់ ៦២​ភាគរយ​នៃ​តួលេខ​សរុប​ទូទាំង​ប្រទេស។

សម្រាប់​ករណី​ឆ្លង​ថ្មី​វិញ តួលេខ​ដដែល​នេះ បង្ហាញ​ថា រាជ​ធានី​ភ្នំពេញ ស្ថិត​នៅ​លំដាប់​ខ្ពស់​ជាង​គេ​រហូត​ដល់ ៣៨​ភាគរយ និង​តាម​ពី​ក្រោយ​ដោយ​ខេត្ត​បាត់ដំបង សៀមរាប បន្ទាយមានជ័យ តាកែវ និង​ខេត្ត​ព្រះសីហនុ។ អត្រា​ឆ្លង​ថ្មី​នៅ​តំបន់​ទាំង ៦នេះ គ្រប​ដណ្ដប់​ដល់​ទៅ ៧២​ភាគរយ​នៃ​តួលេខឆ្លង​ថ្មី​សរុប​នៅ​ទូទាំង​ប្រទេស។

ខាង​ក្រោម​នេះ គឺ​ជា​តួលេខ​ដែល​បង្ហាញ​ដោយ​លោក ឈឹម ឃិនដារ៉េត ​បង្ហាញ​រាជធានី និង​ខេត្ត​ចំនួន ៦ ដែល​មាន​មនុស្ស​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ច្រើន​ជាងគេ និង​មាន​អត្រា​ឆ្លង​ថ្មី​ច្រើន​ជាង​គេ។

​គោលការណ៍​ណែនាំ​រួម​ស្ដី​ពីសេវា​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​នៅ​កម្ពុជា​ដែល​ចេញ​ដោយ​​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ នៅ​ឆ្នាំ​២០២៤​នេះ បង្ហាញ​ថា អត្រា​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ ៣៣​ភាគរយ​នៅ​ចន្លោះ​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០២២ ពោល​គឺ​បាន​ធ្លាក់​ចុះ​ពី ២,០០០​ករណី​នៅ​ឆ្នាំ​២០១០ មក​នៅ​ត្រឹម​ ១,៤០០​ករណី​នៅ​ឆ្នាំ​២០២២។

សេចក្ដី​រាយការណ៍​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ខែ​កក្កដា​កន្លង​មក​នេះ បាន​ឱ្យ​ដឹង​ថា ករណី​ឆ្លង​ថ្មី​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ ១១​ភាគរយ​នៅ​ឆ្នាំ​២០២៣ បើ​ធៀប​នឹង​តួលេខ​ឆ្នាំ​២០២២​កន្លង​មក ដោយ​ធ្លាក់​ពី​ចំនួន ១,៣០០​ករណី មក​នៅ​ត្រឹម ១,២០០​ករណី។

Follow Us and Stay Up to Date with Our Latest Fact-Checks

Facebook | Twitter | Telegram | TikTok | WhatsApp | Instgram

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ តួលេខ​ផ្ដល់​ឱ្យ​ដោយ​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ បង្ហាញ​ថា ខេត្ត​ព្រះសីហនុ និង​ខេត្ត​តាកែវ មិន​មែន​ជា​តំបន់​មាន​ប្រជាជន​ផ្ទុគ​មេរោគ​អេដស៍​ច្រើន​ជាង​គេ​នោះ​ឡើយ ហើយ​ក៏​មិន​មែន​ជា​តំបន់​មាន​អត្រា​ឆ្លង​ថ្មី​ខ្ពស់​ជាង​គេ​ដែរ។ តំបន់​ទាំង ៦​ដែល​មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​ច្រើន​ជាង​គេ មាន​រាជ​ធានី​ភ្នំពេញ ​ខេត្ត​បាត់ដំបង សៀមរាប កណ្ដាល បន្ទាយមានជ័យ និង​កំពង់ចាម។ ចំណែក​តំបន់​ទាំង ៦​ដែល​មាន​អត្រា​ឆ្លង​ថ្មី​ខ្ពស់​ជាង​គេ មាន​រាជ​ធានី​ភ្នំពេញ ខេត្ត​បាត់ដំបង សៀមរាប បន្ទាយមានជ័យ តាកែវ និង​ខេត្ត​ព្រះសីហនុ។

Avatar

Title:ព័ត៌មាន​ក្លែង​ក្លាយ​ថា ខេត្ត​ព្រះសីហនុ និង​តាកែវ មាន​អ្នក​ឆ្លង និង​ផ្ទុក​មេរោគ​អេដស៍​ច្រើន​ជាង​គេ

Written By: Jay Udom  

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *