ខណៈ​ដែល​រូប​ថត​ និង​វីដេអូ​ឃ្លីប​ទេសភាព​ប្រទេស​កម្ពុជា​ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជា​រឿយ​ៗ​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ជិះ​ស្លាយ​នៅ​ជម្រាល​ភ្នំ​មួយ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ ដោយ​បាន​អះ​អាង​ថា​ វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​។​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​ ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​តុលា​ ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ដែល​មាន​រយៈ​ពេល​ ១៨​វិនាទី​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ជិះ​ស្លាយស្ងួត​​នៅ​លើ​ជម្រាល​ភ្នំ​មួយ​កន្លែង​។​ វីដេអូ​ឃ្លីប​នោះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​បញ្ជាក់​ទីតាំង​នៃ​ការ​ជិះ​ស្លាយ​នោះ​ថា​ ស្ថិត​នៅ​ក្នុង​ស្រុក​មង្គល​បុរី​ ក្នុង​អំឡុង​ពេល​ភ្ជុំ​បិណ្ឌ​កន្លង​ទៅ​​។​

ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «ស្រុក​មង្គលបុរី​ ភ្នុំធំ​យើង​ហ្នឹង​ ☘️❤️😂»។

Facebook Post | Archived Link

ការលើក​ឡើង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​។​

Facebook Post | Archived Link

វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​តាម​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

ទិដ្ឋភាព​នៃ​ការ​ជិះ​ស្លាយ​ស្ងួត​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​វៀត​ណាម​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Mango Land - Dalat» បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​ទិដ្ឋភាព​នោះ​ គឺ​ជា​ទិដ្ឋភាព​នៅ​ក្នុង​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយមានជ័យ​នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ទិដ្ឋភាព​នោះ​ គឺ​ជា​ទិដ្ឋភាព​ស្លាយ​ស្ងួត​នៅ​ក្នុង​តំបន់​ទេសចរណ៍​ Mango Land Dalat។​​ ដាឡាត់​ (Dalat) គឺ​ជា​ខេត្ត​មួយដែល​ស្ថិត​នៅ​តំបន់​ខ្ពង់​រាប​ភាគ​កណ្ដាល​​ប្រទេស​​វៀត​ណាម​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​បញ្ជាក់​ថា​ «ស្លាយ​ស្ងួតនៅ​ Mango Land Dalat ត្រូវ​បាន​គេស្គាល់​ថា​ គឺ​ជា​ស្លាយ​ស្ងួត​មួយ​ ដែល​វែង​ជាង​គេ​បំផុត​នៅ​ក្នុង​ខេត្ត​ដាឡាត់​ ប្រទេស​វៀតណាម​​»។​

Facebook Post | Archived Link

វីដេអូ​ឃ្លីប​មួយ​ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ «Mango Land Dalat» ក៏​បាន​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ជិះ​ស្លាយ​នៅ​ក្នុង​បរិវេណ​តំបន់​ទេសចរណ៍​របស់​ខ្លួន​ផង​ដែរ​។​

Facebook Post | Archived Link

Mango Land Dalat គឺ​ជា​គោល​ដៅ​ទេសចរណ៍​កំពុង​លេច​ធ្លោ​មួយ​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​ដាឡាត់​ ប្រទេស​វៀត​ណាម​ និង​មាន​រយៈ​ចម្ងាយ​ប្រមាណ​ ១៥​គីឡូ​ម៉ែត្រ​ ពី​ក្រុង​ដាឡាត់​។​

Google Map | Archived Link

ដូច​គ្នា​នេះ​ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​វីដេអូ​ឃ្លីប​ដែល​បង្ហាញ​ទិដ្ឋភាព​តំបន់​ទេសចរណ៍​ Mango Land Dalat ដែល​ត្រូវ​បាន​ថត​ និង​បង្ហោះ​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube នា​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​។​

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​​វីដេអូ​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ វីដេអូ​ឃ្លីប​ខាង​លើ​នេះ​ មិន​មែន​ជា​ទិដ្ឋភាព​នៅ​ក្នុង​ស្រុក​មង្គល​បុរី​ ខេត្ត​បន្ទាយមានជ័យ​នោះ​ទេ​។​ ការ​ពិត​ វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ផ្នែក​មួយ​នៅ​ក្នុង​តំបន់​ទេសចរណ៍​ Mango Land Dalat ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​ដាឡាត់​ (Dalat) ប្រទេស​វៀត​ណាម​។​

Avatar

Title:ស្លាយ​ជិះ​តាម​ជម្រាល​ភ្នំ​មួយ​នៅ​វៀត​ណាម​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​នៅ​កម្ពុជា

Written By: Kakada Sim

Result: Misleading