បន្ទាប់​ពីព្រះ​សង្ឃ សាន សុជា បាន​លា​ចាក​សិក្ខាបទ​កាល​ពី​ខែ​ឧសភា​កន្លង​មក​នេះ ការ​អះអាង​មួយ បាន​លើក​ឡើង​ថា លោក​មាន​ភរិយា​ភ្លាមៗ​ក្រោយ​ពី​លា​ចាក​ភ្នួស។ ការ​អះ​អាង​នេះ បាន​បង្ហោះ​រូបថត​ស្ត្រី​ម្នាក់​ឱប​លោក សាន សុជា ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជា​គ្រហស្ថ​ម្នាក់។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ព្រោង​ព្រាត និង​បញ្ចេញ​មតិ​ចម្រុះ​បែប។ ទោះជាយ៉ាងណា បន្ទាប់​ពី​កិច្ច​សម្ភាស​ជាមួយ​ស្ត្រី​ដែល​ឱប​លោក សាន​ សុជា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ទំព័រ​ហ្វេសប៊ុក​មួយ បាន​អះ​អាង​កាល​ពី​ចុង​សប្ដាហ៍​មុន​ថា អតីត​ព្រះ​សង្ឃ សាន សុជា បាន​រៀប​ការ​ប្រពន្ធ​ភ្លាមៗ ក្រោយ​​ពី​លា​ចាក​ភ្នួស​មក​ជា​គ្រហស្ថ​ធម្មតា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា​កន្លង​មក​នេះ។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហោះ​ផង​ដែរ​នូវ​វីដេអូ​ដែល​បង្ហាញ​រូបថត​​​លោក សាន សុជា និង​ស្ត្រី​ម្នាក់​បាន​ឱប​គ្នា​ទៅ​វិញ​ទៅ​មក។

ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ចែក​រំលែក​បន្ត ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ហេតុ​តែ​គេ​មាន​សិល្ប៍​សឹក​ភ្លាម​មាន​ប្រពន្ធ​ភ្លែត។ បួស​សន្សំ​ទ្រព្យ​ជិត​ចេញ​ MV ហើយ​បង​ប្អូន។ និពន្ធ​ចម្រៀង និង​ទំនុក​ភ្លេង​ដោយ​រូប​ខ្ញុំ​បាទ​ផ្ទាល់ អ្នក​ច្រៀង​ដោយ​ប្អូន​ប្រុស យ៉ាង ជីង កែ​សម្រួល​ដោយ​ក្រុម…Troll»។

Facebook Post | Archived Link

ការប្រហាក់​ប្រហែល​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ដែរ​ បន្ទាប់​ពី​លោក សាន សុជា បាន​ក្លាយ​ជា​ឧបាសក​ដូច​មនុស្ស​ទូទៅ​នោះ។

ខាង​ក្រោម​នេះ គឺ​ជា​ការ​អះ​អាង​មួយ​ទៀត​ដែល​រៀបរាប់​ថា ស្ត្រី​ម្នាក់​ដែល​ឱប​លោក សាន សុជា គឺ​ជា​សង្សា​លួច​លាក់​របស់​លោក ហើយ​បាន​បើក​ចំហរ​ទំនាក់​ទំនង​នេះ បន្ទាប់​ពី​លោក​បាន​សឹក​ពី​ភេទ​ជា​សង្ឃ។

Facebook Post | Archived Link

ការ​ត្រួត​ពិនិតុ្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​លើ​ការ​អះអាង​តាម​រយៈ​ការ​ពិនិត្យ​មើល​សេចក្ដី​បក​ស្រាយ​របស់​លោក សាន សុជា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​គាត់ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ ព្រះ​សង្ឃ សាន សុជា បាន​លា​ចាក​សិក្ខាបទ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​ពិធី​សឹក​នេះត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

