រូប​ថត​គំនរ​បាក់​បែក​អគារ​នៃ​ទីក្រុង​ម៉ូស៊ុល​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន​-រុស្ស៊ី​

International Misleading

ចាប់​តាំង​ពី​ថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ​កន្លង​មក​ ប្រទេស​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន ដោយ​បាន​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​របស់​ប្រទេស​មួយ​នេះ​។ ទន្ទឹម​គ្នា​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​ពី​សំណង់​អគារ​រង​​ការ​ខូច​ខាត ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ទៅ​នឹង​ស្ថាន​ការណ៍​ដែល​កំពុង​កើត​មាន​ឡើង​រវាង​អ៊ុយក្រែន​-រុស្ស៊ី​នា​ពេល​ថ្មី​ៗ​នេះ​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០២​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា​ Hok Kea បាន​បង្ហោះ​រូប​ថត​ចំនួន​បួន​សន្លឹក​ ដែល​ក្នុង​នោះ​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ទីក្រុង​មួយ​ ដែល​មាន​ការ​ខូច​ខាត​ និង​គំនរ​អគារ​បាក់​បែក​ជា​ច្រើន​។​ 

ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ទិដ្ឋភាព​វិបត្តិ​សង្រ្គាម​អ៊ុយក្រែន​-រុស្ស៊ី​ ដែល​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ទៅ​នឹង​រូប​ថត​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ​សរសេរ​រៀប​រាប់​ថា​ «ថ្ងៃ​ទី​២​ មីនា​ ឆ្នាំ​២០២២​នេះ​ គឺ​ជា​ថ្ងៃ​ទី​៧​ដែល​ជន​ផ្ដាច់​ការ​ ក្លាឌឺមៀ​ ពូ​ទីន​ (Vladimir Putin) វាយ​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយ​ក្រែន​ ដែល​ពូ​ទីន​កំណត់​ធ្វើ​ជា​ថ្ងៃ​ជ័យ​ជំនះ​លើ​អ៊ុយ​ក្រែន​។ ប្រាកដ​ណាស់​ទីក្រុង​គៀវ​បែក​បាក់​ខ្ទេច​ខ្ទាំ​ តែ​ប្រធានាធិបតី​ហ្សេ​ឡេន​ស្គី​ (Zelenskyy) និង​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែន​ មិន​បាន​សុំ​ចុះ​ចាញ់​សត្រូវ​ឈ្លាន​ពាន​រុស្ស៊ី​នោះ​ឡើយ​​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​អះ​អាង​ខាង​លើ​នេះ​​តាម​រយៈ​Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​សារ​ព័ត៌មាន​ Arab News​ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​កន្លង​ទៅ​។​ គេហ​ទំព័រ​ដដែល​នេះ​ បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​ និង​បាន​បញ្ជាក់​ថា​ រូប​ថត​បង្ហាញ​ ​អគារ​បាក់​បែក​ខូច​ខាត​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ទីក្រុង​ម៉ូ​ស៊ុល​ (Mosul) ដែល​ជា​ទីក្រុង​ធំ​ទី​២​របស់​ប្រទេស​អ៊ីរ៉ាក់​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Mosul: Iraq’s second city and cultural jewel. This photo taken on July 9, 2017, shows a general view of the destruction in Mosul’s old City»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ទីក្រុង​ម៉ូស៊ុល​៖ ទីក្រុង​ទី​ពីរ​ និង​ជា​ទីក្រុង​វប្បធម៌​នៃ​ប្រទេស​អ៊ីរ៉ាក់​។ រូបថត​នេះ​ ត្រូវ​បាន​ថត​នៅ​ថ្ងៃ​ទី​០៩​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​ទូទៅ​នៃ​ការ​បំផ្លិច​បំផ្លាញ​នៅ​ក្នុង​ទីក្រុង​​ម៉ូស៊ុល​»​។​

Arab News Report | Archived Link

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​គេហទំព័រ​ Getty Images ដែល​ជា​គេហ​ទំព័រ​សោតទស្សន៍​ដ៏​ធំ​មួយ​ផង​ដែរ​ ដោយ​បាន​បញ្ជាក់​ថា​ ទិដ្ឋភាព​នៃ​ការ​ខូច​ខាត​នោះ​​ គឺ​ជា​ទិដ្ឋភាព​នៃ​ទីក្រុង​ម៉ូស៊ុល​ ប្រទេស​អ៊ីរ៉ាក់​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «A general view shows Mosul’s Old City, on January 8, 2018, six months after Iraqi forces seized the country’s second city from Islamic State group jihadists»​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ទិដ្ឋភាព​ទូ​ទៅ​បង្ហាញ​អំពី​ទីក្រុង​ម៉ូស៊ុល​ នៅ​ថ្ងៃ​ទី០៨​ ខែ​មករា​ ឆ្នាំ​២០១៨!​ ៦​ខែ​ក្រោយ​បន្ទាប់​ពី​កង​កម្លាំង​អ៊ីរ៉ាក់​ បាន​ដណ្តើម​យក​ទីក្រុង​ទី​ពីរ​ របស់​ប្រទេស​នេះ​ពី​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​មក​កាន់​កាប់​វិញ​»។​

Getty Images Link | Archived Link

ដូច​គ្នា​នេះ​ ទីភ្នាក់​ងារ​សារព័ត៌មាន​ AFP ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​ទិដ្ឋភាព​ការ​ខូច​ខាត​នៃ​ទីក្រុង​ម៉ូស៊ុល​ ជា​ទីក្រុង​ធំ​លំដាប់​ទី​២​របស់​ប្រទេស​អ៊ីរ៉ាក់​នៅ​ក្នុង​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​របស់​ខ្លួន​ ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​ YouTube កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​កក្កដា​ ឆ្នាំ​២០១៧​កន្លង​មក​។​

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត និង​ការ​អះអាង​​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​ខាង​លើ​នោះ​ គឺ​ធ្វើឲ្យ​មាន​ការ​យល់​ច្រឡំ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ មិន​មែន​ជា​ទិដ្ឋ​ភាព​នៃ​ទីក្រុង​របស់​ប្រទេស​អ៊ុយ​ក្រែន​ ដែល​រង​ការ​ខូច​ខាត​ដោយ​សារ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​នោះ​ឡើយ​។​ រូប​ថត​នេះ​ បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ការ​ខូច​ខាត​ និង​អគារ​បាក់​បែក​ក្នុង​ទីក្រុង​ម៉ូស៊ុល​ ប្រទេស​អ៊ីរ៉ាក់​ ក្រោយ​ពី​កង​កម្លាំង​អ៊ីរ៉ាក់​ បាន​ដណ្តើម​យក​ពី​ក្រុម​ជីហាត​អ៊ីស្លាម​មក​កាន់​កាប់​វិញ​ កាល​ពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ​។​

Avatar

Title:រូប​ថត​គំនរ​បាក់​បែក​អគារ​នៃ​ទីក្រុង​ម៉ូស៊ុល​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន​-រុស្ស៊ី​

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published.