Fact-Check: តើ​យុវតី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយសារ​បដិសេធ​ការ​ចូល​ស្ដី​ដណ្ដឹង​មែន​ឬ​ទេ??

False Social

កាល​ពី​សប្ដាហ៍​មុន សំណុំ​រឿង​របស់​ឧកញ៉ា​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ថា បាន​ប៉ុន​ប៉ង​រំលោភ​លើ​តារា​ម៉ូឌែល និង​ពិធីការិនី​ទូរទស្សន៍​នោះ បាន​គ្រប​ដណ្ដប់​ទៅ​លើ​ព័ត៌មាន​ដទៃ​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នា​នេះ រូបថត​យុវតី​ម្នាក់​ជាមួយ​សំណេរ​លើ​រូបថត​ថា យុវតី​រូប​នោះ​​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ហើយ​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​នាង​បដិសេធ​ការ​ចូល​ស្ដី​ដណ្ដឹង​​សុំ​រៀបការ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​យ៉ាង​ព្រោង​ព្រាត​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បង្ហាញ​ថា សំណេរ​លើ​រូបថត​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​យុវតី​រូប​នោះ មិន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ដូច​ការ​អះ​អាង​នោះ​ទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២១ រូបថត​យុវតី​ម្នាក់​ឈរ​អម​សង​ខាង​ដោយ​មន្ត្រី​នគរបាល​ពីរ​រូប ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​លើ​រូបថត​នោះ​ថា យុវតី​ម្នាក់​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​នាង​បដិសេធ​ការ​ចូល​ស្ដី​ដណ្ដឹង ឬ​បដិសេធ​រៀបការនោះ។

រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប ហើយ​​ក៏​ត្រូវ​បាន​ចែក​រំលែក​​តៗ​គ្នា​​ដល់​ទៅ​រាប់​រយ​ដង។ រូបថត​ជាមួយ​សំណេរ​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៅ​កាន់​គ្រុប​ហ្វេសប៊ុក​​មួយ​ដែល​មាន​សមាជិក​ដល់​ទៅ​រាប់​សែន​គណនី​ហ្វេសប៊ុក។

សំណេរ​នៅ​លើ​រូបថត​របស់​យុវតី​នោះ រៀបរាប់​ថា​«នារី​វ័យ​ក្មេង​ម្នាក់​ គេ​ចូល​ដណ្ដឹង​ប្រកែក​មិន​ព្រម​យក​ប្ដី ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​សួរ​ចម្លើយ»។

Facebook Post | Archived Link

រូបថត​របស់​យុវតី​ម្នាក់​ជាមួយ​សំណេរ​បែប​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ឡើង​វិញ​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ទៀត ហើយ​ទទួល​បាន​ការ​ចុច​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយដង​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​ជុំ​វិញ​រូបថត និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ​តាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​ជើង​បាន​ជួប​រូបថត​ដូច​គ្នា​ទាំង​ស្រុង និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។

តាម​រយៈ​កម្មវិធី​ស្វែង​រក​រូបថតរបស់ Google យើង​បាន​រក​ឃើញ​អត្ថបទ​ព័ត៌មាន​ចេញ​ផ្សាយ​ដោយ​គេហ​ទំព័រ​សារព័ត៌មាន Khmer Breaking News (KBN) កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០​កន្លង​មក។ ខ្លឹមសារ​នៃ​អត្ថបទ​សារព័ត៌មាន​នេះ បាន​ផ្សាយ​ថា យុវតី​ កាន់ សុភ័ក្រ ​​អាយុ ១៩​ឆ្នាំ ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ ត្រូវ​បាន​នគរបាល​ខេត្ត​សៀមរាប​ឃាត់​ខ្លួន​សួរ​នាំ​ជុំ​វិញ​ការ​បង្ហោះ​ការ​អះ​អាង​​ពាក់​ព័ន្ធ​នឹង​មេរោគ​កូរ៉ូណា។

ការ​អះអាង​មួយ​ដែល​ត្រូវ​ចុះ​ផ្សាយ​ភ្ជាប់​ជាមួយ​អត្ថបទ​សារព័ត៌មាន​នោះ ត្រូវ​បាន​សរសេរ​ថា «កុំ​ចាក​ចេញ​ពី​ផ្ទះ​ចាប់​ពី​ម៉ោង ៤​ព្រឹក​ ដល់​ម៉ោង ៧:៣០​ព្រឹក​ថ្ងៃ​ស្អែក​នេះ ព្រោះ​រដ្ឋាភិបាល​ទូទាំង​ប្រទេស​បាន​ចាក់​ទឹក​សម្លាប់​មេរោគ​លើ​យន្តហោះ។ សូម​ចែក​រំលែក​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ជូន​ដំណឹង​ដល់​គ្នា»។

យុវតី​រូប​នេះ បាន​សន្យា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា នាង​ទទួល​ស្គាល់​កំហុស ក្រោយ​ពី​បាន​ចែក​រំលែក​ការ​អះ​អាង​ខាង​លើ​ដោយ​មិន​បាន​ដឹង​ថា​ជា​ព័ត៌មាន​មិន​ពិត។

KBN’s Report | Archived Link

នៅ​ក្នុង​កិច្ច​សម្ភាស​តាម​ទូរស័ព្ទ​ជាមួយ Fact Crescendo Cambodia នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ យុវតី កាន់ សុភ័ក្រ ដែល​សព្វថ្ងៃ​នេះ​មាន​អាយុ ២០​ឆ្នាំ​ហើយ​នោះ បាន​ប្រាប់​ថា នាង​បាន​ច្រាន​ចោល​នូវ​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម ដោយ​នាង​ចាត់​ទុក​ថា បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​នាង។

យុវតី​រូប​នេះ ប្រាប់​ថា នាង​ជ្រើស​រើស​មិន​បញ្ចេញ​ការ​ឆ្លើយ​តប​អ្វី​ទាំង​អស់​ទៅ​នឹង​សំណេរ​លើ​រូបថត​របស់​នាង ដោយ​រំពឹង​ថា អ្វីៗ​នឹង​រសាត់​បាត់​ទៅ​តាម​ពេល​វេលា។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា សំណេរ​លើ​រូបថត​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ យុវតី​អាយុ ១៩​ឆ្នាំ​ម្នាក់ មិន​មែន​ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​ដោយសារ​តែ​នាង​បដិសេធ​ការ​ចូល​ស្ដី​ដណ្ដឹង​ពី​បុរស​ណា​ម្នាក់ និង​បដិសេធ​ការ​រៀបអាពាហិ៍ពិពាហិ៍​នោះ​ឡើយ។ យុវតី​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​សាក​សួរ​ជុំ​វិញ​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ពាក់​ព័ន្ធ​នឹង​មេរោគ​កូរ៉ូណា​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០។

Avatar

Title:តើ​យុវតី​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ដោយសារ​បដិសេធ​ការ​ចូល​ស្ដី​ដណ្ដឹង​មែន​ឬ​ទេ??

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *