
ថ្មីៗនេះ រូបថតក្មេងស្រីម្នាក់មានផ្ទៃពោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា នាងជាអ្នកមានផ្ទៃពោះក្មេងជាងគេបំផុតនៅហ្វីលីពីនដោយមានអាយុត្រឹមតែ ៩ឆ្នាំ ហើយដៃគូរបស់ក្មេងស្រីនេះទើបតែមានអាយុ ១២ឆ្នាំ ដែលសុទ្ធតែស្ថិតក្នុងវ័យអនីតិជន។ ការអះអាងនេះ ត្រូវបានគេបង្ហោះ និងចែករំលែកព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
រូបថតដ៏ក្មេងល្ហក់ម្នាក់មានផ្ទៃពោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមយ៉ាងផុសផុលក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយមានការអះអាងថា នាងទើបតែមានអាយុ ៩ឆ្នាំប៉ុណ្ណោះ និងជាក្មេងស្រីជនជាតិហ្វីលីពីន។
ការអះអាងនេះ ត្រូវបានចែករំលែកបន្តព្រោងព្រាតពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម និងមានការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ ដោយភាគច្រើនជឿថា រូបថតនេះគឺជាការពិត។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា “ក្មេងស្រីនេះមានផ្ទៃពោះត្រឹម ៩ឆ្នាំនៅហ្គេនសាន់ ប្រទេសហ្វីលីពីន ក្មេងប្រុសជាឪពុកមានអាយុត្រឹម ១២ឆ្នាំ។ ជំនាន់នេះពិតជាខុសប្លែកពីគេ។ ពេលកូនធំឡើងប្រៀបដូចបងប្អូនបង្កើត”។
ការអះអាងនេះ ក៏សរសេររៀបរាប់ជាភាសាអង់គ្លេសផងដែរថា “The youngest pregnant 9 years old in Gensan the father 12 years old. Today’s generation is really different. When Their Children Grow Up, They’re Just Like They’re Siblings. Credit from Philippines”។
រូបថត និងការអះអាងជាភាសាខ្មែរនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម បន្ទាប់ពីមានការអះអាងជាភាសាអង់គ្លេសដ៏ផុសផុលថា ក្មេងស្រីអាយុ ៩ឆ្នាំនេះ បានក្លាយជាស្ត្រីមានផ្ទៃពោះក្មេងបំផុតនៅ Gensan និងមានដៃគូអាយុទើបតែ ១២ឆ្នាំ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះព័ត៌មាននេះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ដែលរៀបរាប់ថា “The youngest pregnant in Gensan is 9 years old. The youngest father is 12. Sad to hear but praying and hoping for your safe and successful delivery.”។
រូបថតភ្ជាប់ជាមួយខ្លឹមសារដូចនេះ ក៏ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមដទៃទៀត ដូចជា បណ្ដាញសង្គម TikTok បណ្ដាញសង្គម Instagram និង Threats បណ្ដាញសង្គមថ្មីរបស់ក្រុមហ៊ុន Meta។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថត និងការអះអាងនៅលើបណ្ដាញសង្គម Instagram កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤។
Instagram Post | Archived Link
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងជាភាសាឥណ្ឌូនេស៊ីនៅលើបណ្ដាញសង្គម Threats កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ដែលសំណេរបានជូនពរឱ្យក្មេងស្រីប្រសូត្របុត្រដោយសុវត្ថិភាព។
ការអះអាងនេះ ក៏កំពុងត្រូវបានបង្ហោះ និងចែករំលែកព្រោងព្រាតនៅលើបណ្ដាញសង្គម TikTok នាពេលប៉ុន្មានថ្មីៗនេះ ដែលនាំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជឿថា កុមារីរូបនេះពិតជាមានផ្ទៃពោះទាំងវ័យក្មេងមែន។
https://www.awesomescreenshot.com/video/34964978?key=efdc704e72b90b0230a2d06f0d628e47
ដោយសារតែវាកំពុងតែផុសផុលនៅលើបណ្ដាញសង្គម គេអាចរកមើលការអះអាងនេះតាមរយៈការបង្ហោះរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀតតាមរយៈតំណភ្ជាប់មាននៅទីនេះ៖ Link 1 (archived), Link 2 (archived), Link 3 (archived), Link 4 (archived), និង Link 5 (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo បានចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈកម្មវិធីត្រួតពិនិត្យរូបភាពបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ការវិភាគដោយវេបសាយ sightengine ដែលជាកម្មវិធីត្រួតពិនិត្យរូបភាពបង្កើតដោយបញ្ញាសិប្បនិម្មិត (AI)នោះ វាបង្ហាញថា រូបភាពក្មេងស្រីមានផ្ទៃពោះនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិតតែប៉ុណ្ណោះ ដោយវាមិនមែនជាក្មេងស្រីមានផ្ទៃពោះពិតប្រាកដទេ។
