រូបភាពសត្វមាឌធំៗបង្កើតឡើងដោយកម្មវិធី AI បង្កឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមយល់ច្រឡំ
ខណៈដែលរូបថតសត្វចម្លែកជាច្រើនកំពុងត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមនោះ រូបភាពសត្វមាឌធំៗជាច្រើនសន្លឹក ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកកាលពី២សប្ដាហ៍កន្លងមក ដោយមានការអះអាងថា ជារូបសត្វសម័យបុរាណ។ ការអះអាងនោះ ត្រូវបានចែករំលែកបន្តរហូតដល់ជាង ១៣០០ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក។ ទោះជាយ៉ាងណា Fact Crescendo Cambodia រកឃើញថា ការអះអាងនោះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថតជាច្រើនសន្លឹកដែលបង្ហាញក្រុមមនុស្ស និងសត្វចិញ្ចឹមធំៗនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការរៀបរាប់ថា សត្វសម័យមុនមានរូបរាងធំៗណាស់។
រូបភាពជាមួយការអះអាងបែបនេះ ត្រូវបានគេចែករំលែកបន្តរហូតដល់ជាង ១,៣០០ដង និងការបញ្ចេញមតិយោបល់ចម្រុះពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ជាមួយសំណេររៀបរាប់ថា «សម័យដើមសត្វធំៗណាស់»។
រូបភាពទាំងនេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតជាមួយការរៀបរាប់ជាភាសាថៃក្នុងន័យថា រូបភាពទាំងនេះជារូបភាពប្រវត្តិសាស្ត្រដែលបង្ហាញសត្វនៅសម័យមុនមានមាឌធំៗជាងមនុស្សទៅទៀត។
រូបភាពជាមួយនឹងការរៀបរាប់បែបនេះ ក៏ត្រូវបានចែករំលែកបន្តជិត ១ពាន់ដងផងដែរ និងមានការបញ្ចេញមតិយោបល់ជាច្រើនឆ្លើយតបនឹងការបង្ហោះរូបភាពទាំងនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីបណ្ដាញសង្គមហ្វេសប៊ុកដែលបង្ហោះរូបភាពសត្វធំៗទាំងនេះកាលពីខែមីនាកន្លងមកជាមួយការរៀបរាប់ថា «ภาพถ่ายหลักฐานทางประวัติศาสตร์ ว่าสมัยก่อน สัตว์ตัวใหญ่กว่าทุกวันนี้ค่ะ เมืองไทยเราอุดมสมบูรณ์สุดๆค่ะ วันนี้รวย»។
រូបភាពទាំងនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតផងដែរ។ សូមមើលខ្លឹមសារទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ (archived)។
ការត្រួតពិនិតុ្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបភាពទាំងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈការដំណើរការ Google Reverse Image Search យើងបានរកឃើញគេហទំព័រភាសាថៃមួយ បាននិយាយថា រូបភាពទាំងនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត ឬហៅកាត់ខ្លីថា AI។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីគេហទំព័រជាភាសាថៃមួយដែលសរសេររៀបរាប់ថា រូបភាពដែលបង្ហាញសត្វមានមាធធំៗជាងមនុស្សនោះ មិនមែនជារូបពិតប្រាកដទេ ប៉ុន្តែ រូបភាពទាំងនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធី AI ដែលធ្វើឱ្យរូបភាពមើលទៅដូចការពិត។
Fact Crescendo Cambodia បានស្នើសុំការបកស្រាយបញ្ជាក់ពីទំព័រហ្វេសប៊ុក Lady Sunga Couture ដែលបានបង្ហោះរូបភាពទាំងនេះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី៣១ ខែមីនាកន្លងមកផងដែរ ប៉ុន្តែ គ្មានការឆ្លើយតបនៅឡើយទេ។
ទោះជាយ៉ាងណា យើងបានរកឃើញរូបភាពជាច្រើនត្រូវបានបង្ហោះដោយទំព័រហ្វេសប៊ុកមួយនេះដែលបញ្ជាក់ថា រូបភាពទាំងនោះសុទ្ធតែត្រូវបានបង្កើតឡើងដោយកម្មវិធី AI។ សូមមើលរូបភាពជាច្រើនទៀតនៅក្នុងទំព័រហ្វេសប៊ុក Lady Sunga Couture។
សមាជិកម្នាក់នៃក្រុម Midjourney ដែលជាក្រុមចែករំលែករូបភាពបង្កើតឡើងដោយកម្មវិធី AI នោះ បានអះអាងថា រូបភាពទាំងនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធី AI។
កាលពីដើមខែឧសភាកន្លងមក Fact Crescendo Cambodia ក៏បានផ្ទៀងផ្ទាត់រួចមកហើយដែរនូវរូបភាពត្រីធំៗដែលត្រូវបានបង្កើតឡើងដោយកម្មវិធី AI ប៉ុន្តែ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយកទៅសរសេររៀបរាប់ថា វាជារូបភាពដ៏កម្រនៃត្រីធំៗនៅតាមដងទន្លេមេគង្គកាលពី ១៥០ឆ្នាំមុន។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបភាពដែលបង្ហាញសត្វមានមាឌធំៗជាងមនុស្សទៅទៀតនោះ មិនមែនជារូបពិតប្រាកដនាសម័យបុរាណនោះឡើយ។ រូបភាពទាំងនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធី AI តែប៉ុណ្ណោះ។
Title:រូបភាពសត្វមាឌធំៗបង្កើតឡើងដោយកម្មវិធី AI បង្កឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមយល់ច្រឡំ
Written By: Jay UdomResult: False