អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពុំ​មាន​ការ​រៀប​ចំ​កម្មវិធី​លក់​ឥវ៉ាន់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នោះ​ទេ​ 

Consumer Safety

ខណៈ​ដែល​ការ​ឆបោក​តាម​អនឡាញ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រូបភាព​ផ្សេង​នោះ ​ការ​ផ្សព្វផ្សាយមួយ​​លើក​​ឡើង​ថា​ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​កំពុង​រៀប​ចំ​​លក់​ឡៃឡុង​ប្រចាំ​ឆ្នាំ​នូវ​ឥវ៉ាន់​គ្មាន​ម្ចាស់នៅ​ឯ​ព្រលាន​យន្ត​ហោះ។ ការ​ផ្សព្វផ្សាយ​នេះ ទាក់ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​នេះ គឺ​ជា​ការ​បោក​បញ្ឆោត​តាម​អនឡាញ​តែ​ប៉ុណ្ណោះ។

ការអះអាងលើបណ្ដាញសង្គម

ការ​ផ្សព្វ​ផ្សាយ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្មី​ៗ​នេះ​ បាន​ប្រកាស​ថា​ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កំពុង​រៀប​ចំ​ការ​លក់​ឥវ៉ាន់​ ក្នុង​តម្លៃ​ ៨៤០០រៀល​។​

ការ​ផ្សព្វផ្សាយ​ការ​ដាក់​លក់​​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កំពុង​រៀប​ចំ​ការ​លក់​ឥវ៉ាន់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដោយ​មិន​ទាម​ទារ​សំណង»។​

Facebook Post | Archived Link

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia បាន​ចោទ​សួរ​ថា​ តើ​នេះ​គឺជា​ការ​ពិត​ឬ​យ៉ាង​ណា​ ហើយ​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​តាម​រយៈ​ព័ត៌មាន​នា​នា​ចុង​ក្រោយ​ និង​ការ​បក​ស្រាយ​របស់​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​កម្ពុជា​។​

កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​កន្លង​ទៅ​ ទំព័រ​ហ្វេសប៊ុក​របស់​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ Anti Cyber Crime Department បាន​ផ្សព្វផ្សាយ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​អំពី​ករណី​ការ​ឆបោក​បញ្ឆោត​តាម​រយៈ​ ប្រព័ន្ធសារ​​អន​ឡាញ​មួយ​ (Phishing Link)។​

ការ​ផ្សព្វផ្សាយ​បែប​នេះ​ បាន​កើត​ឡើង​ស្រប​ពេល​មាន​ការ​ផ្សព្វផ្សាយ​យ៉ាង​ផុស​ផុល​អំពី​ការ​ដាក់​លក់​​ប្រចាំ​ឆ្នាំ​របស់​ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ក្នុង​តម្លៃ​ទាប​មួយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ថ្មី​ៗ​នេះ​ នាយកដ្ឋាន​ប្រឆាំងបទល្មើស​បច្ចេកវិទ្យា​ បាន​សង្កេត​ឃើញ​ថា​ មាន​ជន​អនាមិក​បានបង្ហោះផ្សព្វផ្សាយ​ តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ ខ្លឹម​បោកបញ្ឆោត​ ក្នុង​គោល​បំណង​ទាញ​យក​ព័ត៌មាន​សម្ងាត់​របស់​យើង​ និង​លួច​យក​គណនី​នោះទៅ​ប្រព្រឹត្តិ​បទ​ល្មើស​ផ្សេង​ៗ ដោយ​មិន​ដឹង​ខ្លួន​»។​

Anti Cyber Crime Department | Archived Link

ការ​ផ្សព្វ​ផ្សាយ​ និង​អះអាង​ខាង​លើ​ ក៏​ត្រូវ​បាន​ច្រាន​​ចោល​ និង​ជូន​ដំណឹង​ដោយ​ក្រុម​ការងារ​ផ្នែក​ទំនាក់​ទំនង​នៃ​ក្រុមហ៊ុន​ខេម​បូឌា​អ៊ែរផត​ (Cambodia Airports) ផង​ដែរ​ ​កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​មីនា​ ឆ្នាំ​២០២៥​កន្លង​ទៅ​ ដោយ​បាន​បញ្ជាក់​ថា​ ការ​ផ្សព្វផ្សាយ​ទាំង​នោះ​ គឺ​ជា​ព័ត៌មាន​មិន​ពិត​ និង​បង្ក​ការ​យល់​ច្រឡំ​ដល់​អ្នក​ប្រើ​ប្រាស់​។​

