Fact-Check: ដើម​ពោធិ៍​ដែល​ដួល​រលំ​​ដោយសារ​ខ្យល់​កន្ត្រាក់​នោះ មិន​មែន​ជា​ដើម​ពោធិ៍​​​ស្នេហ៍​​ទុំទាវ​ទេ

False Social

​ខ្យល់​កន្ត្រាក់​ និង​ភ្លៀង​ធ្លាក់ បាន​កើត​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បណ្ដាល​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង​ប្រជា​ពលរដ្ឋ​រាប់​ពាន់​ខ្នង ហើយ​ក៏​បណ្ដាល​ឱ្យ​បាក់​ដើម​ឈើ​ជាច្រើន​ផង​ដែរ។ ខេត្ត​ត្បូងឃ្មុំ​ក៏​ទទួល​រង​ខ្យល់​បក់​បោក​លាយ​ឡំ​នឹង​ទឹក​ភ្លៀង​ផង​ដែរ ដែល​នាំ​ឱ្យ​បាក់​ដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម។ទន្ទឹម​គ្នា​នេះ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ បាន​និយាយ​ថា ដើម​ពោធិ៍​ដ៏​ធំ​ដែល​បាក់​រលំ​នោះ គឺ​ជា​ដើម​ពោធិ៍​ជាប់​ទាក់​ទង​នៅ​ក្នុង​រឿង​ទុំទាវ ដែល​ជា​រឿង​រ៉ាវ​ស្នេហា​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា ការ​អះ​អាង​នេះ ត្រូវបាន​បញ្ជាក់​ថា មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែ​ឧសភា​ ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​របស់​តារា​ចម្រៀង​រ៉េប​ខ្មែរ នេន ទុំ (Ten Tum) បាន​បង្ហោះ​រូបថត ០៦​សន្លឹក​បង្ហាញ​​ដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម​បាន​ដួល​រលំ​ដោយ​ខ្យល់​កន្ត្រាក់​លាយ​ឡំ​នឹង​ភ្លៀង​ធ្លាក់​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ។

រូបភាពដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម​ដែល​ដួល​រលំ​នោះ ត្រូវ​បាន​គេ​អះអាង​ថា ជា​ដើម​ពោធិ៍​មាន​ប្រវត្តិ​ទាក់​ទង​នឹង​រឿង​រ៉ាវ​ស្នេហា​ទុំ​ និង​ទាវ ដែល​ត្រូវ​បាន​ចង​ក្រង​ជា​រឿង​ប្រលោម​លោក​បែប​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​ល្បាញ​របស់​ប្រទេស​កម្ពុជា។

ការ​អះ​អាង​នេះ​​ ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ចែក​រំលែក​តៗ​គ្នា​រាប់​ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​មាន​ការ​បញ្ចេញ​មតិ​ ឬ​ប្រតិកម្ម​ចម្រុះ​បែប​ទៅ​នឹង​ហេតុការណ៍​បាក់​រលំ​ដើម​ពោធិ៍​ដ៏​ធំ​ស្កឹម​ស្កៃ​នេះ។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​មួយ រៀបរាប់​ថា «ប្រវត្តិ​ស្នេហា ទុំទាវ នៅ​ស្រុក​ត្បូងឃ្មុំ ដែល​មាន​ដើម​ពោធិ៍​ជើង​ខាល​ជា​សាក្សី ពេល​នេះ​ត្រូវ​ខ្យល់​បោក​បក់​ដួល​រលំ​ហើយ ឪ​ដើម​ឈើ​ស្នេហ៍​អើយ មាន​អារម្មណ៍​ថា​សេដ​ខ្លាំង​ណាស់ សោក​ស្ដាយ»។

ប្រហែល​ជា ៣​ម៉ោង​ក្រោយ​មក ទំព័រ​ហ្វេសប៊ុក​នេះ បាន​បន្ថែម​ឃ្លាថ្មី​ទៀត​ដែល​រៀបរាប់​ថា «ខ្ញុំ​ចង់​ដាំ​ឡើង​វិញ តែ​អ្នក​ខ្លះ​ថា មិន​មែន អ្នក​ដឹង​ជួយ​ប្រាប់​ផង» ហើយ​​សរសេរ​បញ្ជាក់​ថា​យោង​តាម​«ប្រភព: Lida Sea»។

ឈ្មោះ Lida Sea បាន​លេច​ធ្លោ​ទៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មាន​អ្នក​ប្រើ​ហ្វេសប៊ុក​រហូត​ដល់ ១៣​ខេ (13K) បាន​និយាយ​អំពី​ឈ្មោះ​មួយ​នេះ​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ៨​ម៉ោង​ចុង​ក្រោយ​នៃ​យប់​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២១។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​នូវ​ការ​អះ​អាង​នេះ​តាម​រយៈ​ពិនិត្យ​មើល​ការ​បក​ស្រាយ​ពី​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​ ជា​ទី​ដែល​​ដើម​ពោធិ៍​អាយុ​កាល​រាប់​រយ​ឆ្នាំ​នេះ ដុះ​នៅ ហើយ​ក៏​ជា​ទី​ជាប់​ទាក់​ទង​នឹង​រឿង​រ៉ាវ​នៃ​ប្រវត្តិ​ស្នេហា​ទុំ​ទាវ​ផង​ដែរ។

