
មហាសេដ្ឋីមានជាងគេលើពិភពលោក លោក Elon Musk ត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump តែងតាំងជារដ្ឋមន្ត្រីក្រសួងពង្រឹងប្រសិទ្ធភាពរដ្ឋ។ ជាង ២សប្ដាហ៍ក្រោយមក រូបថតមួយសន្លឹកដែលបង្ហាញលោក Elon Musk គេងលើកម្រាលឥដ្ឋ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា វាជារូបថតមហាសេដ្ឋីរូបនេះ គេងនៅការិយាល័យធ្វើការរបស់លោក។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយនៅលើបណ្ដាញសង្គមកាលពីចុងសប្ដាហ៍កន្លងមក បានលើកឡើងថា មហាសេដ្ឋីមានទ្រព្យច្រើនជាងគេនៅលើពិភពលោក លោក Elon Musk បានដេកនៅលើកម្រាលឥដ្ឋផ្ទាល់នៅក្នុងការិយាល័យនៃក្រសួងពង្រឹងប្រសិទ្ធភាពរដ្ឋ ស្ថិតនៅរដ្ឋធានីវ៉ាស៊ិនតោន។
ការអះអាងនេះក៏បានបង្ហោះមកជាមួយផងដែរនូវរូបថតមួយសន្លឹកដែលបង្ហាញមហាសេដ្ឋីរូបនេះដេកឃ្លុំភួយទង់ជាតិអាមេរិកនៅលើកម្រាលឥដ្ឋនៅក្នុងអគារមួយ។
ការអះអាងនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម រួមទាំងការបញ្ចេញប្រតិកម្មចម្រុះបែប និងមតិយោបល់ផ្សេងៗផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបរាប់ថា “យោងតាមរបាយការណ៍មួយចំនួនថា អ្នកមានបំផុតជាងគេនៅលើពិភពលោក លោក អ៊ីឡុន ម៉ាស់ (Elon Musk) គេងនៅលើឥដ្ឋនៅក្នុងការិយាល័យនៃក្រសួងពង្រឹងប្រសិទ្ធភាពរដ្ឋ (Department of Government Efficiency – DOGE) ក្នុងទីក្រុងវ៉ាស៊ិនតុនឌីស៊ី (Washinton, D.C.) សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការងារជាអ្នកស្ម័គ្រចិត្តដោយមិនយកកម្រៃ ដើម្បីធ្វើឱ្យប្រាកដថា លុយបង់ពន្ធរបស់ប្រជាជនអាមេរិកនឹងត្រូវចំណាយដោយត្រឹមត្រូវដោយរដ្ឋាភិបាល”។
ការអះអាងដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមផ្សេងទៀតផងដែរ ដូចជា បណ្ដាញសង្គម X (អតីត Twitter) បណ្ដាញសង្គម Instagram បណ្ដាញសង្គម Threads និង TikTok។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គម Threads កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ជាភាសាអង់គ្លេសថា “បច្ចុប្បន្នភាព៖ វីរបុរសអាមេរិក លោក Elon Musk ដែលជាអ្នកមានបំផុតនៅលើពិភពលោក គេងនៅលើកម្រាលឥដ្ឋនៃអគារមួយនៅ DC ដើម្បីធ្វើឱ្យប្រាកដថា រដ្ឋាភិបាលមិនចំណាយលុយពលរដ្ឋដោយខ្ជះខ្ជាយឡើយ”។
“Update: American hero Elon Musk, the wealthiest man in the world is sleeping on the floor of a building in DC to make sure the government isn’t robbing you spending money needlessly!”
ការអះអាងមួយជាភាសាអង់គ្លេសនៅលើបណ្ដាញសង្គម X (អតីត Twitter) កាលពី ៣ថ្ងៃមុន បានរៀបរាប់ថា មហាសេដ្ឋីរូបនេះសម្រេចចិត្តគេងនៅលើកម្រាលឥដ្ឋនៅក្នុងអគារមួយនៅទីក្រុងវ៉ាស៊ិនតោន D.C. ដើម្បីធានាថា រដ្ឋាភិបាលមិនខ្ជះខ្ជាយលុយរបស់ប្រជាជននោះឡើយ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា “The richest man on the planet is choosing to sleep on a building’s floor in D.C. – all to keep an eye out and ensure the government isn’t shortchanging you! Thank you, Elon Musk, for Saving Humanity!”
