ការបោកបញ្ឆោតតាមអនឡាញផ្សព្វផ្សាយថា Samsung លក់បញ្ចុះតម្លៃធំតាមអនឡាញ
ការផ្សព្វផ្សាយជាច្រើននៅលើបណ្ដាញសង្គម បានប្រកាសថា ក្រុមហ៊ុន Samsung នៅកម្ពុជា លក់បញ្ចុះតម្លៃដ៏ធំសម្បើមសម្រាប់ការបញ្ជាទិញតាមអនឡាញ។ ការផ្សព្វផ្សាយនេះ ទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា យើងបានរកឃើញថា ការផ្សព្វផ្សាយនេះ គឺជាការបោកបញ្ឆោតតាមអនឡាញតែប៉ុណ្ណោះ។
ការផ្សព្វផ្សាយជាច្រើននៅលើបណ្ដាញសង្គម បានប្រកាសថា ក្រុមហ៊ុន Samsung នៅកម្ពុជា លក់បញ្ចុះតម្លៃដ៏ធំសម្បើមសម្រាប់ការបញ្ជាទិញតាមអនឡាញ។ ការផ្សព្វផ្សាយនេះ ទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា យើងបានរកឃើញថា ការផ្សព្វផ្សាយនេះ គឺជាការបោកបញ្ឆោតតាមអនឡាញតែប៉ុណ្ណោះ។
ការអះអាងលើបណ្ដាញសង្គម
ការផ្សព្វផ្សាយមួយនៅលើបណ្ដាញសង្គមកាលពីចុងខែកក្កដាកន្លងមកថ្មីៗនេះ បានប្រកាសថា ក្រុមហ៊ុន Samsung Eletronics បានដាក់លក់បញ្ចុះតម្លៃយ៉ាងច្រើនរហូតដល់ជិត ៨០ភាគរយសម្រាប់នាឡិកាឆ្លាតវៃ Galaxy Watch 6។
ការផ្សព្វផ្សាយដដែលនេះ បានប្រកាសបន្ថែមថា ការបញ្ចុះតម្លៃនាឡិកាឆ្លាតវៃនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសខួប ៥៥ឆ្នាំរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ និងខួប ១៣ឆ្នាំនៃការឈានជើងរបស់ក្រុមហ៊ុននេះចូលទីផ្សារប្រទេសកម្ពុជា។
ការផ្សព្វផ្សាយលក់បញ្ចុះតម្លៃបែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងនៅលើបណ្ដាញសង្គម និងទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ហ្វេសប៊ុកដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការផ្សព្វផ្សាយលើបណ្ដាញសង្គមកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដែលរៀបរាប់ជាភាសាអង់គ្លេសក្នុងន័យថា “On the occasion of the 55th anniversary of the establishment of the SamSung brand 1969 - 2024 in Korea and the 13th anniversary of the establishment of the Samsung Service Electronic Cambodia empire. We would like to sincerely thank everyone who has supported us over the past time with a lucky draw program with the opportunity to receive a discount coupon of up to 78% for the best-selling smartwatch product line in 2023 - SamSung Galaxy Watch6. Thank you for always accompanying us in using Samsung products over the past time.” ។
ក្រៅពីការផ្សព្វផ្សាយជាភាសាអង់គ្លេសខាងលើហើយ ការផ្សព្វផ្សាយមួយទៀតជាភាសាខ្មែរ ក៏ត្រូវបានធ្វើឡើងផងដែរកាលពីចុងខែកក្កដាកន្លងមកនេះ ដោយប្រកាសថា ក្រុមហ៊ុន Samsung Cambodia បញ្ចុះតម្លៃ ៧០ភាគរយដល់អតិថិជន ២០០នាក់ដំបូងសម្រាប់ការបញ្ជាទិញកាសស្ដាប់ Samsung Galaxy Buds 2 Pro។
