ព័ត៌មានក្លែងក្លាយមួយទៀតថា លោក ហ៊ុន សែន ឈឺធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យ
ខណៈដែលកម្ពុជាឈានកាន់តែជិតដល់ការបោះឆ្នោតសកលនៅខែកក្កដាខាងមុខនេះ ការអះអាងដ៏ផុសផុលមួយនៅលើបណ្ដាញសង្គម បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យមួយនៅក្នុងស្រុក។ ការអះអាងនេះ ត្រូវបានគេចែករំលែកបន្តជាច្រើនដង និងមានការបញ្ចេញមតិយោបល់ចម្រុះបែប បន្ទាប់ពីវាត្រូវបានបង្ហោះលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ គឺជាព័ត៌មានក្លែងក្លាយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងឈឺធ្ងន់ និងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យមួយនៅក្នុងស្រុកដោយទទួលការព្យាបាលពីក្រុមវេជ្ជបណ្ឌិតមកពីសិង្ហបុរី។
ការអះអាងនេះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចូលទស្សនា និងចែករំលែកបន្តរហូតដល់ជាង ៦០០ដង ព្រមទាំងការបញ្ចេញមតិយោបល់ចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានផ្ដាមពីការអះអាងលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា «ហ៊ុន សែន ឈឺធ្ងន់នៅក្នុងមន្ទីរពេទ្យ»។
មួយថ្ងៃមុនការអះអាងខាងលើត្រូវបានបង្ហោះលើបណ្ដាញសង្គម អ្នកប្រើប្រាស់បណ្ដាញសង្គមមួយទៀត ក៏បានបង្ហោះការអះអាងក្នុងន័យដូចគ្នានៅលើបណ្ដាញសង្គមផងដែរ។
កាលពីសប្ដាហ៍មុន ការអះអាងថា លោក ហ៊ុន សែន ឈឺធ្ងន់ ឬត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្នុងប្រទេសសិង្ហបុរីនោះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមជាបន្តបន្ទាប់ ហើយក៏ត្រូវបានចែករំលែកបន្តយ៉ាងផុសផុលផងដែរ។ សូមមើលការអះអាងទាំងនោះតាមរយៈតំណភ្ជាប់មាននៅទីនេះ (archived) ឬតាមរយៈតំណភ្ជាប់មួយទៀតមាននៅទីនេះ (archived) ឬតាមរយៈតំណភ្ជាប់មួយទៀតមាននៅទីនេះ (archived)។
ការត្រួតពិនិតុ្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការសាកសួរទៅមន្ត្រីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការពិនិត្យមើលឡើងវិញការបង្ហាញខ្លួនជាសាធារណៈរបស់គាត់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
កាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញវត្តមានជាសាធារណៈជាបន្តបន្ទាប់ ប៉ុន្តែ លោកមិនបានបង្ហាញខ្លួនជាសាធារណៈចំនួន ៣ថ្ងៃចាប់ពីថ្ងៃទី២១ ដលើថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
ឆ្លើយតបនឹងការស្នើសុំបញ្ជាក់ពី Fact Crescendo Cambodia កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក សេង ទៀង ដែលជាជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ថា លោកមិនបកស្រាយអ្វីច្រើននោះឡើយ ប៉ុន្តែ លោកបានចង្អុលទៅវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានជួបជុំសំណេះសំណាលជាមួយកម្មករកម្មការិនីជិត ២ម៉ឺននាក់នៅព្រឹកថ្ងៃសៅរ៍នោះ។
ចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុនមក លោក ហ៊ុន សែន បានបង្ហាញវត្តមានជាសាធារណៈជាបន្តបន្ទាប់នៅក្នុងវេទិកាជួបសំណេះសំណាលជាមួយក្រុមកម្មករកម្មការិនីមកពីបណ្ដារោងចក្រសហគ្រាសនានានៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។
កាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសំណេះសំណាលជាមួយក្រុមកម្មករកម្មការិនីជិត ២ម៉ឺននាក់ ដែលពិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីសាធារណៈនេះ ក៏ត្រូវបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផងដែរ ដោយបង្ហាញលោកនាយករដ្ឋមន្ត្រីឈរថ្លែងទៅកាន់មហាជនរយៈពេលជិត ១ម៉ោង ហើយលោកថតរូបជាមួយកម្មករកម្មការិនីដែលបានចូលរួមក្នុងវេទិកានោះផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងនៃការថ្លែងជាសាធារណៈរបស់លោក ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ហើយត្រូវបានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់លោក។
រូបថត និងវីដេអូដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុននោះ បង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរចាប់ដៃកម្មករកម្មការិនី និងអនុញ្ញាតឱ្យពួកគេថតរូបជាមួយ ហើយបង្ហាញលោកថ្លែងសារនយោបាយដូចធម្មតា។
សូមមើលវីដេអូខាងក្រោមនេះដែលបង្ហាញសកម្មភាពលោក ហ៊ុន សែន ជួបចាប់ដៃ និងថតរូបជាមួយក្រុមកម្មករកម្មការិនី នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣។
កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះ លោក ហ៊ុន សែន បានជួបសំណេះសំណាលជាមួយក្រុមកម្មករកម្មការិនីរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន(MANHATTAN) ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
ខាងក្រោមនេះ គឺជារូបថតដែលបង្ហាញលោក ហ៊ុន សែន ជួបសំណេះសំណាល និងថតរូបជាមួយក្រុមកម្មករកម្មការិនីនៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
ដូចសព្វមួយដងដែរ ពិធីសំណេះសំណាលនេះ ក៏ត្រូវបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផងសដែរ ហើយលោកឈរថ្លែងសារនយោបាយរហូតដល់ជិត ១ម៉ោង ៤០នាទី។
សូមមើលវីដេអូទាំងស្រុងនៃការផ្សាយផ្ទាល់លោក ហ៊ុន សែន ថ្លែងសារនយោបាយនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមកម្មករកម្មការិនីរោងចក្រនៅឯក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃអាទិត្យកន្លងមកនេះ។
នៅព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ហ៊ុន សែន បានបង្ហាញវត្តមាននៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសាលាយុត្តិធម៌របស់ក្រសួងយុត្តិធម៌ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយពិធីនេះក៏ត្រូវបានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូទាំងស្រុងនៃការថ្លែងរបស់លោក ហ៊ុន សែន នៅក្នុងពិធីសម្ពោធអគារសាលាយុត្តិធម៌នៅព្រឹកថ្ងៃចន្ទនេះ ដែលបង្ហាញលោកដើរទស្សនាអគារថ្មី និងឈរថ្លែងសារនយោបាយមានរយៈពេលជិត ១ម៉ោង។
កាលពីសប្ដាហ៍មុន យើងបានផ្ទៀងផ្ទាត់ម្ដងរួចមកហើយទៅលើការអះអាងមួយដែលផ្សព្វផ្សាយលើបណ្ដាញសង្គមថា លោក ហ៊ុន សែន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យនៅប្រទេសសិង្ហបុរី។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ ជាព័ត៌មានក្លែងក្លាយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនឈឺធ្ងន់ដូចការអះអាងនោះឡើយ។ លោក ហ៊ុន សែន មានសុខភាពធម្មតា និងបានបង្ហាញវត្តមាននៅក្នុងវេទិកាសាធារណៈរយៈពេល ៣ថ្ងៃជាប់ៗគ្នា។
Title:ព័ត៌មានក្លែងក្លាយមួយទៀតថា លោក ហ៊ុន សែន ឈឺធ្ងន់កំពុងសម្រាកនៅមន្ទីរពេទ្យ
Written By: Jay UdomResult: False