រូបភាពត្រីចម្លែកនៅទន្លេមេគង្គពីអតីតកាលគ្រាន់តែជារូបភាពបង្កើតឡើងដោយ AI ប៉ុណ្ណោះ
រូបភាពសខ្មៅជិត២០សន្លឹកដែលបង្ហាញមនុស្សមួយក្រុមចាប់បានត្រីធំចម្លែកៗ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមយ៉ាងព្រោតព្រាតជាមួយការអះអាងថា ត្រីចម្លែកៗទាំងនោះ គឺជាសត្វរស់នៅតាមដងទន្លេមេគង្គកាលពី ១៥០ឆ្នាំមុន។ ការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តដល់ទៅរាប់ពាន់ដងកាលពីខែមុន។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថត ១៩សន្លឹកដែលបង្ហាញត្រីធំចម្លែកៗដែលត្រូវមនុស្សមួយក្រុមចាប់បាននោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីខែមេសាកន្លងមកនេះ ដោយមានការអះអាងថា ត្រីទាំងនោះ គឺជាប្រភេទសត្វទឹកចម្លែកៗនៅតាមដងទន្លេមេគង្គកាលពី ១៤០ឆ្នាំមុន ហើយវាបានផុតពូជអស់ទៅហើយ។
រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តរហូតដល់ទៅជាង ១ម៉ឺនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ហើយក៏មានការបញ្ចេញមតិចោទសួរពីភាពត្រឹមត្រូវនៃការអះអាង និងរូបថតនេះផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី០៩ ខែមេសា ដែលរៀបរាប់ថា «កាល ១៤០ឆ្នាំមុន មានសត្វត្រីធំៗនៅតាមដងទន្លេមេគង្គយើង តែបច្ចុប្បន្ននេះបានផុតពូជហើយ។ តើកាលជំនាន់ដើមមានអ្វីខ្លះកើតឡើង?»។
រូបភាពជាមួយការអះអាងបែបនេះ ក៏ត្រូវបានផ្សព្វផ្សាយព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុកពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត។ សូមមើលខ្លឹមសារទាំងស្រុងតាមរយៈតំណភ្ជាប់នៅទីនេះ ១ (archived), ២ (archived), ៣ (archived)។
រូបភាពទាំងនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ជាភាសាអង់គ្លេសផងដែរ ដែលមានន័យដូចគ្នានឹងការអះអាងជាភាសាខ្មែរខាងលើដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងជាភាសាអង់គ្លេសថា «Crocodile tooth fish were found 150 years ago along the Mekong River, but they are all extinct. The Mekong River is in East Asia and is the world’s twelfth longest river over 3000 miles»។
ខាងក្រោមនេះ គឺជាការបង្ហោះរូបភាព និងការអះអាងជាភាសាឡាវ ដែលរៀបរាប់ថា គេកម្រឃើញរូបថតនេះណាស់ ប៉ុន្តែ យើងមានសំណាងបានរកឃើញរូបថតទាំងនេះ។
រូបភាពត្រីធំៗចម្លែកទាំងនេះ ក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមបង្ហោះនៅលើបណ្ដាញសង្គម Twitter ផងដែរកាលពីខែមេសាកន្លងមកនេះ ជាមួយការអះអាងដូចគ្នា។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ ក៏បានចោទសួរអំពីភាពត្រឹមត្រូវនៃរូបភាពនេះផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបភាពទាំងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបភាពទាំងនេះ ត្រូវបានរកឃើញបង្ហោះនៅក្នុងគ្រុបបណ្ដាញសង្គម Midjourney Official ដោយអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ธตรัฐ ไตรณรงค์ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីសំណេររបស់អ្នកប្រើប្រាស់បណ្ដាញសង្គមរូបនេះ បានរៀបរាប់ជាភាសាអង់គ្លេសថា «Cause of Extinction, Mekong River between the border of Thailand and Laos …»។
Fact Crescendo Cambodia មិនអាចបញ្ជាក់បានថា គ្រុប Midjourney Official គឺជាក្រុមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Midjourney ផ្លូវការឬយ៉ាងណានោះឡើយ។
Fact Crescendo Cambodia ក៏បានព្យាយាមទាក់ទងទៅអ្នកប្រើប្រាស់ហ្វេសប៊ុក ธตรัฐ ไตรณรงค์ ផងដែរ ដើម្បីបញ្ជាក់ថា រូបភាពទាំងនេះ គឺជារូបភាពផលិតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឬក៏យ៉ាងណា ប៉ុន្តែ មិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
ទោះជាយ៉ាងណា យើងបានរកឃើញរូបភាពជាច្រើនដែលកែច្នៃដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបានបង្ហោះ និងចែករំលែកនៅក្នុងគ្រុប Midjourney Official មួយនេះ ក្នុងនោះមានទាំងរូបភាពមេដឹកនាំមហាអំណាចពិភពលោក តារាសម្ដែងអន្តរជាតិល្បីៗ និងរូបភាពប្លែកៗជាច្រើនទៀត។
ខាងក្រោមនេះ គឺជារូបភាពកែច្នៃដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលបង្ហាញព្រះមហាក្សត្រីយានីអង់គ្លេស Elizabeth ទីពីរ លេងឧបករណ៍តន្ត្រី ហើយត្រូវបានចែករំលែកនៅក្នុងគ្រុបបណ្ដាញសង្គម Midjourney Official កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងទៅលើរូបភាពដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបភាពត្រីធំចម្លែកៗទាំងនេះ មិនមែនជាត្រីធំៗនៅតាមដងទន្លេមេគង្គកាលពី ១៥០ឆ្នាំមុននោះឡើយ។ រូបភាពត្រីចម្លែកៗទាំងនេះ ត្រូវបានផលិតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)តែប៉ុណ្ណោះ។
Title:រូបភាពត្រីចម្លែកនៅទន្លេមេគង្គពីអតីតកាលគ្រាន់តែជារូបភាពបង្កើតឡើងដោយ AI ប៉ុណ្ណោះ
Fact Check By: Jay UdomResult: Misleading