តើនេះគឺជារូបភាពបំណែកកម្ទេចកម្ទីរបស់នាវាមុជទឹក Titan មែនដែរឬទេ?
ប្រតិបត្តិការស្វែងរកនាវមុជទឹក Titan ដែលដឹកមនុស្ស ៥នាក់ទៅមើលខ្មោចនាវា Titanic នៅបាតមហាសមុទ្រអាត្លង់ទិច បានឈានទៅដល់ការរកឃើញបំណែកនាវាមុជទឹកនោះហើយ ហើយអ្នកដំណើរ ៥នាក់នៅក្នុងនាវាមុជទឹកនោះ ត្រូវបានគេសន្និដ្ឋានថា បានស្លាប់បាត់បង់ជីវិតទៅហើយ។
បន្ទាប់មក រូបថតមួយចំនួនដែលបង្ហាញឱ្យឃើញកម្ចេចកម្ចី ស្បែកជើង និងប្រដាប់ប្រដារនៅក្រោមទឹក ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម និងត្រូវបានគេអះអាងថា ជាបំណែកនៃនាវាមុជទឹកនោះ។ ការអះអាងនេះ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតដោយអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់ការពិតរបស់ Fact Crescendo Cambodia រកឃើញថា ការអះអាងបែបនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតចំនួន ២សន្លឹក បង្ហាញទិដ្ឋភាពបំណែកកម្ទេចកម្ទីកប់នៅក្នុងខ្សាច់បាតសមុទ្រមួយកន្លែង។ រូបថតទាំងនេះ ត្រូវបានអះអាងថា គឺជាទិដ្ឋភាពនៃបំណែកកម្ទេចកម្ទីរបស់នាវាមុជទឹក Titan ដែលបានបាត់ដំណឹងកាលពីប៉ុន្មានថ្ងៃកន្លងទៅ។ ការលើកឡើងបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្ដិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានរៀបរាប់ថា «បំណែក និងកម្ទេចកម្ទីដែលបានមកពីនាវាមុជទឹក Titan»។
រូបថតដែលភ្ជាប់នឹងការលើកឡើងបែបនេះ ក៏ទទួលបានការចែករំលែកជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃផងដែរ។
ការអះអាងបែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនផ្សេងទៀត នាប៉ុន្មានម៉ោងចុងក្រោយនេះផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុង តាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link) ឬតំណភ្ជាប់មួយនៅទីនេះ (archived link) ឬតំណភ្ជាប់មួយទៀតនៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
រូបថតមួយសន្លឹកដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅលើគេហទំព័រ Alamy ដែលជាគេហទំព័រសោតទស្សន៍ដ៏ធំមួយ។ គេហទំព័រដដែលនេះ បានបញ្ជាក់ថាសំណល់សម្លៀកបំពាក់ និងស្បែកជើងកវែង ដែលកប់នៅក្នុងភក់ ក្បែរកប៉ាល់ទីតានិចនោះ គឺត្រូវបានថតតាំងពីឆ្នាំ២០០៤មកម្ល៉េះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានផ្តល់ជូនដោយសាកលវិទ្យាល័យ Rhode Island សហរដ្ឋអាមេរិក។
ដូចគ្នានេះ រូបថតមួយសន្លឹកផ្សេងទៀត ក៏ត្រូវបានរកឃើញនៅលើគេហទំព័រ Alamy ផងដែរ ដែលមិនបានបញ្ជាក់ថានោះ គឺជាទិដ្ឋភាពបំណែក និងកម្ទេចកម្ទីដែលគេបានរកឃើញមកពីនាវាមុជទឹក Titan នោះទេ។ រូបថតនេះ ការពិតគឺជាទិដ្ឋភាពសំណល់កម្ទេចកម្ទីស្បែកជើងរបស់ជនរងគ្រោះ នៃគ្រោះមហន្តរាយនៃការលិចកប៉ាល់ទីតានិចកាលពីជាង១០០ឆ្នាំមុន។
ក្រុមការងាររបស់ Fact Crescendo ក៏បានធ្វើការស្នើសុំបញ្ជាក់បំភ្លឺករណីខាងលើនេះដោយផ្ទាល់ ទៅកាន់នាយកដ្នានឆ្មាំឆ្នេរ របស់សហរដ្ឋអាមេរិក (US Coast Guard Department) តាមរយៈសារអេឡិចត្រូនិក (Email) ផងដែរ ដែលនាយកដ្ឋានមួយនេះ បានបដិសេធនូវការអះអាងដោយភ្ជាប់រូបថតខាងលើ ហើយបានច្រានចោល និងបញ្ជាក់ថាអង្គភាព Unified Command របស់សហរដ្ឋអាមេរិក មកដល់ម៉ោងនេះ មិនទាន់មានការផ្សព្វផ្សាយនូវរូបថតនៃបំណែកកម្ទេចកម្ទីនៃនាវាមុជទឹក Titan ជាផ្លូវការណ៍នៅឡើយទេ។
ខាងក្រោមនេះ គឺជាការបញ្ជាក់តាមរយៈសារអេឡិចត្រូនិក (Email) របស់លោកស្រីអនុសេនីយ៍ទោ Anne McGoldrick។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលបានរៀបរាប់ដូចខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ រូបថតនេះ មិនមែនជាទិដ្ឋភាពបំណែក និងកម្ទេចកម្ទីដែលគេបានរកឃើញមកពីនាវាមុជទឹក Titan នោះទេ។ រូបថតទាំងនេះ គឺជាបំណែកកម្ទេចកម្ទីរបស់ជនរងគ្រោះ នៃការលិចកប៉ាល់ទីតានិច ដែលត្រូវបានថត តាំងពីឆ្នាំ២០០៤មកម្ល៉េះ។
Title:តើនេះគឺជារូបភាពបំណែកកម្ទេចកម្ទីរបស់នាវាមុជទឹក Titan មែនដែរឬទេ?
Written By: Kakada SimResult: Misleading