
ខណៈដែលកម្ពុជាឈានដល់ខួប ១៥ឆ្នាំនៃការដាក់ប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ការអះអាងមួយដែលផុសផុលនៅលើបណ្ដាញសង្គម បានលើកឡើងថា ចម្លាក់នៅប្រាសាទព្រះខ័នកំពង់ស្វាយ បានរងការគាស់បំផ្លាញនាពេលថ្មីៗនេះ។ ការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែកបន្តយ៉ាងច្រើនលើបណ្ដាញសង្គម និងមានការបញ្ចេញមតិចម្រុះផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយ បានលើកឡើងនៅលើបណ្ដាញសង្គមកាលពីថ្ងៃពុធកន្លងមកនេះថា ចម្លាក់នៅប្រាសាទព្រះខ័នកំពង់ស្វាយ ស្ថិតក្នុងខេត្តព្រះវិហារ ត្រូវបានគេលួចដាប់ ឬគាស់ជាបន្តបន្ទាប់នាពេលថ្មីៗនេះ។
ការអះអាងនេះដដែលនេះ ក៏បានបង្ហោះមកជាមួយរូបថត ៤សន្លឹកដែលបង្ហាញចម្លាក់នៅនឹងជញ្ជាំងប្រាសាទ ត្រូវបានគេគាស់ដោយបន្សល់ទុកនូវការខូចខាតសម្រស់រូបរាងប្រាសាទបុរាណមួយនេះ។
ការអះអាងដដែលនេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម និងមានការបញ្ចេញមតិយ៉ាងច្រើនពីសំណាក់ប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ ដោយជឿថា ចម្លាក់ទាំងនេះត្រូវបានបំផ្លិចបំផ្លាញនាពេលថ្មីៗនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «សម័យនេះហើយនៅមានអ្នកលួចគាស់យកចម្លាក់យកទៅទៀត ឱខ្មែរអើយខ្មែរហេតុអ្វីក៏វេទនាយ៉ាងនេះ គ្រាន់តែខ្ញុំឃើញរូបនេះហើយស្លុតចិត្តខ្លាំងណាស់(ចម្លាក់នៅប្រាសាទបាកានព្រះខ័នកំពង់ស្វាយ) ពាក្យចចាមអារ៉ាមថា មានការបំផ្លាញកាន់តែច្រើនទៅៗហើយ សូមអាជ្ញាធរ និងក្រសួងពាក់ព័ន្ធជួយបកស្រាយបំភ្លឺផង ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋពិតជាព្រួយបារម្ភខ្លាំងណាស់ដែលជាកេរដំណែលមរតកដូនតា #បើអ្នកជាឈាមខ្មែរ ជួយស៊ែរម្នាក់មួយទៅ វាមិនខាតពេលទេ #ប្រាសាទបាកាន #ព្រះខ័នកំពង់ស្វាយ»។

ការអះអាងដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុក ឬអ្នកប្រើប្រាស់ហ្វេសប៊ុកផ្សេងទៀត។

