តើ​ FBI ស្វែង​រក​ចាប់​ខ្លួន​អ្នក​ជជែក​រឿង​នយោបាយ លោក ជែមស៍ សុខ មែន​ឬទេ?

Altered Political Social

ខណៈ​ដែល​អ្នក​ជជែក​រឿង​នយោបាយ លោក សុខ សុគន្ធ ហៅ​ ជែមស៍ សុខ និយាយ​រិះគន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ រូបថត​មួយ​សន្លឹក​របស់​លោក ជែមស៍ សុខ ដែល​​ស្ថិត​នៅ​ក្នុង​ចំណោម​ឧក្រិដ្ឋជន​​​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកជាមួយ​ការ​អះ​អាង​ថា លោក​ស្ថិត​នៅ​ក្រោម​ការ​ស្វែង​រក​ចាប់​ខ្លួន​ពី​សំណាក់ FBI របស់​អាមេរិក។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​បាន​បញ្ចេញ​មតិ​ទៅ​លើ​រូបថត​នោះ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ចុង​ខែ​ឧសភា​កន្លង​មក​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឈ្មោះ​បុគ្គល​ដែល​ស្ថាប័ន​ប៉ូលិស​សហព័ន្ធ​សហរដ្ឋ​អាមេរិក FBI ស្វែង​រក​ចាប់​ខ្លួន។

បញ្ជី​ឈ្មោះ​ដែល FBI អាមេរិក ក៏​មាន​ដែរ​រូបថត​របស់​អ្នក​ជជែក​វែក​ញែក​នយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ អ្នក​អត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គម​ដែល​តែង​តែ​រិះ​គន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់​លោក។

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​សសេរ​រៀបរាប់​ថា អ្នក​ជជែក​វែក​ញែក​នយោបាយ លោក សុខ សុគន្ធ ហៅ ជែម សុខ ត្រូវ​បាន​ស្ថាប័ន FBI ស្វែង​រក​ចាប់​ខ្លួន​នៅ​ក្នុង​ចំណោម​ឧក្រិដ្ឋជន​ដទៃ​ទៀត​ផង​ដែរ។

រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ក៏​បាន​បញ្ចេញ​មតិ​ទៅ​នឹង​សំណេរ​បែប​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ដែល​សរសេរ​រៀប​រាប់​ថា «ធ្លាយ​ព័ត៌មាន​ពី FBI ចាប់​ឧក្រិដ្ឋជន​មុខ​ស្រដៀង​តា​សុចៗ»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំឱ្យ​យើង​រក​ឃើញ​នូវការ​ពិត​ដូច​ខាង​ក្រោម​នេះ។

បញ្ជី​ឈ្មោះ​បុគ្គល​ហែក​គុក​ដែល​ស្ថាប័ន FBI ស្វែង​រក​ចាប់​ខ្លួន​នេះ ត្រូវ​បាន​រក​ឃើញ​ច្រើន​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។ ក្នុង​ចំណោម​នោះ វេបសាយ​ warpedfactor បាន​ចុះ​ផ្សាយ​​​រូបថត​មួយ​ផ្ទាំង​នេះ​នៅ​ក្នុង​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា The Cast of Prison Break: Where are they now? កាល​​ខែ​សីហា ឆ្នាំ​២០២០​កន្លង​មក។

បើ​តាម​គេហទំព័រ​មួយ​នេះ រូបថត​មួយ​ផ្ទាំង​នេះ គ្មាន​រូប​លោក សុខ សុគន្ធ ហៅ ជែមស៍ សុខ នោះ​ឡើយ ហើយ​បុរស​ទាំង​អស់​នៅ​ក្នុង​រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​តួ​សម្ដែង​នៅ​ភាពយន្ត​ភាគ​រឿង «Prison Break» ដែល​ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​ចន្លោះ​ឆ្នាំ​២០០៥​រហូត​ដល់​ឆ្នាំ​២០១៧​កន្លង​មក។

Facebook Post | Archived Link

វីដេអូ​រយៈ​ពេល​ជាង ២​នាទី​នៃ​រឿង «Prison Break» ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បណ្ដាញ YouTube បាន​បង្ហាញ​ឱ្យ​ឃើញ​ផ្ទាំង​រូបថត​ឧក្រិដ្ឋជន​ហែក​គុក​ដែល​ប៉ូលិស FBI តាម​ស្វែង​រក​ចាប់​ខ្លួន។ សូម​ទស្សនា​វីដេអូ​ខ្លី​នោះ​ទាំង​ស្រុង​នៅ​ក្នុង​ភាគ «Die Fox River 8»​តាម​រយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ។