ខាងក្រោមនេះ គឺជាវីដេអូនៃការអះអាងដូចគ្នានេះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម TikTok កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។
ដោយសារតែវាកំពុងផុសផុលនៅលើបណ្ដាញសង្គម គេអាចរកមើលការអះអាងដូចគ្នានេះនៅលើបណ្ដាញសង្គមតាមរយៈតំណភ្ជាប់នានានៅទីនេះ៖ Link 1 (archived), Link 2 (archived), និង Link 3 (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search និងកម្មវិធីត្រួតពិនិត្យមាតិកាបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ជាដំបូង Fact Crescendo បានពិនិត្យមើលទៅលើរូបភាពដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ហើយរកឃើញពាក្យ Grok ស្ថិតនៅផ្នែកខាងក្រោមជ្រុងខាងស្ដាំនៃរូបភាពនេះ។ ចំណុចនេះអាចឱ្យយល់បានថា រូបថតនេះមានប្រភពពី Grok ជាកម្មវិធីផលិតមាតិកា AI បង្កើតឡើងដោយ xAI។
ខាងក្រោមនេះ គឺជារូបភាពមួយចំនួនដែលត្រូវបានបង្កើតឡើងដោយកម្មវិធី Grok Chatbot ហើយត្រូវបានបង្ហោះនៅលើគណនីបណ្ដាញសង្គម X របស់ខ្លួននាពេលកន្លងមក។
តាមរយៈការវិភាគដោយកម្មវិធីផ្ទៀងផ្ទាត់មាតិកា AI លទ្ធផលបង្ហាញថា រូបភាពនេះត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មិនមែនជារូបថតជាក់ស្ដែងនោះឡើយ។
ខាងក្រោមនេះ គឺជាលទ្ធភាគវិភាគដោយឧបករណ៍ផ្ទៀងផ្ទាត់មាតិកា AI របស់វេបសាយ Hive Moderation ដែលជាវេបសាយឈានមុខគេមួយក្នុងការវិភាគមាតិកា AI។
ជាងនេះទៅទៀត ការអះអាងភ្ជាប់មកជាមួយរូបភាពនេះ ក៏ត្រូវបានផ្ទៀងផ្ទាត់ដោយ Asia Fact Check Lab របស់ប្រព័ន្ធផ្សព្វផ្សាយអាស៊ីសេរីជាភាសាចិនផងដែរ ដោយរកឃើញថា រូបភាពនេះមិនមែនជាការពិតនោះឡើយ។ សូមអានអត្ថបទទាំងស្រុងនៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
សារព័ត៌មាន WIRED (archived) បានចុះផ្សាយកាលពីចុងខែមុនថា មហាសេដ្ឋីមានជាងគេបំផុតលើពិភពលោក លោក Elon Musk បានប្រាប់មិត្តភក្តិគាត់ថា គាត់នឹងគេងនៅឯការិយាល័យក្រសួងពង្រឹងប្រសិទ្ធភាពរដ្ឋ ស្ថិតនៅរដ្ឋធានីវ៉ាស៊ិនតោន ឌីស៊ី។
ទោះជាបែបនេះក្ដី គ្មានរូបថតពិតប្រាកដជាក់ស្ដែងណាមួយបង្ហាញលោក Elon Musk កំពុងស្ថិតនៅក្នុងដំណេកនៅឯការិយាល័យ DOGE របស់លោក ត្រូវបានគេបង្ហាញជាសាធារណៈនោះឡើយរហូតមកដល់ពេលនេះ។
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបភាពដែលបង្ហាញលោក Elon Musk គេងនៅលើកម្រាលឥដ្ឋនោះ មិនមែនជារូបថតជាក់ស្ដែងនោះឡើយ។ រូបភាពនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI)តែប៉ុណ្ណោះ។

Title:រូបភាព AI បង្ហាញមហាសេដ្ឋី Elon Musk គេងលើកម្រាលឥដ្ឋបង្កការយល់ច្រឡំ
Fact Check By: Jay UdomResult: False
