ខណៈ​ដែល​កម្ពុជាឈាន​ដល់​ខួប ១៥​ឆ្នាំ​នៃ​ការ​ដាក់​ប្រាសាទ​ព្រះវិហារ​​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នោះ ការ​អះអាង​មួយ​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​កំពង់ស្វាយ បាន​រង​ការ​គាស់​បំផ្លាញ​នា​ពេល​ថ្មីៗ​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​មួយ បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះថា ​ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​កំពង់ស្វាយ ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ ត្រូវ​បាន​គេ​លួច​ដាប់ ឬ​គាស់​ជា​បន្ត​បន្ទាប់​នា​ពេល​ថ្មីៗ​នេះ។

ការ​អះអាង​នេះ​ដដែល​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​​រូប​ថត​ ៤​សន្លឹក​ដែល​បង្ហាញ​ចម្លាក់​នៅ​នឹង​ជញ្ជាំង​ប្រាសាទ ត្រូវ​បាន​គេ​គាស់​ដោយ​បន្សល់​ទុក​នូវ​ការ​ខូច​ខាត​សម្រស់​រូបរាង​ប្រាសាទ​បុរាណ​មួយ​នេះ។

ការ​អះអាង​ដដែល​​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​សំណាក់​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដោយ​ជឿ​ថា ចម្លាក់​ទាំង​នេះ​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​នា​ពេល​ថ្មីៗ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «សម័យ​នេះ​ហើយ​នៅ​មាន​អ្នក​លួច​គាស់​យក​ចម្លាក់​យកទៅ​ទៀត ឱ​ខ្មែរ​អើយ​ខ្មែរ​ហេតុអ្វី​ក៏​វេទនា​យ៉ាង​នេះ គ្រាន់​តែ​ខ្ញុំ​ឃើញ​រូប​នេះ​ហើយ​ស្លុត​ចិត្ត​ខ្លាំង​ណាស់​(ចម្លាក់​នៅ​ប្រាសាទ​បាកាន​ព្រះ​ខ័ន​កំពង់ស្វាយ) ពាក្យ​ចចាម​អារ៉ាម​ថា មាន​ការ​បំផ្លាញ​កាន់​តែ​ច្រើន​ទៅៗ​ហើយ សូម​អាជ្ញាធរ និង​ក្រសួង​ពាក់​ព័ន្ធ​ជួយ​បក​ស្រាយ​បំភ្លឺ​ផង ក្នុង​នាម​ខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ពិត​ជា​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ដែល​ជា​កេរដំណែល​មរតក​ដូនតា #បើ​អ្នក​ជា​ឈាម​ខ្មែរ ជួយ​ស៊ែរ​ម្នាក់​មួយ​ទៅ​ វា​មិន​ខាត​ពេល​ទេ #ប្រាសាទ​បាកាន #ព្រះខ័ន​កំពង់ស្វាយ»។

Facebook Post | Archived Link

ការអះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការអះអាង​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក ឬ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផ្សេង​ទៀត។

Facebook Post | Archived Link

គេ​អាច​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៃ​ការ​អះអាង​ដដែល​នេះ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ (archived)។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​បង្ហាញ​ថា ការ​អះអាង​មួយ​នេះ កំពុង​តែ​ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ការ​ត្រួត​ពិនិតុ្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search និង​​ស្វែង​រក​ការ​បក​ស្រាយ​របស់​មន្ត្រី​ពាក់​ព័ន្ធ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ការ​ដំណើរ​ Google Reverse Image Search យើង​បាន​រក​ឃើញ​អត្ថបទ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃ​នេះ ដែល​បាន​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​វប្បធម៌​ខេត្ត​ព្រះវិហារ ដែល​ស្ថាប័ន​គ្រប់គ្រង​លើ​ប្រាសាទ​ព្រះខ័ន​កំពង់ស្វាយ។

បើ​តាម​អត្ថបទ​ព័ត៌មាន​មួយ​នេះ មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះវិហារ បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម ដែល​និយាយ​ថា ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​​កំពង់ស្វាយ​ដែល​ស្ថិត​ក្នុង​ស្រុក​សង្គមថ្មីនោះ ទទួល​រង​ការ​លួច​គាស់​នា​ពេល​ថ្មីៗ​នេះ។