ខាង​ក្រោម​នេះ​ គឺ​ជា​លិខិត​ជូន​ដំណឹង​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ការងារ​ផ្នែក​ទំនាក់​ទំនង​នៃ​ក្រុមហ៊ុន​ខេម​បូឌា​អ៊ែរផត​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​​ពី​ទំព័រ​ហ្វេសប៊ុក​ ដែល​អះអាងមិន​ត្រឹម​ត្រូវ​ថា​ «អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ សម្អាត​ឃ្លាំង​ និង​លក់​ឥវ៉ាន់​ក្នុង​តម្លៃ​ ៨៤០០រៀល​»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​ ករណីខាង​លើ​​ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ផង​ដែរ​ នៅ​លើ​គេហទំព័រ​ព័ត៌មាន​ក្នុង​ស្រុក​នា​នា​ ដូច​ជា​ ​Fresh News (archived link), AMS (archived link) និងបណ្ដា​សារព័ត៌មាន​ Khmer Times (archived link) ដែល​ការ​ផ្សព្វផ្សាយ​ថា​  អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ សម្អាត​ឃ្លាំង​ និង​លក់​ឥវ៉ាន់​ក្នុង​តម្លៃ​ ៨៤០០រៀល​ គឺ​មិន​ពិត​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូប​ថត​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ និង​រូប​ថត​ច្បាប់​ដើម​។​

កន្លង​មក​ នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ បាន​ជូន​ដំណឹង​អំពី​ករណី​បោក​បញ្ឆោត​ជា​ច្រើន​តាម​ប្រព័ន្ធ​អន​ឡាញ​ ហើយ​ក្នុង​នោះ​ថ្មី​ៗ​នេះ​ ក៏​បាន​ជូន​ដំណឹង​ និង​ផ្សព្វ​ផ្សាយ​អំពី​ទម្រង់​ឆបោក​បញ្ឆោត​តាម​រយៈ​សារ​ (Phishing Link) ដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទាំង​អស់​មាន​ការ​ប្រុង​ប្រយ័ត្នបាន​​ខ្ពស់​។​

វិធីសាស្ត្រ​​ក្នុងការពារខ្លួនអ្នកពីការឆបោកតាមប្រព័ន្ធអនឡាញ

  • កុំ​ចែក​រំលែក​ពាក្យ​សម្ងាត់​របស់​អ្នក​ជាមួយ​នរណា​ម្នាក់​
  • រក្សា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ឱ្យមាន​សុវត្ថិភាព​
  • កុំ​ចុច​លើ​តំណ​ភ្ជាប់​ដែល​គួរ​ឱ្យ​សង្ស័យ​។​

សូមអានព័ត៌មានលម្អិតអំពីការផ្ទៀងផ្ទាត់របស់យើងដទៃទៀតតាមរយៈតំណភ្ជាប់​​នៅខាងក្រោមនេះ

ដើម្បីស្វែងរកព័ត៌មានពិតសូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook | Twitter | Telegram | Google News | TikTok | WhatsApp

សន្និដ្ឋានFact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះទេ​។​ ការ​ពិត​  អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ មិន​មាន​ការ​រៀប​ចំ​កម្មវិធី​លក់​ឥវ៉ាន់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នោះ​ទេ​ ហើយ​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​បាន​រក​ឃើញ​ថា​ ការ​ផ្សព្វ​ផ្សាយ​បែប​នេះ​ គឺ​ជា​ល្បិច​បោក​បញ្ឆោត​។​

Avatar

Title:អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពុំ​មាន​ការ​រៀប​ចំ​កម្មវិធី​លក់​ឥវ៉ាន់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នោះ​ទេ​

Written By: Kakada Sim  

Result: False

Leave a Reply

Your email address will not be published. Required fields are marked *