ការឃោសនានេះ បានតម្រូវឱ្យអតិថិជនឈ្មោះតាមរយៈតំណភ្ជាប់មួយដែលភ្ជាប់មកជាមួយនឹងការផ្សព្វផ្សាយនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនបែបនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការឃោសនាលើបណ្ដាញសង្គមកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដែលរៀបរាប់ថា “ប្រូម៉ូសិនពិសេសបញ្ចុះតម្លៃរហូតដល់ ៧០%!!! Samsung Cambodia ប្រារព្ធខួបលើកទី២ នៃការបើកដំណើរការរបស់ខ្លួន។ ដើម្បីរំលឹកដំណើរអតីតកាល និងថ្លែងអំណរគុណដល់ដៃគូសហការរបស់អតិថិជនដែលតែងតែគាំទ្រ Samsung។ យើងផ្ដល់ជូនអតិថិជន ២០០នាក់ដំបូងនូវការបញ្ចុះតម្លៃ ៧០% លើខ្សែផលិតផលដ៏ល្បីល្បាញ Samsung Galaxy Buds 2 Pro […]”។
ការផ្សព្វផ្សាយលក់បញ្ចុះតម្លៃបែបនេះ ត្រូវបានធ្វើឡើងជាភាសាភូមាផងដែរ ដោយប្រកាសថា នាឡិកាដៃឆ្លាតវៃ Samsung Watch 5 ត្រូវបានដាក់លក់បញ្ចុះតម្លៃរហូតដល់ ៧០ភាគរយ។
ការឃោសនានេះ បាននិយាយថា ការបញ្ចុះតម្លៃត្រូវបានធ្វើឡើងសម្រាប់អតិថិជនដែលបញ្ជាទិញតាមតំណភ្ជាប់ដែលត្រូវបានបង្ហាញនៅក្នុងការផ្សព្វផ្សាយលើបណ្ដាញសង្គម។
ក្រៅពីបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាហើយនោះ ព័ត៌មានដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់បណ្ដាញសង្គមនៅប្រទេសដទៃទៀតដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើការផ្សព្វផ្សាយខាងលើនេះតាមរយៈការស្វែងរកការបញ្ជាក់ពីក្រុមហ៊ុន Samsung Electronics ឬតំណាងក្រុមហ៊ុនមួយនេះនៅក្នុងប្រទេសកម្ពុជា និងអ្នកជំនាញផ្នែកសុវត្ថិភាពឌីជីថល ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ជាដំបូង យើងបានរកឃើញថា ទំព័រហ្វេសប៊ុកទាំងនេះ មិនជាប់ពាក់ព័ន្ធអ្វីទាំងអស់នឹងក្រុមហ៊ុន Samsung របស់កូរ៉េខាងត្បូង ឬជាទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនណាមួយដែលទទួលបានសិទ្ធិចែកចាយ និងលក់រាយផលិតផលរបស់ក្រុមហ៊ុន Samsung នោះឡើយ។
ទំព័រហ្វេសប៊ុក Samsung Cambodia មានអ្នកតាមដានត្រឹមតែ ១០គណនីហ្វេសប៊ុកប៉ុណ្ណោះ ហើយវាទើបត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះប៉ុណ្ណោះ។
ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសកម្ពុជា មានអ្នកតាមដានរហូតដល់ ១៦១លានគណនីហ្វេសប៊ុក ហើយមានគំនូសសញ្ញាពណ៌ខៀវដែលបញ្ជាក់ដោយក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្ដាញសង្គម Facebook។
នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ Samsung យើងរកពុំឃើញសោះនូវការផ្សព្វផ្សាយលក់បញ្ចុះតម្លៃរហូតដល់ជិត ៨០ភាគរយសម្រាប់នាឡិកាដៃឆ្លាតវៃនោះ។
សម្រាប់ទីផ្សារសកល ក្រុមហ៊ុន Samsung មានទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនឈ្មោះថា Samsung Electronics ហើយយើងរកពុំឃើញការផ្សព្វផ្សាយលក់បញ្ចុះតម្លៃដូចដែលត្រូវបានផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកមិនផ្លូវការនោះឡើយ។
