Fact-Check: តើ​រូបថត​នេះ​ពិត​ជា​បង្ហាញ​រូប​ឧកញ៉ា ទ្រី ភាព មួយ​កំណាត់​ខ្លួន​មែន​ឬទេ?

Altered Social

ការ​បាត់​បង់​ព្រៃឈើ និងគម្រប់​ព្រៃ​ឈើ​បៃតង​នៅ​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក និង​ចែក​រំលែក​ជារឿយៗ​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជាមួយ​សំណេរ​​ជំរុញ​ការ​ថែ​រក្សា​ព្រៃ​ឈើ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​រយ​ដង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា រូបថត​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បាន​បង្ហាញ​រូបថត​លោក ទ្រី ភាព ត្រឹម​មួយ​​កំណាត់​ក្បាល​ខាង​លើ​ជាមួយ​នឹង​បណ្ដុំ​ថង​កូន​ឈើជាច្រើន។ រូបថត​មួយ​សន្លឹក​នេះ ក៏​ភ្ជាប់​មក​ជាមួយ​នូវ​សរសេរ​ថា «យើង​រួម​គ្នា​ព្យាបាល​ដំបៅ​ផែនដី»។

រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុករួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ហ្វេសប៊ុក​នោះ ដែល​សរសេរ​ថា «ព្យាបាល​ផែនដី …! តោះ​បង​ប្អូន …!»។

Facebook Post | Archived Link

រូបថត​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ធាតុ​ពិត​នៅ​កម្ពុជា, THIS IS CAMBODIA ដែល​មាន​​គណនី​ហ្វេសប៊ុក​រាប់​ម៉ឺន​ជា​សមាជិក។

Facebook Post | Archived Link

រូបថត​នេះ អាច​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​​ជឿ​ថា ជា​រូបថត​ពិត​ប្រាកដ ដោយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​បាន​ចែក​រំលែក​បន្ត។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​ជួប​ប្រទះ​នឹង​រូបថត​ដើម និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ​ផងដែរ។

រូបថត​នេះ ត្រូវ​បាន​រក​ឃើញ​​នៅ​ក្នុង​ប៉ុស្តិ៍​មួយ​នៃ​ទំព័រ​ហ្វេសប៊ុក​របស់​តារាង​ចម្រៀង​កម្ពុជា លោក ឆន សុវណ្ណរាជ ដែល​បាន​បង្ហោះ​រូបថត​ ១០​សន្លឹក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា​កន្លង​មក​នេះ។

សំណេរ​នៃ​ទំព័រ​ហ្វេសប៊ុក​របស់​តារាង​ចម្រៀង​រូបនេះ រៀបរាប់​ថា ក្រុម​តារា​ចម្រៀង តារា​សម្ដែង និង​បុគ្គល​ល្បីៗ​មួយចំនួន​នៅ​កម្ពុជា បាន​ធ្វើ​សកម្មភាព​«សង្គ្រោះ​ដំបៅ​ផែនដី»​តាម​រយៈ​ការ​ដាំ​កូន​ឈើ​ជាច្រើន​ម៉ឺន​ដើម​នៅ​តំបន់​ភ្នំ​ឱរ៉ាល់ ភាគ​​ខាងលិច​នៃ​ប្រទេស​កម្ពុជា។

Facebook Post | Archived Link

រូបថត​ដើម បង្ហាញ​ថង់​កូន​ឈើ​ជាច្រើន ដែល​ត្រូវ​បាន​គេ​តម្រៀប​គ្នា​ឱ្យ​ចេញ​រូប​គំនូ​ស្ត្រី​ម្នាក់ ដោយ​មិន​មាន​រូប​ភាព​លោក ទ្រី ភាព នោះ​ឡើយ។

រូបថត​មួយ​សន្លឹក​នេះ​ដែល​ស្ថិត​ក្នុង​ចំណោម​រូបថត​ជាច្រើន​ទៀត​នោះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​របស់​​សារព័ត៌មាន​មួយ​ផង​ដែរ​នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១។ អត្ថបទ​ដើម​នៃ​សារព័ត៌មាន​នោះ អាច​រក​អាន​ទាំង​ស្រុង​បាន​មាន​នៅ​ទីនេះ ឬ​នៅ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​ផង​ដែរ​ដែល​មាននៅ​​ទីនេះ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ច្បាប់​ដើម​នៃ​រូបថត​មួយ​សន្លឹក​នេះ មិន​មាន​រូបថត​ឧកញ៉ា ទ្រី ភាព ដែល​ល្បី​ល្បាញ​ខាង​រក​ស៊ី​ជួញ​ដូរឈើ​នោះ​ឡើយ។ ច្បាប់​ដើម​នៃ​រូបថត​នេះ បង្ហាញ​​​​ការ​តម្រៀប​ថង់​កូន​ឈើ​តូចៗ​​ជាច្រើន ឱ្យ​ក្លាយ​ជា​រូបភាព​ស្ត្រី​ម្នាក់ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​មាន​ឈ្មោះ​ថា «ព្យាបាល​ដំបៅ​ផែនដី» ដើម្បី​ដាំ​ដើម​ឈើ​ឡើង​វិញ។

Avatar

Title:តើ​រូបថត​នេះ​ពិត​ជា​បង្ហាញ​រូប​ឧកញ៉ា ទ្រី ភាព មួយ​កំណាត់​ខ្លួន​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *