ខណៈ​មាន​ការ​ជជែក​គ្នា​ច្រើន​អំពី​កីឡា​គុន​ខ្មែរ និង​កីឡា​មួយថៃ​នោះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ច្រើន​កុះករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ឆ្នាំ​១៩២៦។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​ស​ខ្មៅ​មួយ​សន្លឹក ដែល​បង្ហាញ​មនុស្ស​ដ៏​ច្រើន​កុះ​ករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​ការ​អះ​អាង​ថា រូបថត​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ជិត ១០០​ឆ្នាំ​មុន។

ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់ និង​ចោទ​សួរ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​រូបថត​ចាស់​មួយ​សន្លឹក​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​រូបថត​ស​ខ្មៅ​មួយ​សន្លឹកកាល​ពី​ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «តើ​បង​ប្អូន​ជឿ​ឬ​អត់? ប្រវត្តិសាស្ត្រ​ប្រដាល់​គុន​ខ្មែរ​ល្បី​តាំង​ពី​ឆ្នាំ​១៩២៦ ចំនួន​មនុស្ស ១២០,៥៥៧។ ដូច​មិន​ដែល​ឃើញ​សារព័ត៌មាន​ចេញ​ផ្សាយ​ផង (ប្រភព​ហ្វេសប៊ុក)»។

Facebook Post | Archived Link

រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​យក​ទៅ​បង្ហោះ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ១​ពាន់​ដង និង​មតិ​យោបល់​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​រូបថត​ចាស់​មួយ​សន្លឹក​ដោយ​ទំព័រ​ហ្វេសប៊ុក King Fighter កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣។

Facebook Post | Archived Link

រូបថត​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផ្សេង​ទៀត​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ សូម​មើល​ខ្លឹមសារ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ , ,

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​នេះ​នៅក្នុង​គេហទំព័រ Getty Images និង​ខ្លឹមសារ​​លម្អិត​របស់​រូបថត​នេះ​ផង​ដែរ។

បើ​តាម Getty Images រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ បង្ហាញ​ការ​ប្រកួត​ប្រដាល់​​សកល​រវាង​កីឡាករ​អាមេរិក Jack Dempsey និង​កីឡាករ​បារាំង George Carpentier ដែល​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ទីក្រុង Jersey ក្នុង​រដ្ឋ New Jersey សហរដ្ឋ​អាមេរិក កាល​ពីខែ​កក្កដា ឆ្នាំ​១៩២១ ពោល​គឺ​ជាង ១០០​ឆ្នាំ​កន្លង​មក​ហើយ។

Getty Images | Archived Link

ការ​ប្រកួត​ប្រដាល់​ទម្ងន់​ធ្ងន់​រវាង​កីឡាករ​អាមេរិក និង​កីឡាករ​បារាំង​នេះ ត្រូវ​បាន​សារព័ត៌មាន​អង់គ្លេស The Guardian ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ​២០២១​កន្លង​មក​នេះ ដោយ​បាន​បញ្ជាក់​ថា កីឡាករ​អាមេរិក Jack Dempsey បាន​យក​ឈ្នះ​ទៅ​លើ​កីឡាករ​បារាំង Georges Carpentier ហើយ​រក្សា​តំណែង​ជា​ម្ចាស់​ខ្សែ​ក្រវ៉ាត់​ទម្ងន់​ធ្ងន់​ដដែល។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​​នៅ​ទីនេះ

យើង​ក៏​បាន​រក​ឃើញ​វីដេអូ​នៃ​ការ​ប្រកួត​រវាង​កីឡាករ​អាមេរិក Jack Dempsey និង​កីឡាករ​បារាំង Georges Carpentier នៅ​លើ​បណ្ដាញ YouTube ផង​ដែរ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ មិន​មែន​ជា​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ឆ្នាំ​១៩២៦​នោះ​ឡើយ។ រូបថត​មួយសន្លឹក​នេះ គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​រវាង​កីឡាករ​អាមេរិក Jack Dempsey និង​កីឡាករ​បារាំង Georges Carpentier នៅ​ទឹក​ដី​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​១៩២១។

Avatar

Title:រូបថត​ការ​ប្រកួត​ប្រដាល់​នៅ​អាមេរិក​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​យល់​ច្រឡំ

Fact Check By: Jay Udom

Result: Misleading