មួយវិញទៀត តំណភ្ជាប់ដែលបង្ហោះមកជាមួយការផ្សព្វផ្សាយដូចដែលត្រូវបានរៀបរាប់ខាងលើនេះ ក៏មិនមែនជាគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Samsung Electronics ឬក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផលិតផល Samsung នៅកម្ពុជានោះឡើយ។
នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ក្រុមហ៊ុន Samsung បានបង្ហាញថា គេហទំព័រផ្លូវការរបស់ខ្លួនhttps://www.samsung.com ដែលជាវេបសាយជាភាសាថៃ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីផ្ទាំងមុខនៃគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Samsung Eletronics សម្រាប់ប្រទេសកម្ពុជា និងប្រទេសថៃ។
ការផ្សព្វផ្សាយផ្ដល់រង្វាន់នៅលើបណ្ដាញសង្គមបែបនេះ បានកើតឡើងជាច្រើនឆ្នាំមកហើយ ហើយត្រូវបានអ្នកជំនាញផ្នែកសុវត្ថិភាពឌីជីថលចាត់ទុកជាការបោកបញ្ឆោតតាមអនឡាញ ឬតាមបណ្ដាញសង្គម។
កាលពីដើមឆ្នាំនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យារបស់ក្រសួងមហាផ្ទៃ បានព្រមានពីហានិភ័យសម្រាប់អ្នកចុច ឬធ្វើតាមការផ្សព្វផ្សាយផ្ដល់រង្វាន់បែបនេះ ជាពិសេសការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួន។
អ្នកបណ្ដុះបណ្ដាលផ្នែកសុវត្ថិភាពលើប្រព័ន្ធឌីជីថល អ្នកស្រី ឈិត កណិកា បានឱ្យដឹងថា ការផ្សព្វផ្សាយបែបបោកបញ្ឆោតបែបនេះ បានកើតឡើងជាយូរមកហើយ ដោយមានការប្រើប្រាស់ឈ្មោះក្រុមហ៊ុនល្បីៗ។
អ្នកជំនាញសុវត្ថិភាពឌីជីថលរូបនេះ បន្ថែមថា ការផ្សព្វផ្សាយបញ្ចុះតម្លៃដ៏ច្រើនបែបនេះ គឺជាការបោកបញ្ឆោតបែបបន្លំតាមអនឡាញ (phishing attack) ដើម្បីល្បួងអ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យអនុវត្តតាមជំហានបន្តបន្ទាប់ ដូចជា ការតម្រូវឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមចុចលើតំណភ្ជាប់ណាមួយ ឬបំពេញព័ត៌មានផ្ទាល់ខ្លួន។
អ្នកស្រី កណិកា បានប្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមឱ្យជៀសវាងការចូលរួមនៅក្នុងករណីបែបនេះ និងការអនុវត្តតាមសេចក្ដីណែនាំ ឬលក្ខខណ្ឌតម្រូវណាមួយទៀតនៅជំហានបន្ទាប់ ដោយព្រមានពីការបែកធ្លាយព័ត៌មានខ្លួនដែលនាំឱ្យបុគ្គលមានបំណងអាក្រក់យកព័ត៌មានទាំងនេះទៅប្រើប្រាស់ក្នុងបំណងទុច្ចរិតណាមួយ។
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការផ្សព្វផ្សាយថា ក្រុមហ៊ុន Samsung លក់បញ្ចុះតម្លៃដ៏សម្បើមសម្រាប់នាឡិកាដៃឆ្លាតវៃនោះ មិនមែនជាការពិតនោះឡើយ។ ការផ្សព្វផ្សាយនេះ គឺជាការបោកបញ្ឆោតបន្លំតាមបណ្ដាញសង្គម ឬតាមអនឡាញ។
Title:ការបោកបញ្ឆោតតាមអនឡាញផ្សព្វផ្សាយថា Samsung លក់បញ្ចុះតម្លៃធំតាមអនឡាញ
Fact Check By: Jay UdomResult: False