
រូបភាពមួយសន្លឹកដែលបង្ហាញផ្ទះសម្បែងស្ថិតនៅសងខាងផ្លូវត្រង់មួយខ្សែ ត្រូវបានគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម ដោយអះអាងថា វាជាភូមិជនបទដ៏ស្រស់ស្អាតមួយស្ថិតនៅក្នុងប្រទេសប៉ូឡូញ។ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានចែកចាយបន្តនូវរូបភាពជាមួយព័ត៌មានបែបនេះ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបភាពលំនៅឋានស្ថិតនៅសងខាងផ្លូវមួយខ្សែដ៏ត្រង់មួយ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមព្រោងព្រាតជាមួយការអះអាងថា វាជាភូមិឋានមួយស្ថិតនៅក្នុងប្រទេសប៉ូឡូញ នៅទ្វីបអឺរ៉ុប។
រូបភាពភ្ជាប់ជាមួយការអះអាងនេះ ត្រូវបានចែករំលែកយ៉ាងផុសផុលពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា ដែលភាគច្រើនជឿថា វារូបថតពិតប្រាកដនៃភូមិឋានរបស់ប្រជាជនប៉ូឡូញដូចដែលគេអះអាង។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលរៀបរាប់ថា “ភូមិឋានជនបទមួយនៅប្រទេសប៉ូឡូញ”។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះការអះអាងដូចគ្នានេះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលនាំឱ្យមានការចែកចាយបន្តរហូតដល់ទៅជាង ១ពាន់ដង និងមានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាជាច្រើនបញ្ចេញមតិដោយបង្ហាញការជឿទៅតាមព័ត៌មាននេះ។
ការអះអាងថា រូបភាពនេះគឺជាភូមិឋានមួយនៅក្នុងប្រទេសប៉ូឡូញ ត្រូវបានបង្ហោះ និងចែកចាយផុសផុលនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀត។
ការអះអាងជាភាសាខ្មែរនេះ បានកើតឡើងបន្ទាប់ពីមានការអះអាងជាភាសាអង់គ្លេសបង្ហោះនៅលើបណ្ដាញសង្គមថា រូបភាពនេះ គឺជាភូមិមួយនៅក្នុងប្រទេសប៉ូឡូញ ដែលមានប្រជាជនរស់នៅប្រហែល ៦,០០០នាក់ ស្ថិតនៅសងខាងផ្លូវដ៏ត្រង់មួយខ្សែនេះ។
ខាងក្រោមនេះ គឺជាការអះអាងជាភាសាអង់គ្លេសដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលត្រូវបានចែកចាយបន្តជាង ២០០ដង។
មិនត្រឹមតែប៉ុណ្ណឹង ការអះអាងមួយទៀតដែលបង្ហោះជាភាសាអង់គ្លេស បានរៀបរាប់ថា រូបភាពនេះគឺជាសង្កាត់ថ្មីមួយនៅរដ្ឋធានីមូស្គូ ប្រទេសរុស្សី។ សូមមើលរូបភាពផ្ដាមចេញពីការអះអាងនេះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
ការអះអាងនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដទៃទៀតដែរ ដូចជា X (អតីត Twitter) និងបណ្ដាញសង្គម Threads ដែលទើបបង្កើតឡើងថ្មីរបស់ក្រុមហ៊ុន Meta ក្រុមហ៊ុនមេជាមួយបណ្ដាញសង្គម Facebook ផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដូចគ្នានេះដែលបង្ហោះនៅលើបណ្ដាញសង្គម Threads កាលពីជាងមួយសប្ដាហ៍មុន ដោយរៀបរាប់ថា វាជាភូមិមួយនៅប្រទេសរុស្ស៊ី។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងដូចគ្នានេះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសរសេរថា វាជាភូមិមួយនៅប្រទេសប៉ូឡូញ ដែលមានមនុស្សរស់នៅ ៦,០០០នាក់។
