រូប​ថត​ចម្លាក់​ទាសភាព​នៅ​អាមេរិក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​​បក​ស្រាយ​ខុស

Misleading Social

រូបថត និង​វីដេអូ​ជារាប់​លាន ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​រៀង​រាល់​ថ្ងៃ ក្នុង​នោះ​មាន​ទាំង​រូបថត និង​វីដេអូ​ខ្លះ ត្រូវ​បាន​បក​ស្រាយ​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​អត្ថន័យ​ដើម​នោះ​ឡើយ។ ជា​ឧទាហរណ៍ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ចម្លាក់​ស្ត្រី​ជាប់​ច្រវ៉ាក់​បី​កូន​តូច​នៅ​ក្នុង​ដៃ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ថា ស្ត្រី​នឹង​ក្លាយ​ជា​ទាសករ​អស់​មួយ​ជីវិត ប្រសិន​បើ​នាង​ជ្រើស​រើស​ប្ដី​ខុស។ រូបថត​ជាមួយ​សំណេរ​ដូច​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​ជាមួយ​សំណេរ​ដូចនេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា​ ទំព័រហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ចម្លាក់​ស្ត្រី​ម្នាក់​បី​កូន​តូច​នៅ​ក្នុង​ដៃ ហើយ​ជាប់​ច្រវ៉ាក់​នៅ​នឹង​ក​របស់​នាង។

ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​រៀបរាប់​ក្នុង​ន័យ​ថា ចម្លាក់​ស្ត្រី​រូប​នេះ បង្ហាញ​នូវ​ស្ត្រី​រស់​នៅ​ក្នុង​ស្ថានភាព​ជា​ទាសករ ប្រសិន​បើ​នាង​រៀបការ​ជាមួយ​ប្ដី​មិន​ល្អ។

រូបថត​ភ្ជាប់​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ចែក​រំលែក​រហូត​ដល់​ជាង ២៤,០០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ និង​ប្រតិកម្ម​យ៉ាង​ច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែល​សរសេរ​រៀបរាប់​ថា​ «ឆាក​ជីវិត​របស់​មនុស្ស​ស្រី បើ​រើស​ប្ដី​ត្រូវ នឹង​ក្លាយ​ជា​ព្រះ​នាង តែ​បើ​រើស​ប្ដី​ខុស​វិញ នឹង​ក្លាយ​ជា​អ្នក​ទោស​អស់​មួយ​ជីវិត សូម​ជួយ Follow Pheach Sopheak ម្នាក់​មួយ​ផង»។

Facebook Post | Archived Link

រូបថត​រួម​ជាមួយ​សំណេរ​នេះ ត្រូវ​បាន​បង្ហោះ​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​​ក្នុង​ថ្ងៃ​ទី​២៥ ខែ​មករា។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​ការ​ចែក​រំលែក​នូវ​រូបថត និង​សំណេរ​នេះ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ និង​ខ្លឹមសារ​នៃ​រូប​ចម្លាក់​ក្នុង​រូបថត​​នេះ​ផង​ដែរ​តាម​រយៈ​ Google Reverse Image ដែល​នាំ​​ឱ្យ​បាន​ជួប​ប្រទះ​នឹង​រូបថត​​ដូច​គ្នា​ទាំង​ស្រុង និង​ខ្លឹមសារ​​នៃ​រូប​ចម្លាក់​នេះ​ផង​ដែរ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​នានា​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក បន្ទាប់​ពី​សារមន្ទីរ​​​កេរ​ដំណែល (The Legacy Museum) ត្រូវ​បាន​បើក​ដំណើរការ​ឱ្យ​សាធារណជន​ចូល​ទស្សនា។

បើ​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន NBC រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ទិដ្ឋភាព​មួយ​ជ្រុង​នៃ​កន្សោម​រូប​ចម្លាក់​ធ្វើ​ពី​ស្ពាន់​ ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ឯទីតាំង​ The National Memorial for Peace and Justice ស្ថិត​នៅ​ទីក្រុង​ម៉ុងហ្គូមឺរី(Montgomery) រដ្ឋ​អាឡាបាម៉ា(Alabama)។

NBCNEWS | Archived Link

រូបថត​នៃ​រូប​ចម្លាក់​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​វេបសាយ​​សារមន្ទីរ​ផង​ដែរ ហើយ​ខ្លឹមសារ​នៃ​រូប​ចម្លាក់​នេះ គឺ​បង្ហាញ​ពី​ភាព​ឃោឃៅ ការ​ឈឺ​ចាប់ និង​ការ​សម្លាប់​ជន​ជាតិ​ស្បែក​ខ្មៅ​នៅ​ក្នុង​របប​ទាសភាព​នៃ​ប្រវត្តិសាស្ត្រ​អាមេរិក​កាល​ពី​ជាង ១០០​ឆ្នាំ​មុន។

The Legacy Museum | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​អត្ថន័យ​នៃ​រូបថត​រូប​ចម្លាក់​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ។ រូបចម្លាក់​នេះ មិន​មែន​បង្ហាញ​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​របស់​ស្ត្រី​ ដែល​ប្រៀប​ដូច​ទៅ​នឹង​ការ​ធ្លាក់​ទៅ​ក្នុង​ទាសភាព​គ្រួសារ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​សំណុំ​រូប​ចម្លាក់​បង្ហាញ​ពី​ជំនួញ​ទាសភាព​ជន​ជាតិ​ស្បែក​ខ្មៅ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដែល​រូប​ចម្លាក់​ធ្វើ​ពី​ស្ពាន់​នេះ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ឯ​សារមន្ទីរ​កេរ​ដំណែល (The Legacy Museum) ស្ថិត​នៅ​ទីក្រុង​​ម៉ុងហ្គូមឺរី រដ្ឋ​អាឡាបាម៉ា។

Avatar

Title:រូប​ថត​រូប​ចម្លាក់​ទាសភាព​នៅ​អាមេរិក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​​បក​ស្រាយ​ខុស

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.