រូបថត​លោក ហ៊ុន សែន អង្គុយ​កៀក​ ធី សុវណ្ណថា គឺ​ជា​រូបភាព​កាត់ត​តែ​ប៉ុណ្ណោះ

Altered Political

បន្ទាប់​ពី​អតីត​យុវតី​គាំ​ទ្រ​បក្ស​ប្រឆាំង អ្នក​នាង ធី សុវណ្ណថា ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​រង​ក្រុង​អរិយក្សត្រ​មួយ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​នាង​អង្គុយ​ជាប់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​លើ​សាឡុង​តែ​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ដោយ​សម្ងាត់។ ទោះជាយ៉ាងណា ការ​ផ្ទៀងផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបភាព​នេះ ត្រូវ​បាន​កាត់​ត​តែ​ប៉ុណ្ណោះ។

SOCIAL MEDIAL CLAIM

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​​អ្នក​នាង ធី សុវណ្ណថា អង្គុយ​ក្បែរ​គ្នា​នៅ​លើ​សាឡុង​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​គណនី​ហ្វេសប៊ុក​មួយ​កាល​ពី​សប្ដាហ៍​មុន។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​​អះ​អាង​​ថា អ្នក​នាង ធី សុវណ្ណថា អតីត​យុវតី​គាំ​ទ្រ​គណបក្ស​ប្រឆាំង​ដែល​បាន​ប្ដូរ​ទៅ​គាំ​ទ្រ​គណបក្ស​កាន់​អំណាច​វិញ​នោះ បាន​លួច​ជួប​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មុន​នឹង​ត្រូវ​បាន​ប្រកាស​តំណែង​អភិបាល​រង​ក្រុង​អរិយក្សត្រ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «បែក​ធ្លាយ​រូបថត​លួច​ជួប​គ្នា ហ៊ុន សែន-ធី សុវណ្ណថា មុន​ប្រកាស​តំណែង​អភិបាល​រង​ក្រុង​អរិយក្សត្រ»។

Facebook Post | Archived Link

FACT CHECK

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​រូបថត​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាន់​កែវ​ទឹក និង​អង្គុយជាប់​នឹង​នារី​ម្នាក់​នៅ​លើ​សាឡុង​តែ​មួយ ប៉ុន្តែ មិន​មែន​ជា​អ្នក​នាង ធី សុវណ្ណថា ដូច​ការ​អះ​អាង​នោះ​ឡើយ។ 

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​មួយ​របស់​សារព័ត៌មាន Fresh News ចុះ​ផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩​កន្លង​មក។

បើ​តាម​សារព័ត៌មាន​ដដែល​នេះ នារី​ម្នាក់​ដែល​អង្គុយ​ជាប់​លោក ហ៊ុន សែន នោះ គឺ​ជា​ចៅ​ស្រី​របស់​លោក ដែល​បាន​ជួប​លោក​នៅ​អំឡុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ហុងគ្រី​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩​កន្លង​មក។ សូម​មើល​រូបថត​នៅ​ទីនេះ (archived)។

រូបថត​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​​ផង​ដែរ​នៅ​ក្នុង​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បង្ហោះ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩​កន្លង​មក ដោយ​មាន​ការ​រៀបរាប់​ថា ចៅ​ស្រី​របស់​លោក​បាន​ស្កាត់​ទៅ​ជួប​លោក​នៅ​ឯ​ប្រទេស​ហុងគ្រី។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូបភាព​កាត់​ត និង​រូបថត​ច្បាប់​ដើម ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

CONCLUSION

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ ត្រូវ​បាន​កាត់​ត។ រូបថត​ច្បាប់​ដើម បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អង្គុយ​ជាប់​ជាមួយ​ចៅស្រី​របស់​លោក​នៅ​លើ​សាឡុង​តែ​មួយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ពេល​លោក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហុងគ្រី។

Avatar

Title: រូបថត​លោក ហ៊ុន សែន អង្គុយ​កៀក​ ធី សុវណ្ណថា គឺ​ជា​រូបភាព​កាត់ត​តែ​ប៉ុណ្ណោះ

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *