បន្ទាប់​ពី​​លោក ហ៊ុន ម៉ាណែត បាន​កាន់​តំណែង​នាយករដ្ឋ​មន្ត្រី​កម្ពុជា​បន្ត​ពី​ឪពុក​របស់​លោក​អស់​រយៈ​ពេល ៤​ខែ​មក​ហើយ​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​លោក​ស្រែក​ឡូឡា​អំឡុង​ពេល​ច្រៀង​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​ចម្រៀង​នារី​ម្នាក់ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​មាន​អ្នក​បញ្ចេញ​មតិ​ជាច្រើន។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា វីដេអូ​នេះ គឺ​ជា​វីដេអូ​កាត់​ត​តែ​ប៉ុណ្ណោះ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​រយៈ​ពេល​២៧​វិនាទី​មួយ​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន​ ម៉ាណែត ច្រៀង​ចម្រៀង​ជាមួយ​នារី ២​នាក់ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុង​វីដេអូ​នោះ អ្នក​ចម្រៀង​ស្រី​ដែល​ជា​ដៃ​គូ​ចម្រៀង​ឆ្លើយ​ឆ្លង​ជាមួយ​លោក ហ៊ុន ម៉ាណែត នោះ បាន​ច្រៀង​ចម្រៀង​«តាម​អើយ​តាម» ប៉ុន្តែ លោក ម៉ាណែត បែរ​ស្រែក​ឡូឡា​តប​ដៃ​គូ​ចម្រៀង​ទៅ​វិញ។

ទំព័រ​ហ្វេសប៊ុក​ដែល​បង្ហោះ​វីដេអូ​ឃ្លីប បាន​អះអាង​ថា លោក ហ៊ុន ម៉ាណែត មិន​ដឹង​ជា​ច្រៀង​បទ​ចម្រៀង​អ្វី​នោះ​ឡើយ។

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ការ​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «ហ៊ុន ម៉ាណែត ឡើង​ច្រៀង​មិន​ដឹង​ថា​ច្រៀង​បទ​អី?»។

Facebook Post | Archived Link

វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ទទួល​បាន​ការ​ចូល​ទស្សនា​ជាច្រើន​ដង និង​មាន​ការ​ចែក​រំលែក​បន្ត​ក៏​ដូចជា​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន​ផង​ដែរ។

https://www.tiktok.com/@rkk9710jo/video/7316764623582121234?is_from_webapp=1&sender_device=pc&web_id=7316886082066155015

TikTok | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​​តាម​រយៈ​​ការ​ដំណើរការ​កម្មវិធី Image Reverse Search និង​ពាក្យ​គន្លឹះ​នៅ​លើ​ប្រព័ន្ធ​រុក​រក និង​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​យើងរក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​ Image Reverse Search និង​ការ​ស្វែង​រក​ដោយ​ប្រើពាក្យ​គន្លឹះ យើង​បាន​រក​ឃើញ​វីដេអូ​ដូច​គ្នា​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់។

វីដេអូ​ដែល​យើង​បាន​រក​ឃើញ​នេះ មាន​រយៈ​ពេល​ជិត ២​នាទី ហើយ​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ច្រៀង​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា «ស្រអែម​ផល្លា»​ជាមួយ​អ្នក​ចម្រៀង​នារី​ម្នាក់ នៅ​ក្នុង​កម្មវិធី​ជួប​ជុំ​មួយ។

Fact Crescendo Cambodia បាន​ព្យាយាម​ផ្ញើ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ដែល​បង្ហោះ​វីដេអូ​នេះ​កាល​ពី ៣​ឆ្នាំ​មុន​នោះ ប៉ុន្តែ មិន​ទទួល​បាន​ការ​ឆ្លើយ​តប​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​បង្ហាញ​លោក ហ៊ុន ម៉ាណែត ច្រៀង​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​ចម្រៀង​នារី​ម្នាក់ ហើយ​វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពីថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០២០ ពោល​គឺ ៣​ឆ្នាំ​មុន​លោក​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​កម្ពុជា។

