
បន្ទាប់ពីគ្រោះរញ្ជួយដីបានអង្រួនភូមា និងថៃមក ទំព័រហ្វេសប៊ុកនៃសារព័ត៌មាននានានៅកម្ពុជាបានបង្ហោះរូបថតដែលបង្ហាញឱ្យឃើញត្រី Oarfish ២ក្បាលនៅឆ្នេរសមុទ្រ ហើយនិយាយថា ការបង្ហាញខ្លួនរបស់ត្រីនេះជាសារដាស់តឿនថា នឹងមានគ្រោះមហន្តរាយធម្មជាតិកើតឡើង។ ព័ត៌មាននេះ ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គមពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ព័ត៌មានមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ទំព័រហ្វេសប៊ុករបស់ប្រព័ន្ធផ្សព្វផ្សាយនានានៅកម្ពុជា បានបង្ហោះព័ត៌មានថា ប្រទេសថៃបានប្រទះឃើញត្រី Oarfish ចំនួនពីរក្បាលងាប់នៅលើឆ្នេរសមុទ្រកាលពីខែមករា ឆ្នាំ២០២៤កន្លងមក ដោយថា វត្តមានត្រីនេះងាប់នៅលើឆ្នេរជាសញ្ញាបញ្ជាក់ថានឹងមានគ្រោះរញ្ជួយដីកើតឡើង។
ទំព័រហ្វេសប៊ុកនៃបណ្ដាប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានបង្ហោះភ្ជាប់មកជាមួយនូវរូបថតត្រី Oarfish ពីរក្បាលងាប់នៅលើឆ្នេរសមុទ្រ និងមានមនុស្សម្នាឈរមើលជុំវិញត្រីទាំងពីរក្បាលនោះ។
ព័ត៌មាននេះ ត្រូវបានចែកចាយព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា ដោយជឿទៅតាមអ្វីដែលបណ្ដាសារព័ត៌មានក្នុងស្រុកបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីសារបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុក Troyorng – ត្រយង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា “នៅចាំទេ កាលពី ០៥ ខែមករា ឆ្នាំ២០២៤ មានព័ត៌មានផ្សាយពីហេតុការណ៍ត្រី Oarfish ឬគេហៅថា ត្រីនាំសញ្ញារញ្ជួយដី នេះឡើងមកលើគោកនៅឆ្នេរសមុទ្រថៃ។ ពេលនេះ គ្រោះធម្មជាតិនោះកើតឡើងមែន គឺនៅថ្ងៃទី២៨ ខែមីនានេះ ថៃបានរងគ្រោះរញ្ជួយដីពិតប្រាកដមែន […]”។
ក្រៅពីសារព័ត៌មានខាងលើ ទ័ព័រហ្វេសប៊ុកកាសែតកោះសន្តិភាព ក៏បានបង្ហោះសារក្នុងន័យដូចគ្នាផងដែរនៅថ្ងៃនេះ ហើយត្រូវបានចែកចាយបន្តរហូតដល់ជាង ៥០០ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា។
ដោយសារតែព័ត៌មាននេះផុសផុលនៅលើបណ្ដាញសង្គមក្រោយកើតហេតុការណ៍វាយប្រហារប្រទេសភូមា និងប្រទេសថៃនៅថ្ងៃនេះ ព័ត៌មានដូចគ្នានេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនទៀត។ គេអាចរកមើលព័ត៌មាននេះបានតាមរយៈតំណភ្ជាប់នៅទីនេះ៖ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), និង Link 5 (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញរូបថតដូចគ្នានេះដែលត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនកាលពីចុងឆ្នាំ២០២៣កន្លងមក។
នៅក្នុងអត្ថបទសេចក្ដីរាយការណ៍ព័ត៌មានរបស់ខ្លួនចេញផ្សាយថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនឈ្មោះ GMA Network បានឱ្យដឹងថា ត្រី Oarfish ២ក្បាលប្រវែង ៣.២ម៉ែត្រ និងមានទម្ងន់ចន្លោះពី ៨ ទៅ ១០គីឡូក្រាម ត្រូវបានគេប្រទះឃើញស្លាប់នៅលើឆ្នេរសមុទ្រនៃទីក្រុង Ligao ស្ថិតនៅក្នុងខេត្ត Albay របស់ហ្វីលីពីន។
សារព័ត៌មានហ្វីលីពីនមួយនេះ ក៏បានចុះផ្សាយរូបថតមួយសន្លឹកនៅក្នុងអត្ថបទសេចក្ដីរាយការណ៍ព័ត៌មានរបស់ខ្លួនផងដែរ ដែលបង្ហាញត្រី Oarfish ២ក្បាល និងជើងមនុស្សឈរនៅជិតត្រី ២ក្បាលនោះនៅឯឆ្នេរសមុទ្រ។
បើយករូបថតដែលចុះផ្សាយដោយសារព័ត៌មាន GMA Network របស់ហ្វីលីពីនទៅធៀបនឹងរូបថតដែលត្រូវបានគេអះអាងនៅលើបណ្ដាញសង្គមនោះ គេអាចមើលឃើញថា រូបថតទាំងពីរសន្លឹកនេះមានលក្ខណៈដូចគ្នាទាំងស្រុង គ្រាន់តែមួយផ្នែកត្រូវបានកាត់ចេញ។
ជាងនេះទៅទៀត រូបថតដូចគ្នាទាំងស្រុងត្រូវបានរកឃើញបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វីលីពីនកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ដែលរៀបរាប់ថា ត្រី Oarfish ២ក្បាលនេះ ត្រូវបានប្រទះឃើញស្លាប់នៅលើឆ្នេរសមុទ្រទីក្រុង Ligao នៃខេត្ត Albay របស់ហ្វីលីពីន។
តើការបង្ហាញខ្លួនរបស់ត្រី Oarfish ជាសញ្ញាបង្ហាញថា នឹងមានគ្រោះមហន្តរាយកើតឡើងមែនឬទេ?
