ខណៈ​ដែល​កម្ពុជា​ឈាន​កាន់​តែ​ជិត​ដល់​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ប្រទេស​សិង្ហបុរី។ ការ​អះអាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។

ការអះអាងលើបណ្ដាញសង្គម

ចាប់​តាំង​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ស្ថិត​នៅ​ក្រោម​ការ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចាប់​តាំង​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​មក ហើយ​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដោយ​ជឿ​ថា ព័ត៌មាន​នេះ​ជា​ការ​ពិត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ហ៊ុន សែន កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​សាំងហ្គាពួរ [សិង្ហបុរី] តែ​អត់​ផ្ទេរ​សិទ្ធិ​អោយ​ ស ខេង ទេ»។

Facebook Post | Archived Link

ការ​អះអាង​ក្នុង​ន័យ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សកម្មជន​គណបក្ស​ប្រឆាំង​មាន​មូលដ្ឋាន​នៅ​ឯ​ក្រៅ​ប្រទេស​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ដោយ​សកម្មជន​បក្ស​ប្រឆាំង​រស់នៅ​ក្រៅ​ប្រទេស លោក ឆាំ ឆានី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ច្បាស់​ហើយ សម្ដេច​ទៅ​សម្ពោធ​មន្ទីរ​ពេទ្យ​នៅ​សាំងហ្កាពួ»។

Facebook Post | Archived Link

សកម្មជន​គាំ​ទ្រ​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ដែល​កំពុង​រស់នៅ​ឯ​ក្រៅ​ប្រទេស ក៏​បាន​បង្ហោះ​ការ​អះអាង​ក្នុង​ន័យ​ដូច​គ្នា​ផង​ដែរ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២៣ ដែល​រៀប​រាប់​ថា «លឺ​ដំណឹង​មក​ថា ហ៊ុន សែន ទៅ​លេង​មន្ទីរ​ពេទ្យ​ប្រទេស​សាំងហ្គារពួរ?»។

Facebook Post | Archived Link

ការត្រួតពិនិតុ្យការពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​សាក​សួរ​ទៅ​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ការ​ពិនិត្យ​មើល​ឡើង​វិញ​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​របស់​គាត់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោ​យនេះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២១ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣​នេះ បន្ទាប់​ពី​លោក​បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​នៅ​ក្នុង​ពិធី​រំលឹក​ខួប ៤៦​ឆ្នាំ​នៃ​ដំណើរ​របស់​លោក​ឆ្ពោះ​ទៅ​រក​ការ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បង្ហាញ​លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​រំលឹក​ខួប ៤៦​ឆ្នាំ​នៃ​ដំណើរ​ឆ្ពោះ​ទៅ​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ការ​បញ្ជាក់​ពី​ Fact Crescendo Cambodia នៅ​ថ្ងៃ​សៅរ៍​នេះ ​លោក សេង ទៀង ដែល​ជា​ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រាប់​ថា លោក​មិន​បក​ស្រាយ​អ្វី​ច្រើន​នោះ​ឡើយ ប៉ុន្តែ លោក​បាន​ចង្អុល​ទៅ​វត្តមាន​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​បាន​ជួប​ជុំ​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​ជិត ២​ម៉ឺន​នាក់​នៅ​ព្រឹក​ថ្ងៃ​នេះ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​នៅ​ព្រឹក​ថ្ងៃ​នេះ ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​ជិត ២​ម៉ឺន​នាក់​ ដែល​ពិធី​សំណេះ​សំណាល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ។

ពិធី​សាធារណៈ​នេះ ក៏​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផង​ដែរ ដោយ​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី​ឈរ​ថ្លែង​ទៅ​កាន់​មហាជនរយៈពេល​ជិត ១​ម៉ោង ហើយ​លោក​ថត​រូប​ជាមួយ​កម្មករ​កម្មការិនី​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នោះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ការ​ថ្លែង​ជា​សាធារណៈ​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​សំណេះ​សំណាល​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។

រូបថត និង​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ព្រឹក​នេះ បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដើរ​ចាប់​ដៃ​កម្មករ​កម្មការិនី​ និង​អនុញ្ញាត​ឱ្យ​ពួកគេ​ថត​រូប​ជាមួយ ហើយ​បង្ហាញ​លោក​ថ្លែង​សារ​នយោបាយ​ដូច​ធម្មតា។

សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ​ដែល​បង្ហាញ​សកម្មភាព​លោក ហ៊ុន សែន ជួប​ចាប់​ដៃ និង​ថត​រូប​ជាមួយ​ក្រុម​កម្មករ​កម្មការិនី នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៣។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ ជា​ព័ត៌មាន​ក្លែង​ក្លាយ​។ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី​ដូច​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។ លោក ហ៊ុន សែន មាន​សុខភាព​ធម្មតា និង​បាន​ចុះ​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​នៅ​ព្រឹក​ថ្ងៃ​នេះ។

Avatar

Title:ព័ត៌មាន​ក្លែង​ក្លាយ​មួយ​ថា លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​សិង្ហបុរី

Written By: Jay Udom

Result: False