ភ្លាមៗ​ក្រោយ​ប្ដូរ​ស្បង​ជីវ​ចេញ ហើយ​ស្លៀក​ពាក់​ខោ​អាវ​ជា​ឧបាសក​នោះ លោក សាន សុជា ទទួល​បាន​ការ​ស្វាគមន៍ និង​ការ​ឱប​ក្រសោប​ពី​ម្ដាយ​របស់​លោក និង​សាច់​ញាតិ​ផង​ដែរ។

Fact Crescendo Cambodia បាន​ស្នើ​សុំ​ការ​បក​ស្រាយ​ពី​លោក សាន សុជា តាម​រយៈ​ប្រអប់​សារ​ក្នុង​បណ្ដាញ​សង្គម​ផង​ដែរ ប៉ុន្តែ ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

ទន្ទឹម​គ្នា​នេះ យើង​ក៏​បាន​រក​ឃើញ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ San Chanthy បាន​ថត​ផ្សាយ​វីដេអូ​ដោយ​ផ្ទាល់​ពី​ធី​លា​ចាក​សិក្ខា​បទ​របស់​លោក សាន សុជា នា​ថ្ងៃ​នោះ។

ទំព័រ​​ហ្វេសប៊ុក​ដដែល​នេះ ក៏បាន​បង្ហោះ​ផង​ដែរ​នូវ​​រូបថត​ជាច្រើន​សន្លឹក​នៃ​ពិធី​លា​ចាក​សិក្ខាបទ​នោះ ហើយ​សរសេរ​រៀបរាប់​ថា គាត់​សុំ​ឱប​លោក សាន សុជា ដែល​ជា​បង​ប្រុស​របស់​គាត់។

ទំព័រ​គណនី​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀបរាប់​បន្ត​ថា គាត់​ទើប​តែ​បាន​ឱប​បង​ប្រុស​របស់​គាត់​ជា​លើក​ដំបូង​នៅ​ថ្ងៃ​លា​សិក្ខាបទ​ចាប់​តាំង​ពី​ថ្ងៃ​ចាប់​កំណើត​មក។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​រៀបរាប់​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក San Chanthy កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៣។

Facebook Post | Archived Link

អ្នក​ស្រី សាន ចន្ធី បាន​បញ្ជាក់​ប្រាប់ Fact Crescendo Cambodia កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា លោក សាន សុជា និង​អ្នកស្រី គឺ​ជា​បងប្អូន​បង្កើត​នឹង​គ្នា។ អ្នកស្រី ចន្ធី បាន​បញ្ជាក់​បន្ថែម​ថា លោក សាន សុជា គឺ​ជា​បង​ទី​២ ហើយ​អ្នកស្រី​ផ្ទាល់ គឺ​ជា​កូន​ទី​៥ នៅ​ក្នុង​ចំណោម​បង​ប្អូន​បង្កើត​ទាំង​អស់ ៨​នាក់ ក្នុង​នោះ​មាន​បង​ប្អូន​ស្រី​ចំនួន ៥​នាក់។

អ្នកស្រី សាន ចន្ធី មានស្វាមី និង​កូន​ប្រុស​ម្នាក់​អាយុ ៩​ឆ្នាំ ហើយ​កំពុង​រស់ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី

ទំព័រហ្វេសប៊ុក San Chanthy បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេលជាង ៦​នាទី ដោយ​លោក សាន សុជា បង​ប្អូន​ស្រី និង​ម្ដាយ​របស់​ពួកគេ បាន​រៀបរាប់​ពី​បង​ប្អូន​ខ្លួន​ឯង​កាល​ពី​កុមារភាព។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើនេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ស្ត្រី​ម្នាក់​ដែល​ឱប​លោក សាន សុជា ក្រោយ​ពេល​លា​ចាក​សិក្ខាបទ​នោះ គឺ​ជា​ប្អូន​ស្រី​បង្កើត​ម្នាក់​របស់​លោក​នៅ​ក្នុង​ចំណោម​បង​ប្អូន​សរុប ៨​នាក់។

Avatar

Title:ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា លោក សាន សុជា មាន​ប្រពន្ធ​ភ្លាមៗ​ក្រោយ​លា​ចាក​សិក្ខាបទ

Written By: Jay Udom

Result: False