ខាងក្រោមនេះ គឺជាលទ្ធផលនៃការវិភាគដោយវេបសាយ sightengine ដែលបង្ហាញថា រូបភាពនេះត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត។
ខាងក្រោមនេះ គឺជាលទ្ធផលវិភាគដោយវេបសាយ sightengine ទៅលើរូបភាពមួយទៀត ដែលបង្ហាញថា រូបភាពនេះត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត។
ខាងក្រោមនេះ គឺជាលទ្ធផលនៃការវិភាគដោយវេបសាយ sight engine ទៅលើរូបភាពមួយទៀត ដែលបង្ហាញថា វាជារូបភាពបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិតដែរ។
ក្រៅពីការវិភាគដោយវេបសាយ sightengine លទ្ធផលវិភាគដោយវេបសាយ Hive Moderation ក៏បង្ហាញថា រូបភាពនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិតដែរ។
ក្រៅពីការវិភាគដោយកម្មវិធីវិភាគរូបភាព AI ហើយនោះ ការសង្កេតទៅលើរូបភាពទាំងនេះ បានបង្ហាញចំណុចខុសប្រក្រតីមួយចំនួន ដូចជា ក្មេងស្រីមានផ្ទៃពោះនេះ ពាក់ស្បែកជើងខុសគ្នា ហើយស្លៀកពាក់ឈុតរ៉ូបក៏ខុសគ្នាដែរ។
ដើម្បីផ្ទៀងផ្ទាត់ទៅលើការអះអាងនេះ Fact Crescendo ក៏បានស្វែងរកសេចក្ដីរាយការណ៍ព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសហ្វីលីពីនផងដែរ ប៉ុន្តែ គ្មានព័ត៌មានបែបនេះត្រូវបានរាយការណ៍នោះឡើយនាពេលប៉ុន្មានថ្មីៗនេះ។
ទោះជាយ៉ាងណា បញ្ហាក្មេងស្រីអនីតិជនមានផ្ទៃពោះទាំងវ័យក្មេង ពិតបានកើតឡើងនៅក្នុងប្រទេសហ្វីលីពីន ជាពិសេសនៅតំបន់ក្រក្រី ហើយវាជាបញ្ហាគឺជាចំណោទសង្គមដ៏រាំរៃមួយនៅក្នុងប្រទេសនេះ។
ករណីក្មេងស្រីវ័យ ៩ឆ្នាំមានផ្ទៃពោះ បានកើតឡើងនៅប្រទេសហ្វីលីពីនកាលពី ១១ឆ្នាំមុន ដោយក្មេងស្រីម្នាក់នៅកោះ Mindanao ភាគខាងត្បូងហ្វីលីពីន ត្រូវបានរកឃើញថា នាងមានផ្ទៃពោះ ក្រោយពីរងការរំលោភសេពសន្ថវៈពីឪពុកបង្កើតរបស់នាង។ សូមអានអត្ថបទទាំងស្រុងនៅទីនេះ
ទំព័រហ្វេសប៊ុកឈ្មោះ Trending បានរៀបរាប់ជាភាសាហ្វីលីពីនថា ព័ត៌មាននេះមិនមែនជាការពិតឡើយ ហើយរូបថតស្ត្រីមានផ្ទៃពោះដែលមើលទៅនៅវ័យក្មេងនោះ ក៏មិនមែនជាក្មេងស្រីដែលរងការរំលោភបំពានផ្លូវភេទរហូតមានផ្ទៃពោះនៅទីក្រុង Gensan កោះ Mindanao នោះដែរ។
ទំព័រហ្វេសប៊ុកដដែលនេះ បញ្ជាក់ទៀតថា ករណីក្មេងស្រីអាយុ៩ឆ្នាំមានផ្ទៃពោះដោយសារការរំលោភបំពានផ្លូវភេទនោះ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណ និងរូបថតជាសាធារណៈនោះឡើយ ដោយសារតែវាបញ្ហារសើប និងប៉ះពាល់ដល់ជនរងគ្រោះ។
ខាងក្រោមនេះ គឺជាសេចក្ដីរាយការណ៍ព័ត៌មានអំពីករណីក្មេងស្រីអាយុ ៩ឆ្នាំនៅហ្វីលីពីន បានពពោះកូនក្នុងផ្ទៃ ក្រោយពីរងការរំលោភបំពានផ្លូវភេទពីឪពុកបង្កើតរបស់នាង។
Follow Us and Stay Up to Date with Our Latest Fact-Checks
Facebook | Twitter | Telegram | TikTok | WhatsApp | Instgram
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងថា រូបថតនេះ គឺជាក្មេងស្រីមានផ្ទៃពោះក្មេងជាងគេនៅហ្វីលីពីននោះ មិនមែនជាការពិតនោះឡើយ។ រូបភាពក្មេងស្រីមានផ្ទៃពោះនេះ ត្រូវបានបង្កើតឡើងដោយកម្មវិធីបញ្ញាសិប្បនិម្មិត (AI)។ រូបភាព AI នេះ មិនមែនជាក្មេងស្រីអាយុ៩ឆ្នាំដែលមានផ្ទៃពោះដោយការរំលោភបំពានផ្លូវភេទនៅហ្វីលីពីននោះទេ។ ក្មេងស្រីរងគ្រោះ មិនត្រូវបានគេបង្ហាញអត្តសញ្ញាញ និងរូបថតជាសាធារណៈនោះឡើយ ដើម្បីការពារជនរងគ្រោះ។

Title:AI Images Falsely Portrayed as ‘Youngest Pregnant Child’ in the Philippines
Fact Check By: Jay UdomResult: False