Facebook Post | Archived Link

ឆ្លើយ​តប​នឹង Fact Crescendo Cambodia អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​បញ្ជាក់​ថា វីដេអូ​មាន​រយៈ​២០​វិនាទី​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក News Fresh ត្រូវ​បាន​កាត់​ត​បញ្ចូល​សំឡេង​បន្ថែម​ពី​វីដេអូ​ច្បាប់​ដើម។

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​រវាងវីដេអូ​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក News Fresh និង​វីដេអូ​ដែល​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កាល​ពី​ ៣​ឆ្នាំ​មុន។

ទោះជាយ៉ាងណា អ្នក​នាំ​ពាក្យ​រូប​នេះ ប្រាប់ថា លោក​មិន​អាច​បញ្ជាក់បាន​ថា វីដេអូ​នេះ​ត្រូវ​បាន​ថត​តាំង​ពី​ពេល​ណា និង​នៅ​ទីកន្លែង​ណា​ពិត​ប្រាកដ​នោះ ហើយ​លោក​បញ្ជាក់​ថា ត្រូវការ​ពេល​វេលា​សម្រាប់​ពិនិត្យ​មើល​ឡើង​វិញ។

លោក មាស សុភ័ណ្ឌ អ្នក​នាំ​ពាក្យ​​ខុទ្ទកាល័យ​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់​ប្រាប់​ Fact Crescendo Cambodia នៅ​ថ្ងៃ​នេះ​ថា វីដេអូ​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក News Fresh គឺ​ជា​វីដេអូ​«ក្លែង​ក្លាយ»។

នៅ​ក្នុង​វីដេអូ​នេះ យើង​បាន​ឃើញ​មនុស្ស​ស្គាល់​មុខ​មួយ​ចំនួន​ដូច​ជា​លោក ម៉ឹង ពន្លក ដែល​ឈរ​នៅ​ខាង​ឆ្វេង​ដៃ​ក្បែរ​លោក ហ៊ុន ម៉ាណែត នៅ​លើ​វេទិកា​ចម្រៀង ខណៈ​អ្នក​ចូលរួម​ជាច្រើន​ទៀត​រាំ​លេង​កម្សាន្ត​តាម​ចង្វាក់​ភ្លេង​រាំ​វង់។

លោក ម៉ឹង ពន្លក ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត តែង​តាំង​​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​របស់​ក្រសួង​ការពារជាតិ។

Fact Crescendo Cambodia បាន​ស្នើ​សុំ​ព័ត៌មាន​លម្អិត​ពី​ផ្នែក​រដ្ឋបាល​​របស់​លោក ម៉ឹង ពន្លក ប៉ុន្តែ ពុំ​ទទួល​បាន​ការ​ឆ្លើយ​តប​នោះ​ឡើយ​រហូត​មក​ដល់​ថ្ងៃ​ចេញ​ផ្សាយ​អត្ថបទ​នេះ។

លោក ហ៊ុន ម៉ាណែត អាយុ ៤៧​ឆ្នាំ ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា​ដែល​បាន​កាន់​អំណាច​ជិត ៤០​ឆ្នាំ​​នោះ បាន​ឡើង​កាន់​តំណែង​នាយករដ្ឋ​មន្ត្រី​បន្ត​ពី​ឪពុក​របស់​លោក​កាល​ពី​ខែ​សីហា​កន្លង​មក​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា វីដេអូ​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ជា​វីដេអូ​កាត់​ត។ វីដេអូ​ច្បាប់​ដើម​ពិត​ប្រាកដ បង្ហាញ​លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន ម៉ាណែត មិន​បាន​ស្រែក​ឡេឡូ​នោះ​ឡើយ។ វីដេអូ​ច្បាប់​ដើម បង្ហាញ​លោក​ ហ៊ុន ម៉ាណែត ច្រៀង​​បទ​«ស្រអែម​ផល្លា»​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​ចម្រៀង​ស្រី​ម្នាក់​នៅ​ក្នុង​កម្មវិធី​ជួប​ជុំ​មួយ។

Avatar

Title:វីដេអូ​មួយ​ត្រូវ​បាន​កាត់​ត​បង្ហាញ​លោក ហ៊ុន ម៉ាណែត ស្រែក​ឡូឡា​ពេល​ឡើង​ច្រៀង

Written By: Jay Udom

Result: Altered