ខណៈដែល​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា និង​ថៃ​ តែង​តែ​មាន​មតិ​មិន​ស្រប​គ្នា​ជុំ​វិញ​ភាព​ប្រហាក់​ប្រហែល​គ្នាខាង​​សិល្បៈ និង​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរនោះ​​ រូប​ថត​ចំនួន ​២​សន្លឹកដែលបង្ហាញ​នាដការី​របាំ​អប្សរា​ម្នាក់​ឈរ​កាន់​ទង់​ជាតិ​ថៃ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ថៃ​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការអះអាងលើបណ្ដាញសង្គម

កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២សន្លឹក​ ចូល​ទៅ​ក្នុង​ក្រុម​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា​ «Amazing Krabey Khmer Cambo» ដែល​បាន​បង្ហាញ​នាដការី​​គ្រង​ឈុត​អប្សរា​ម្នាក់​នៅ​តំបន់​ភ្នំ​ទឹក​កក​មួយ​កន្លែង​ និង​ឈរ​កាន់​ទង់​ជាតិ​នៃ​ប្រទេស​ថៃ​។​

អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​ភ្ជាប់​រូប​ថត​ទាំង​២​ជាមួយ​សំណេរ​ជា​ភាសា​ថៃ​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ដែលមានអត្ថន័យថា​ «​ពួក​យើង​ស្រលាញ់​ស្រុក​ថៃ​»។​

រូប​ថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​បែប​នេះ​ ទទួលបាន​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​នាដការី​ម្នាក់​ បាន​ឈរ​កាន់​ទង់​ជាតិនៃ​ប្រទេស​​ថៃ​។​

Facebook Post | Archived Link

រូប​ថត​បែប​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះ​អាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link)​, ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទី​នេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។​

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​រូប​ថត​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

រូបថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ «Sokea Kimleang» កាល​ពី​ថ្ងៃ​ទី​០១​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​។​

ទំព័រ​ហ្វេសប៊ុក​របស់​តារា​សម្ដែង​ និង​ជា​នាដការី​របាំ​បុរាណ​កញ្ញា​ សុគា​ គីមលាង​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​អត្ថបទ​របស់​ខ្លួន​ថា​ កញ្ញា​បាន​សម្ដែង​របាំ​ព្រះរាជ​ទ្រព្យ​ ឬ​របាំ​អប្សរា​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌជាតិ​របស់​កម្ពុជា​ នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​នូវែលសេឡង់​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​នាដការី​របាំ​អប្សរា​​ បាន​ឈរ​កាន់​ទង់​ជាតិ​ថៃ​នោះ​ឡើយ​។​

Facebook Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​របស់​តារា​សម្ដែង​ និង​ជា​នាដការី​របាំ​បុរាណ​កញ្ញា​ សុគា​ គីមលាង​ ហៅ​ Kon Ant ដែល​បាន​គ្រង​ឈុត​អប្សរា​ ផ្សព្វ​ផ្សាយ​នៅ​​លើ​ទឹក​ដី​ប្រទេស​នូវែលសេឡង់​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​។​

https://web.facebook.com/reel/6484211988365869

Facebook Post | Archived Link

រូប​ថត​នៃ​ការ​គ្រង​ឈុត​អប្សរា​របស់​នាដការី​របាំ​បុរាណ​កញ្ញា​ សុគា​ គីមលាង​ នៅ​ប្រទេស​នូវែលសេឡង់កាល​ពី​ថ្មី​ៗ​នេះ​​ ក៏​ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ក្នុងស្រុក​ ខ្មែរ​ប៉ុស្ដិ៍​ ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​០២​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ដោយ​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​រូបថត​របស់​កញ្ញា​បាន​ឈរ​កាន់​ទង់​ជាតិ​នៃ​ប្រទេស​ថៃ​នោះ​ឡើយ​។​

Khmer Post Link | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូប​ថត​ដែល​ត្រូវ​បាន​កាត់​ត​ និង​រូប​ថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គមកាល​ពី​ពេល​ថ្មី​ៗ​នេះ​​។​

(រូប​ថត​​ទី​១​)

(រូប​ថត​ទី​២​)

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​បាន​បង្ហោះ​ ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នេះ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​តារា​សម្ដែង​ និង​នាដការី​របាំ​បុរាណ​ សុគា​ គីមលាង​ ដែល​បាន​គ្រង​ឈុត​អប្សរា​ និង​កាន់​ទង់​ជាតិ​កម្ពុជា​ នៅ​ប្រទេសនូវែលសេឡង់​។​

Avatar

Title:នាដការី​​គ្រង​ឈុត​អប្សរា​កាន់​ទង់​ជាតិ​ខ្មែរ​ម្នាក់​​ត្រូវ​បាន​កាត់​ត​ដោយ​ដាក់​ទង់​ជាតិ​ថៃ​វិញ

Written By: Kakada Sim

Result: Altered