ត្រី Oarfish ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Regalecus glesne គឺជាសត្វសមុទ្ររស់នៅទឹកជ្រៅ និងកម្រមានវត្តមាននៅទឹករាក់។ វាមានប្រហែងវែងរហូតដល់ ១០ម៉ែត្រ និងមានរូបរាងស្ដើងដូចក្រណាត់ខ្សែបូដូច្នោះដែរ។ វារស់នៅមហាសមុទ្រនៅចន្លោះខ្សែត្រូពិក ដែលហេតុធ្វើឱ្យមនុស្សយើងកម្រជួបប្រទះត្រីប្រភេទនេះ។
ប៉ុន្តែ ត្រីប្រភេទនេះត្រូវបានគេប្រទះឃើញអណ្ដែតមកដល់តំបន់ឆ្នេរសមុទ្រនៃបណ្ដាប្រទេសនានា ដូចជា ជប៉ុន ហ្វីលីពីន ម៉ិកស៊ិក និងអាមេរិក ជាដើម។
ការផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកនៃសារព័ត៌មាននានានៅកម្ពុជា បានលើកឡើងថា វត្តមានត្រីប្រភេទនេះនៅតំបន់ឆ្នេរ ឬសមុទ្រទឹករាក់ ជាសញ្ញាបង្ហាញថា គ្រោះមហន្តរាយនានាដូចជារញ្ជួយដី ឬរលកស៊ូណាមិ នឹងកើតឡើង។
ទោះជាយ៉ាងណា ការសិក្សាមួយបោះពុម្ពផ្សាយកាលពីឆ្នាំ២០១៨កន្លងមក បង្ហាញថា ការបង្ហាញខ្លួនរបស់ត្រីនេះនៅលើផ្ទៃទឹក មានជាប់ពាក់ព័ន្ធនឹង El Nino។ បើតាមការសិក្សាដដែលនេះ អំឡុងពេលកើតមានចលនា El Nino សីតុណ្ហភាពទឹកសមុទ្រឡើងកម្ដៅជាច្រើនអង្សាខ្ពស់ជាងធម្មតា។ បម្រែបម្រួលនេះ បានបង្កឱ្យប៉ះពាល់ដល់ប្លង់តុង និងត្រីល្អិតៗ ដែលចំណីរបស់ត្រី Oarfish។ ហេតុនេះហើយបានជាត្រីប្រភេទនេះស្វែងរកចំណីនៅលើផ្ទៃទឹក។
ផ្នែកផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយនៃទីភ្នាក់ងារព័ត៌មាន AFP (AFP Fact Check) បានដកស្រង់សម្ដីរបស់លោក Thomas Claverie ជីវវិទូជីវសាស្ត្រសមុទ្រនៅឯសាកលវិទ្យាល័យ Reunion Island ដែលនិយាយថា ក្រុមអ្នកនេសាទបានជួបប្រទះត្រីប្រភេទនេះញឹកញាប់ជាងគេ ប៉ុន្តែ ពួកគេមិនបានស្លាប់ដោយសារតែរលកយក្សស៊ូណាមិនោះឡើយ។
ចំណែកឯរូបវិទូភូមិសាស្ត្រសមុទ្រ លោក Marc-André Gutscher នៅឯមជ្ឈមណ្ឌលជាតិបារាំងសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ បានបញ្ជាក់ថា ការបង្ហាញខ្លួនរបស់ត្រីប្រភេទនេះមានជាប់ពាក់ព័ន្ធនឹងបាតុភូត El Nino ពោលគឺថា នៅពេលសីតុណ្ហភាពលើផ្ទៃទឹកកាន់តែក្ដៅខ្ពស់ជាងធម្មតា ទឹកជ្រៅកាន់តែត្រជាក់ខ្លាំងជាងធម្មតា។ សូមអានលម្អិតនៅទីនេះ
សន្និដ្ឋាន
Fact Crescendo រកឃើញថា ព័ត៌មានដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតដែលបង្ហាញឱ្យឃើញវត្តមានត្រី Oarfish នោះ មិនមែនជាករណីកើតឡើងនៅឆ្នេរសមុទ្រថៃនៅដើមឆ្នាំ២០២៤នោះឡើយ។ ត្រី Oarfish នៅក្នុងរូបថតនេះ ត្រូវបានគេប្រទះឃើញស្លាប់នៅលើឆ្នេរសមុទ្រនៃទីក្រុង Ligao របស់ហ្វីលីពីន។ វត្តមានត្រីប្រភេទនេះ មិនមែនជាសញ្ញាបញ្ជាក់ថា តំបន់នោះនឹងរងគ្រោះដោយរញ្ជួយដី ឬរលកយក្សស៊ូណាមិនោះឡើយ។ វាជាប់ពាក់ព័ន្ធនឹងបាតុភូត El Nino។

Title:ការបង្ហាញរបស់ត្រី Oarfish ជាសញ្ញាប្រាប់គ្រោះមហន្តរាយខាងមុខ តើជាការពិតឬទេ?
Fact Check By: Jay UdomResult: False