ផ្ទាំង​រូបថត​ស្វែង​រក​ចាប់​ខ្លួន​ឧក្រិដ្ឋជន​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​មួយ​ឈ្មោះ​ថា Red Bubble ដែល​​បាន​ឱ្យ​ដឹង​ថា វា​ត្រូវ​បាន​រចនា​ឡើង​វិញ​ដោយ​​គណនី​មួយ​ឈ្មោះ​ថា Radio Active Bee។ ផ្ទាំង​បណ្ដុំ​រូបថត​តួសម្ដែង​នៅ​ក្នុង​រឿង Prison Break នេះ ត្រូវ​បាន​ដាក់​លក់​នៅ​លើ​អនឡាញ​ក្នុង​តម្លៃ​ខ្ទង់ ២៥​ដុល្លារ។

Red Bubble | Archived Link

នៅ​ក្នុង​បញ្ជី​ឈ្មោះ​បុគ្គល​ ៣៥៥​នាក់​​ដែល FBI ស្វែង​រក​ចាប់​ខ្លួន ហើយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ស្ថាប័ន​នេះ​ដោយ​ផ្ទាល់​នោះ យើង​រក​មិន​ឃើញ​រូបថត និង​ឈ្មោះ​លោក សុខ សុគន្ធ ហៅ ជែមស៍ សុខ នោះ​ឡើុយ។ សូម​មើល​បញ្ជី​ឈ្មោះ​ទាំង​នោះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​មាន​នៅ​ទីនេះ

លោក សុខ សុគន្ធ ហៅ ជែមស៍ សុខ គឺ​ជា​អ្នក​អត្ថាធិប្បាយ​រឿង​នយោបាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​នេះ លោក ជែមស៍ សុខ តែងតែ​និយាយ​រិះ​គន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ការ​ដឹកនាំ​រដ្ឋាភិបាល​របស់​លោក។

អ្នក​អត្ថាធិប្បាយ​នយោបាយ​សញ្ជាតិអាមេរិក​ដើម​កំណើត​ខ្មែរ​រូប​នេះ បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​អ្នក​គាំ​ទ្រ​លោក ហ៊ុន សែន។ កាល​ពី​ចុង​ខែ​ឧសភា​កន្លងម​ក​នេះ Fact Crescendo Cambodia ក៏​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹករួច​មក​ហើយ​ដែរ ដែល​រូបថត​នោះ​បង្ហាញ​ឱ្យ​ឃើញ​បុរស​ម្នាក់​មាន​មុខ​មាត់​ដូច​លោក ជែមស៍ សុខ ត្រូវ​បាន​គេ​ចាប់​ខ្លួន និង​កោរ​សក់​ក្បាល។

សម្រាប់​សេចក្ដី​លម្អិត​នៃ​រូបថត​មួយ​សន្លឹកនោះ សូម​អាន​អត្ថបទ «រូបថត​ចោរ​ប្លន់​ម្នាក់​ត្រូវ​បាន​កាត់​ត​ជាមួយ​មុខ​អ្នក​រិះ​គន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន»។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដូច​ដែល​រៀប​រាប់​ខាង​លើ​នេះ ត្រូវ​បាន​គេ​កាត់​ត មុន​នឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូបថត​ច្បាប់​ដើម គឺ​ជា​ឈុត​ឆាក​នៃ​រឿង «Prison Break» ដែល​បង្ហាញ​ឱ្យ​ឃើញ​បញ្ជី​ឈ្មោះ​ឧក្រិដ្ឋជន​ដែល​ប៉ូលិស FBI របស់​អាមេរិក​ស្វែង​រក​ចាប់​ខ្លួន។ ផ្ទាំង​ផ្សព្វផ្សាយ​មួយ​នេះ ដែល​ត្រូវ​បាន​គេ​រចនា​ឡើង​វិញ និង​​ដាក់​លក់​នៅ​លើ​អនឡាញ​នោះ មិន​មាន​រូបថត​លោក សុខ សុគន្ធ ហៅ ជែមស៍ សុខ បុគ្គល​ដែល​តែង​តែ​និយាយ​រិះ​គន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តាម​បណ្ដាញ​សង្គម​នោះ​ឡើយ។

Avatar

Title:តើ​ FBI ស្វែង​រក​ចាប់​ខ្លួន​អ្នក​ជជែក​រឿង​នយោបាយ លោក ជែមស៍ សុខ មែន​ឬទេ?

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.