គេអាចមើលខ្លឹមសារទាំងស្រុងនៃការអះអាងដដែលនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកតាមរយៈតំណភ្ជាប់មាននៅទីនេះ (archived) ឬតំណភ្ជាប់មួយទៀតមាននៅទីនេះ (archived)។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីបណ្ដាញសង្គមហ្វេសប៊ុកដែលបង្ហាញថា ការអះអាងមួយនេះ កំពុងតែត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ការត្រួតពិនិតុ្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search និងស្វែងរកការបកស្រាយរបស់មន្ត្រីពាក់ព័ន្ធ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈការដំណើរ Google Reverse Image Search យើងបានរកឃើញអត្ថបទព័ត៌មានចុះផ្សាយដោយសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃនេះ ដែលបានដកស្រង់សម្ដីរបស់មន្ត្រីវប្បធម៌ខេត្តព្រះវិហារ ដែលស្ថាប័នគ្រប់គ្រងលើប្រាសាទព្រះខ័នកំពង់ស្វាយ។
បើតាមអត្ថបទព័ត៌មានមួយនេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានច្រានចោលនូវព័ត៌មាននៅលើបណ្ដាញសង្គម ដែលនិយាយថា ចម្លាក់នៅប្រាសាទព្រះខ័នកំពង់ស្វាយដែលស្ថិតក្នុងស្រុកសង្គមថ្មីនោះ ទទួលរងការលួចគាស់នាពេលថ្មីៗនេះ។
ផ្ទុយទៅវិញ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានបញ្ជាក់ថា ចម្លាក់ដូចដែលបង្ហាញនៅក្នុងរូបថតនោះ បានរងការលួចគាស់តាំងពីទសវត្សរ៍១៩៩០។ សូមអានខ្លឹមសារទាំងស្រុងនៅទីនេះ (archived)។
យើងក៏បានរកឃើញផងដែរនូវសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញនេះ។
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ក៏បានច្រានចោលនូវព័ត៌មាននេះម្ដងរួចមកហើយកាលពីដើមឆ្នាំ២០១៩កន្លងមក បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយ បានចេញផ្សាយថា ចម្លាក់នៅប្រាសាទព្រះខ័នកំពង់ស្វាយរងការបំផ្លិចបំផ្លាញនាពេលនោះ។ សូមមើលខ្លឹមសារទាំងស្រុងនៅទីនេះ (archived)។
ជាងនេះទៀត នៅក្នុងសេចក្ដីរាយការណ៍មួយរបស់ក្រសួងព័ត៌មាន អ្នកនាំពាក្យអាជ្ញាធរអប្សរា លោក ឡុង កុសល ក៏បានច្រានចោលនូវព័ត៌មានដែលត្រូវបានផ្សព្វផ្សាយដោយមិនត្រឹមត្រូវនៅលើបណ្ដាញសង្គមផងដែរ។
លោក កុសល បញ្ជាក់ថា ចម្លាក់នៅប្រាសាទព្រះខ័នកំពង់ស្វាយ ត្រូវបានគេលួចគាស់តាំងពីទសវត្សរ៍១៩៩០ ហើយលោកថា បច្ចុប្បន្ន តំបន់ប្រាសាទនីមួយៗ ត្រូវបានការពារដោយអង្គភាពនគរបាលការពារបេតិកភណ្ឌ។ សូមមើលខ្លឹមសារលម្អិតនៅទីនេះ (archived)។
រូបថតចម្លាក់រងការខូចខាតនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកថតរូបអាជីព លោក កឹម សុវណ្ណា កាលពីជិត ២ឆ្នាំ ដែលនេះបង្ហាញថា ចម្លាក់នៅប្រាសាទបុរាណនោះ មិនមែនទើបតែរងការគាស់បំផ្លាញនាពេលថ្មីៗនេះទេ។ សូមមើលរូបថតរបស់លោក កឹម សុវណ្ណា នៅក្នុងបណ្ដាញសង្គមរបស់លោកខាងក្រោមនេះ។
ខាងក្រោមនេះ គឺជារូបថតមួយសន្លឹកដែលថតដោយអ្នកថតរូបអាជីព លោក កឹម សុវណ្ណា ដែលបានបង្ហោះលើបណ្ដាញសង្គមរបស់លោកកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១កន្លងមក។

សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ចម្លាក់នៅប្រាសាទបាកាន ឬព្រះខ័នកំពង់ស្វាយ ស្ថិតនៅក្នុងខេត្តព្រះវិហារ មិនមែនទើបតែរងការបំផ្លាញនៅដើមសប្ដាហ៍នេះនោះឡើយ។ មន្ត្រីបញ្ជាក់ថា ចម្លាក់ទាំងនេះ បានរងការគាស់បំផ្លាញនៅអំឡុងទសវត្សរ៍១៩៩០។

Title:ការអះអាងមិនត្រឹមត្រូវមួយថា ចម្លាក់នៅប្រាសាទព្រះខ័នរងការគាស់បំផ្លាញថ្មីៗនេះ
Written By: Jay UdomResult: False