ខណៈពេលដែល Met Gala ត្រូវបានចាត់ទុកជាកម្មវិធីជួបជុំតារាល្បីៗ តែងខ្លួនជាមួយសម្លៀកបំពាក់ប្លែកៗទាន់សម័យនោះ រូបថតរបស់កំពូលតារាចម្រៀងស្រីអាមេរិកចំនួន ៣រូប ត្រូវបានបង្ហោះឡើងដោយបង្ហាញឈុតម៉ូតសម្លៀកបំពាក់គួរឱ្យចាប់អារម្មណ៍។ ការបង្ហោះខាងលើ ត្រូវបានចែកចាយជាច្រើនដង ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo Cambodia រកឃើញថា រូបថតបង្ហោះនៅលើបណ្ដាញសង្គមនោះ គឺមិនត្រឹមត្រូវនោះឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​០៧​ ខែ​ឧសភា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ X (Twitter) បង្ហោះ​​រូប​ថត​តារាស្រី​ Rihanna មួយ​សន្លឹក​​ដែល​បង្ហាញ​តារា​អាមេរិក​រូប​នេះ​​ស្ថិត​ក្នុង​ឈុត​​សម្លៀក​បំពាក់​យ៉ាង​ប្លែក​មួយ​​នៅ​ក្នុង​កម្មវិធី​​សប្បុរស​ធម៌​ Met Gala ឆ្នាំ​២០២៤​។​

ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ បង្ហាញ​​តារា​ស្រី​ Rihanna ជាមួយ​នឹង​ការ​​អះអាង​ថា​ នោះ​ជា​ទិដ្ឋភាព​ពេល​​​តារា​ស្រី​រូប​នេះ​ បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ Met Gala។​

X Link | Archived Link

ដូច​គ្នា​នេះ​ រូប​ថត​តារា​ស្រី​ Lady Gaga ក៏​ត្រូវ​បាន​បង្ហោះដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត​​ផង​ដែរ​ ជា​មួយ​នឹង​ឈុត​ម៉ូត​សម្លៀក​បំពាក់​ដ៏​លេច​ធ្លោមួយ​​នៅ​ឯ​កម្មវិធី​ Met Gala។​

X Link | Archived Link

រូប​ថត​មួយ​សន្លឹក​ផ្សេង​ទៀត​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​តារា​ស្រី​ Katy Perry ចូល​រួម​នៅ​ក្នុង​កម្មវិធី​ Met Gala ឆ្នាំ​២០២៤​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ផង​ដែរ​​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ X កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​

X Link | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​គេហទំព័រ​ Hive Moderation ដែល​ជា​គេហទំព័រ និង​ជា​កម្មវិធី​​ផ្ទៀង​ផ្ទាត់​អត្ថបទ​ ឬ​រូប​ភាព​ទាំង​ឡាយ​ណា​ ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ បាន​បង្ហាញ​នូវ​លទ្ធផល​បញ្ជាក់​ថា​ទិដ្ឋភាព​ទាំង​ឡាយ​នោះ​ គឺ​៧៩​.៦ភាគរយ​ ដែល​បង្កើត​ដោយ​កម្មវិធី​ (AI)​ តែ​ប៉ុណ្ណោះ​។

Hive Moderation Link | Archived Link

ព័ត៌មាន​នៃ​ការ​អវត្តមាន​របស់​តារា​ស្រី​ Rihanna​ នៅ​ក្នុង​កម្មវិធី​ Met Gala ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​នា​ពេល​ថ្មីៗ​នេះ​។​

តាម​រយៈ​គេហទំព័រ​ People ចុះ​ផ្សាយ​កាល​ពី​ខែ​ឧសភា​​កន្លង​ទៅ​ បាន​បញ្ជាក់​ថា​ ​អវត្តមាន​របស់​តារា​ស្រី​រូប​ខាង​លើ​ គឺ​បណ្ដាល​មក​ពី​រូប​នាង​មាន​ជំងឺ​ផ្ដាសាយ​ ដែល​មិន​អាច​ចូល​រួម​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ​នេះ​បាន​។​

People Link | Archived Link

ដូច​គ្នា​នេះ​ តាម​រយៈ​គណនី​ Instagram របស់​តារា​ស្រី​ Katy Perry ក៏​បាន​បញ្ជាក់​ជា​ភាសា​អង់គ្លេស​ក្នុង​ន័យ​​ថា​ នាង​មិនបាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ Met Gala នោះ​ឡើយ​ ដោយ​សារ​តែ​​មាន​ធុរៈ​ការងារ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​​ Instagram របស់​តារា​ស្រី​ Katy Perry។​

Instagram Post | Archived Link

តាមរយៈ​អត្ថបទ​របស់​​ទស្សនាវដ្ដី Harper's Bazaar កាល​ពី​ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២៤​ បាន​បញ្ជាក់​ផង​ដែរ​ថា​ តារា​ស្រី​មួយ​ផ្សេង​ទៀត​ នាង Lady Gaga ក៏​មិន​បាន​ចូល​រួម​នៅ​ក្នុង​កម្មវិធី​ Met Gala ឆ្នាំ​២០២៤​នោះ​ដែរ។

Harper's Bazaar Link | Archived Link

ក្រុម​ការងារ​របស់​ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ផង​ដែរ​​នូវ​រូប​ថត​ច្បាប់​ដើម​ទាំងឡាយ​ខាង​លើ​នោះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ដោយ​​គណនី​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Instagram របស់​លោក​ RICKDICK ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​វិចិត្រករ​មួយ​រូប​។​

ខាង​ក្រោម​នេះ​​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​គណនី​របស់​លោក​ RICKDICK និង​​រូប​ភាព​ ដែល​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI)។​

Instagram Post | Archived Link

ករណី​រូប​ថត​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ និង​ត្រួត​ពិនិត្យ​ការ​ពិត​ដោយ​ក្រុម​ការងារ​ Fact Crescendo របស់​ប្រទេស​ថៃផង​ដែរ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​បាន​រក​ឃើញ​ថា​ រូប​ថតទាំង​ឡាយ​​នេះ​ គឺ​ត្រូវ​បាន​​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​ទិដ្ឋភាព​ជាក់​ស្ដែង​នោះ​ទេ​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia

បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថតទាំង​ឡាយ​​នេះ​ គឺ​ត្រូវ​បាន​​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​ទិដ្ឋភាព​ជាក់​ស្ដែង​នោះ​ទេ​។​

Avatar

Title:រូបភាព​តារា​ចម្រៀង​អាមេរិក​បី​រូប​​ស្លៀក​ឈុត​ដ៏​លេច​ធ្លោ​​នៅ Met Gala បង្កើត​ឡើង​ដោយ AI

Written By: Kakada Sim

Result: Altered