គេក៏អាចរកមើលការអះអាងដូចគ្នានេះដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតតាមរយៈតំណភ្ជាប់មាននៅទីនេះ៖ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), និង Link 5 (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo បានផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមមួយបានបញ្ជាក់ថា រូបភាពនេះមិនមែនរូបថតជាក់ស្ដែងនៃភូមិ Sułoszowa ស្ថិតនៅក្នុងប្រទេសប៉ូឡូញនោះឡើយ។
ផ្ទុយទៅវិញ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែល បានរៀបរាប់នៅលើបណ្ដាញសង្គម X ថា ភូមិមួយនៅក្នុងប្រទេសប៉ូឡូញ មិនមានផ្លូវត្រង់បែបនេះនោះឡើយ បើទោះបីជាភូមិនោះមានផ្លូវតែមួយ និងអមសងខាងផ្លូវដោយផ្ទះសម្បែងរបស់អ្នកភូមិក៏ដោយ។
ជាងនេះទៅទៀត អ្នកប្រើប្រាស់បណ្ដាញសង្គមដដែល បានបង្ហោះរូបថតនៃភូមិ Sułoszowa នៅលើបណ្ដាញសង្គមផងដែរ ដែលបង្ហាញថា វាខុសគ្នាទាំងស្រុង ហើយគាត់ដាក់ការសង្ស័យថា រូបភាពខាងលើត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI)។
ដើម្បីបញ្ជាក់ថា តើរូបភាពនេះត្រូវបានបង្កើតឡើងដោយ AI ឬយ៉ាងណានោះ យើងបានយករូបភាពនេះដាក់ឱ្យកម្មវិធីផ្ទៀងផ្ទាត់មាតិកា AI ត្រួតពិនិត្យ និងវាយតម្លៃ ដែលបញ្ជាក់ថា វាត្រូវបានបង្កើតឡើងដោយ AI។
Sułoszowa គឺជាភូមិមួយស្ថិតនៅភាគត្បូងនៃប្រទេសប៉ូឡូញ ហើយជាលំនៅឋានរបស់អ្នកភូមិប្រហែល ៦,០០០នាក់។ សារព័ត៌មាន Daily Express បានចុះផ្សាយកាលពីជិតពីរឆ្នាំមុនថា ភូមិនេះទាក់ទាញការចាប់អារម្មណ៍ពីមហាជនដោយសារតែផ្ទះសម្បែងរបស់អ្នកភូមិស្ថិតនៅសងខាងផ្លូវដែលលមានតែមួយខ្សែប៉ុណ្ណោះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីរូបថតភូមិ Sułoszowa ដែលរូបថតនេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន Daily Express របស់អង់គ្លេស។ សំណេរក្រោមរូបថតរៀបរាប់ថា វាគឺជាភូមិមួយរបស់ប៉ូឡូញ ដែលគេប្រសិទ្ធនាមថា “គ្រាប់ពេជ្រលាក់ខ្លួន” នៅអឺរ៉ុប។
Daily Mail’s Report | Archived Link
ដើម្បីបញ្ជាក់កាន់តែច្បាស់ថែមទៀត ខាងក្រោមនេះ គឺជាវីដេអូបង្ហាញភូមិ Sułoszowa ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញកម្សាន្ត YouTube។
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបភាពមួយសន្លឹកនេះ មិនមែនជារូបថតពិតប្រាកដនៃភូមិ Sułoszowa របស់ប៉ូឡូញនោះឡើយ។ រូបភាពនេះ ត្រូវបានបង្កើតឡើងដោយ AI តែប៉ុណ្ណោះ។ រូបថតពិតប្រាកដនៃភូមិ Sułoszowa បង្ហាញឱ្យឃើញផ្លូវមួយខ្សែមានភាពបត់បែនអមដោយផ្ទះសម្បែងរបស់អ្នកភូមិស្ថិតនៅសងខាងផ្លូវ។

Title:ការអះអាងមិនត្រឹមត្រូវថា រូបភាពនេះជាភូមិ Sułoszowa របស់ប៉ូឡូញ
Written By: Jay UdomResult: False