ស្លាយជិះតាមជម្រាលភ្នំមួយនៅវៀតណាម ត្រូវបានភ្ជាប់មិនត្រឹមត្រូវថានៅកម្ពុជា
ខណៈដែលរូបថត និងវីដេអូឃ្លីបទេសភាពប្រទេសកម្ពុជា ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមជារឿយៗ វីដេអូឃ្លីបមួយ បង្ហាញទិដ្ឋភាពនៃការជិះស្លាយនៅជម្រាលភ្នំមួយ ត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុក ដោយបានអះអាងថា វាមានទីតាំងស្ថិតនៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ការអះអាងលើវីដេអូឃ្លីបនេះ ទទួលបានការចែកចាយ និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និយាយភាសាខ្មែរជាច្រើនយ៉ាងផុសផុល។ ទោះជាយ៉ាងណា Fact Crescendo Cambodia ការត្រួតពិនិត្យការពិតរបស់ បានរកឃើញថា ការអះអាងដោយភ្ជាប់ទៅនឹងវីដេអូឃ្លីបខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូឃ្លីបដែលមានរយៈពេល ១៨វិនាទី បង្ហាញទិដ្ឋភាពនៃការជិះស្លាយស្ងួតនៅលើជម្រាលភ្នំមួយកន្លែង។ វីដេអូឃ្លីបនោះ ត្រូវបានភ្ជាប់ជាមួយនឹងការបញ្ជាក់ទីតាំងនៃការជិះស្លាយនោះថា ស្ថិតនៅក្នុងស្រុកមង្គលបុរី ក្នុងអំឡុងពេលភ្ជុំបិណ្ឌកន្លងទៅ។
ការបង្ហោះដោយភ្ជាប់ទៅនឹងវីដេអូឃ្លីបខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ដែលទំព័រហ្វេសប៊ុកខាងលើ បានសរសេររៀបរាប់ថា «ស្រុកមង្គលបុរី ភ្នុំធំយើងហ្នឹង ☘️❤️😂»។
ការលើកឡើងដោយភ្ជាប់ទៅនឹងវីដេអូឃ្លីបដូចគ្នានេះ ក៏ត្រូវបានរកឃើញនៅលើទំព័រហ្វេសប៊ុកដទៃទៀតផងដែរ។
វីដេអូឃ្លីបភ្ជាប់ដោយការអះអាងបែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើតាមបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើនទៀតផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើ តាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
ទិដ្ឋភាពនៃការជិះស្លាយស្ងួត ដែលមានទម្រង់ និងសណ្ឋានដូចគ្នាទាំងស្រុងនេះ ត្រូវបានរកឃើញនៅលើទំព័រហ្វេសប៊ុកវៀតណាមមួយ ដែលមានឈ្មោះថា «Mango Land - Dalat» បង្ហោះកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។ ទំព័រហ្វេសប៊ុកដដែលខាងលើនេះ ពុំបានបញ្ជាក់ទិដ្ឋភាពនោះ គឺជាទិដ្ឋភាពនៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យនោះឡើយ។ ផ្ទុយទៅវិញ ទិដ្ឋភាពនោះ គឺជាទិដ្ឋភាពស្លាយស្ងួតនៅក្នុងតំបន់ទេសចរណ៍ Mango Land Dalat។ ដាឡាត់ (Dalat) គឺជាខេត្តមួយដែលស្ថិតនៅតំបន់ខ្ពង់រាបភាគកណ្ដាលប្រទេសវៀតណាម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេរបញ្ជាក់ថា «ស្លាយស្ងួតនៅ Mango Land Dalat ត្រូវបានគេស្គាល់ថា គឺជាស្លាយស្ងួតមួយ ដែលវែងជាងគេបំផុតនៅក្នុងខេត្តដាឡាត់ ប្រទេសវៀតណាម»។
វីដេអូឃ្លីបមួយដែលបានបង្ហោះដោយទំព័រហ្វេសប៊ុក «Mango Land Dalat» ក៏បានបង្ហាញទិដ្ឋភាពនៃការជិះស្លាយនៅក្នុងបរិវេណតំបន់ទេសចរណ៍របស់ខ្លួនផងដែរ។
Mango Land Dalat គឺជាគោលដៅទេសចរណ៍កំពុងលេចធ្លោមួយ ដែលមានទីតាំងនៅក្នុងខេត្តដាឡាត់ ប្រទេសវៀតណាម និងមានរយៈចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ពីក្រុងដាឡាត់។
ដូចគ្នានេះ Fact Crescendo Cambodia ក៏បានរកឃើញវីដេអូឃ្លីបដែលបង្ហាញទិដ្ឋភាពតំបន់ទេសចរណ៍ Mango Land Dalat ដែលត្រូវបានថត និងបង្ហោះនៅលើគេហទំព័រវីដេអូ YouTube នាពេលថ្មីៗនេះផងដែរ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន Fact Crescendo Cambodia បានរកឃើញថា ការអះអាងដោយភ្ជាប់ទៅនឹងវីដេអូខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ វីដេអូឃ្លីបខាងលើនេះ មិនមែនជាទិដ្ឋភាពនៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យនោះទេ។ ការពិត វីដេអូឃ្លីបនេះ គឺជាផ្នែកមួយនៅក្នុងតំបន់ទេសចរណ៍ Mango Land Dalat ដែលមានទីតាំងស្ថិតនៅក្នុងខេត្តដាឡាត់ (Dalat) ប្រទេសវៀតណាម។
Title:ស្លាយជិះតាមជម្រាលភ្នំមួយនៅវៀតណាម ត្រូវបានភ្ជាប់មិនត្រឹមត្រូវថានៅកម្ពុជា
Written By: Kakada SimResult: Misleading