
នាពេលថ្មីៗនេះ មានវីដេអូព័ត៌មានរាយការណ៍យ៉ាងផុសផុលមួយ បានបង្ហាញទិដ្ឋភាពនៃការឆាបឆេះយ៉ាងខ្លាំង ដោយភ្ជាប់នឹងការអះអាងនោះ គឺជាទិដ្ឋភាពនៃការឆេះនោះ បានកើតឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលមានមនុស្សជាច្រើន បានបាត់បង់ជីវិត និងរងរបួស។ ការអះអាងភ្ជាប់ដោយវីដេអូខាងលើ ត្រូវបានចែកចាយបន្ដជាច្រើនដង និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា យើងរកឃើញថា វីដេអូនេះត្រូវបានភ្ជាប់ជាមួយព័ត៌មានមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា «7News Khmer» បានបង្ហោះវីដេអូឃ្លីបដែលបង្ហាញទិដ្ឋភាពនៃការឆេះអគារមួយកន្លែង ជាមួយការអះអាងថា នោះគឺជាទិដ្ឋភាពនៃអគ្គិភ័យឆាបឆេះអាគារនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមនាពេលថ្មីៗនេះ។
វីដេអូឃ្លីបដែលមានសំណេរខាងលើ ត្រូវបានចែករំលែកបន្ដជាច្រើនដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបពីអ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបទាំងស្រុង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា «ម្នាក់ៗស្រែកយំបោកខ្លួននៅវៀតណាម ឆេះអគារ ១០ជាន់»។
វីដេអូឃ្លីបភ្ជាប់ដោយការអះអាងបែបនេះ ត្រូវបានបង្ហោះ និងរកឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើនទៀតផងដែរ។ សូមមើលខ្លឹមសារអះអាងទាំងស្រុងតាមរយៈតំណភ្ជាប់មាននៅទីនេះ (archived link) និងតំណភ្ជាប់មួយទៀតនៅទីនេះ (archived link)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
យើងបានរកឃើញវីដេអូឃ្លីបដូចគ្នាជាច្រើន បង្ហាញទិដ្ឋភាពនៃការឆេះអាគារយ៉ាងសន្ធោសន្ធៅមួយខាងលើនេះ ហើយត្រូវបានបង្ហោះនៅលើបណ្ដាគេហទំព័រ និងសារព័ត៌មានជាច្រើន។
ហេតុការណ៍នៃអគ្គិភ័យខាងលើ ត្រូវបានរកឃើញ និងផ្សព្វផ្សាយនៅលើគេហទំព័រ Daily Mail កាលពីខែកញ្ញា ឆ្នាំ២០២២មកម្ល៉េះ ដោយបញ្ជាក់ថា ការឆាបឆេះ និងមានកម្ទេចកម្ទីភ្លើងបានធ្លាក់ពីជាន់ខាងលើនេះ បានកើតឡើង និងលេបត្របាក់អាគារខ្ពស់មួយ នៅក្នុងទីក្រុង Changsha ភាគត្បូងប្រទេសចិន។
ខាងក្រោម គឺជារូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានបង្ហាញទិដ្ឋភាពផ្សែងអួរអាប់ ចេញពីអាគារដែលបានឆាបឆេះ។

Daily Mail News Report | Archived Link
ករណីហេតុការណ៍ខាងលើ ក៏ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មាន South China Morning Post ផងដែរ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ។ គេហទំព័រដដែលខាងលើ បានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងទៅលើអាគារកម្ពស់ប្រមាណ ២០០ម៉ែត្រនៅក្នុងទីក្រុង Changsha នៃខេត្តហៃណាន ភាគត្បូងប្រទេសចិន។
ទិដ្ឋភាពនៃការឆេះអាគារមួយនេះ ពុំបានកើតឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដូចអ្នកប្រើប្រាស់មួយចំនួនបានអះអាងនោះឡើយ។
South China Morning Post | Archived Link
ខាងក្រោមនេះ គឺជាវីដេអូរាយការណ៍ព័ត៌មានមួយពី Hindustan Times កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ដែលបានបញ្ជាក់ថា ករណីមួយនេះបានកើតឡើងនៅប្រទេសចិន ដោយពុំបានកើតឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមនោះឡើយ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូឃ្លីបនេះ គឺជាទិដ្ឋភាពនៃការឆេះអាគារទូរគមនាគមន៍ ដែលមានកម្ពស់ ៤២ជាន់ នៅក្នុងទីក្រុង Changsha ប្រទេសចិន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។

Title:តើនេះគឺជាទិដ្ឋភាពនៃអគ្គិភ័យឆាបឆេះអាគារនៅក្នុងទីក្រុងហាណូយមែនឬ?
Written By: Kakada SimResult: False