នៅ​យប់​ថ្ងៃ​​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២១​ដដែល លោក ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​​ថា ដើម​ពោធិ៍​ដ៏​ធំ​នោះ មិន​មែន​ជា​​ដើម​ពោធិ៍​មាន​ជាប់​ទាក់​ទង​នឹង​ប្រវត្តិ​ស្នេហា​ទុំ​ទាវ​នោះ​ទេ។ អភិបាល​ខេត្ត​រូប​នេះ បញ្ជាក់​ថា ដើម​ពោធិ៍​​វ័យ​ចំណាស់​នោះ គឺ​ជា​ដើម​ពោធិ៍​អ្នក​តា​ក្រហម​ក។

រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​របស់​លោក ជាម ច័ន្ទសោភ័ណ រៀបរាប់​ថា​ «សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា ដើម​ពោធិ៍​ដែល​ដួល​ដោយសារ​ខ្យល់​កន្ត្រាក់​ថ្ងៃ​នេះ មិន​មែន​ដើម​ពោធិ៍​ទុំទាវ​នោះ​ទេ គឺ​ដើម​ពោធិ៍​អ្នក​តា​ក្រហម​ក!!!!»។

សំណេរ​រៀបរាប់​បន្ត​ថា​ «ខ្ញុំ​បាទ​សូម​អរគុណ​ជា​អនេក​ចំពោះ​ឯកឧត្ដម​ឧប​នាយករដ្ឋ​មន្ត្រី ជា សុផារ៉ា ដែល​បាន​ជួយ​រៀបចំ​ដាំ​ដើម​ពោធិ៍​នេះ​ឡើង​វិញ»។

Facebook Post | Archived Link

ទំព័រ​ហ្វេសប៊ុក​​សារព័ត៌មាន​កម្ពុជា​ថ្មី បាន​ដក​ស្រង់​សម្ដី​អាជ្ញាធរ​មូលដ្ឋាន ដែល​និយាយ​​ថា ដើម​ពោធិ៍​ដ៏​ធំ​នេះ ស្ថិត​នៅ​ក្នុង​ឃុំ​មួងរៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ហើយ​ដើម​ឈើ​មួយ​ដើម​នេះ ត្រូវ​បាន​អ្នក​ភូមិ​ហៅ​ថា «ដើម​ពោធិ៍​លោក​តា​ក្រហម​ក»។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​សារព័ត៌មាន​កម្ពុជា​ថ្មី រៀបរាប់​ថា​ «ដើម​ពោធិ៍​ដ៏​ធំ​មួយ​ដើម​ ត្រូវ​បាន​ដួល​រំលំ ខណៈ​មាន​ភ្លៀង និង​ខ្យល់​កន្ត្រាក់ ប៉ុន្តែ អ្នក​ភូមិ​តែង​តែ​ហៅ​ថា ជា​ដើម​ពោធិ៍​លោក​តា​ក្រហម​ក មិន​មែន​ជា​ដើម​ពោធិ៍​ប្រវត្តិសាស្ត្រ​ទុំ​ទាវ​ឡើយ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក គុយ សេង មេ​ឃុំ​មួងរៀវ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ»។

Facebook Post | Archived Link

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​មួយ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​​ខ្លួន រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា ដើម​ពោធិ៍​​លោក​តា​ក្រហម​ក ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៧០​ម៉ែត្រ​ពី​ដើម​ពោធិ៍​ជើង​ខាល ដែល​មាន​ប្រវត្តិ​ទាក់ទង​នឹង​ប្រវត្តិ​ស្នេហ៍​ទុំ​ និង​ទាវ។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ដើម​ពោធិ៍ដ៏​ធំ​ដែល​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បោក​បក់​ដួល​រលំ​នោះ គឺ​ជា​ដើម​ពោធិ៍​​លោក​តា​ក្រហម​ក ស្ថិត​នៅ​ចម្ងាយ​ប្រហែល ៧០​ម៉ែត្រ​ពី​ដើម​ពោធិ៍​ជើង​ខាល។ ចំណែក​ឯ​ដើម​ពោធិ៍​ជើង​ខាល​ដែល​មាន​ប្រវត្តិ​ជាប់​ទាក់​ទង​នឹង​រឿង​រ៉ាវ​ស្នេហា​ទុំ និង​ទាវ មិន​បាន​ដួល​រលំ​ទេ។

Leave a Reply

Your email address will not be published.