ផ្ទុយ​ទៅ​វិញ មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះវិហារ បានបញ្ជាក់​ថា ចម្លាក់​ដូច​ដែល​បង្ហាញ​នៅ​ក្នុង​រូបថត​នោះ បាន​រង​ការ​លួច​គាស់​តាំង​ពី​ទសវត្សរ៍​១៩៩០។ សូម​អាន​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived)។

យើង​ក៏​បាន​រក​ឃើញ​ផង​ដែរ​នូវ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះវិហារ​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

Facebook Post | Archived Link

មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះវិហារ ក៏​បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​នេះ​ម្ដង​រួច​មក​ហើយ​កាល​ពី​ដើម​ឆ្នាំ​២០១៩​កន្លង​មក បន្ទាប់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ចេញ​ផ្សាយ​ថា ចម្លាក់​នៅ​ប្រាសាទ​ព្រះខ័ន​កំពង់ស្វាយ​រង​ការ​បំផ្លិច​បំផ្លាញ​នា​ពេល​នោះ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅទីនេះ (archived)។

ជាង​នេះ​ទៀត នៅ​ក្នុង​សេចក្ដី​រាយការណ៍​មួយ​របស់​ក្រសួង​ព័ត៌មាន ​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ក៏​បាន​ច្រាន​ចោល​នូវ​ព័ត៌មាន​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​មិនត្រឹម​ត្រូវ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។

លោក កុសល បញ្ជាក់​ថា ចម្លាក់​នៅ​ប្រាសាទ​ព្រះខ័ន​កំពង់ស្វាយ ត្រូវ​បាន​គេ​លួច​គាស់​តាំង​ពី​ទសវត្សរ៍​១៩៩០ ហើយ​លោក​ថា បច្ចុប្បន្ន តំបន់​ប្រាសាទ​នីមួយៗ ត្រូវ​បាន​ការពារ​ដោយ​អង្គភាព​នគរបាល​ការពារ​បេតិកភ​ណ្ឌ។ សូម​មើល​ខ្លឹមសារ​លម្អិត​នៅ​ទីនេះ (archived)។

រូបថតចម្លាក់​រង​ការ​ខូច​ខាត​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ថត​រូប​អាជីព លោក កឹម សុវណ្ណា កាល​ពី​ជិត​ ២​ឆ្នាំ ដែល​នេះ​បង្ហាញ​ថា ចម្លាក់​នៅ​ប្រាសាទ​បុរាណ​នោះ មិន​មែន​ទើប​តែ​រង​ការ​គាស់​បំផ្លាញ​នា​ពេល​ថ្មីៗ​នេះ​ទេ។ សូម​មើល​រូបថត​របស់​លោក កឹម សុវណ្ណា នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​ខាង​ក្រោម​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​មួយ​សន្លឹក​ដែល​ថត​ដោយ​អ្នក​ថត​រូប​អាជីព លោក កឹម សុវណ្ណា ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​លោក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២១​កន្លង​មក។

Facebook Post

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ចម្លាក់​នៅ​ប្រាសាទ​បាកាន ឬ​ព្រះ​ខ័ន​កំពង់ស្វាយ ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ មិន​មែន​ទើប​តែ​រង​ការ​បំផ្លាញ​នៅ​ដើម​សប្ដាហ៍​នេះ​នោះ​ឡើយ។ មន្ត្រី​បញ្ជាក់​ថា ចម្លាក់ទាំង​នេះ បាន​រង​ការ​គាស់​បំផ្លាញ​នៅ​អំឡុង​ទសវត្សរ៍​១៩៩០។

Avatar

Title:ការ​អះអាង​មិន​ត្រឹម​ត្រូវ​មួយ​ថា ចម្លាក់​នៅ​ប្រាសាទ​ព្រះ​ខ័ន​រង​ការ​គាស់​បំផ្លាញ​ថ្មីៗ​នេះ

Written By: Jay Udom

Result: False