
បន្ទាប់ពីការប្រកាសដំឡើងរបាំងពន្ធគយសម្រាប់ទំនិញរបស់ប្រទេសនានាដែលនាំចូលទៅសហរដ្ឋអាមេរិកនោះ វីដេអូឃ្លីបមួយត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ដោយបង្ហាញថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានបុរសម្នាក់ឡើងទះក្បាលពីក្រោយនៅលើឆាកអំឡុងពេលថ្លែងសុន្ទរកថាមួយ។ វីដេអូឃ្លីបនេះ ត្រូវបានចែកចាយព្រោងព្រាតលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo រកឃើញថា វីដេអូឃ្លីបនេះ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីបមានរយៈពេល ២៣វិនាទី ដែលបង្ហាញបុរសម្នាក់យកប្រអប់ដៃវាយក្បាលលោក Donald Trump ពីក្រោយនោះ ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមព្រោងព្រាតជាមួយការផ្សាយថា ប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានគេយកស្បែកវាយក្បាលពីខាងក្រោយ។
វីដេអូឃ្លីបជាមួយសំណេរបែបនេះ ត្រូវបានចែកចាយដល់ទៅជាង ៨០០ដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ក្នុងនោះមានអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនជឿថា មេដឹកនាំអាមេរិករូបនេះ ត្រូវបានគេស្អប់រហូតដល់មានគេឡើងវាយក្បាលនឹងស្បែកជើង។
ខាងក្រោមនេះ គឺជាវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា “មេដឹកនាំដែលគ្មានគុណធម៌ មេត្តាធម៌ ករុណាធម៌ មិនចេះចែករំលែក ចែកទានដល់អ្នកអត់ឃ្លាន ផ្ដាច់ការ កាត់ផ្ដាច់ជំនួយមនុស្សធម៌ យកពន្ធអាករកម្រិតធ្ងន់ពីប្រទេសក្រីក្រ(អារកខ្យងយកឈាម) ប្រជាជនអាមេរិកាំងគេមិនពេញចិត្ត ក៏យកស្បែកជើងវាយក្បាល! មិនមែនលើកអាមេរិកឱ្យខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិទេ ផ្ទុយទៅវិញ ធ្វើឱ្យពិភពលោកមិនឱ្យតម្លៃអាមេរិក មិនគោរពអាមេរិកដូចមុនឡើយ!”។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបដូចគ្នាដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីប៉ុន្មានថ្ងៃមុន ហើយត្រូវបានចែកចាយបន្តរហូតដល់ជិត ៣០០ដងឯណោះ។
វីដេអូឃ្លីបនេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមផ្សេងទៀតដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយវាក៏ចែកចាយបន្តកាន់តែច្រើនថែមទៀតនៅលើបណ្ដាញសង្គម។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបបង្ហោះនៅលើបណ្ដាញសង្គម Threads ដែលជាបណ្ដាញសង្គមថ្មីថ្មោងរបស់ក្រុមហ៊ុន Meta ក្រុមហ៊ុនជាមួយបណ្ដាញសង្គម Facebook។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបបង្ហោះនៅលើបណ្ដាញសង្គម X (អតីតគេស្គាល់ថា Twitter)ជាភាសាហិណ្ឌីកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។
វីដេអូឃ្លីបនេះក៏ត្រូវបានបង្ហោះនៅលើបណ្ដាញ YouTube ផងដែរកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ជាភាសាអង់គ្លេសដែលមានខ្លឹមសារថា លោកប្រធានាធិបតី Donald Trump ត្រូវបានបុរសម្នាក់វាយក្បាលពីក្រោយនៅឆាកពេលលោកកំពុងថ្លែងទៅកាន់មហាជន។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការអះអាងនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលជួយឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈ Google Reverse Image Search យើងបានរកឃើញវីដេអូច្បាប់ដើមទាំងស្រុងដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយធំៗនៅអាមេរិកចុះផ្សាយតាំងពី ៩ឆ្នាំមុនម៉្លេះ។
វីដេអូដែលផ្សព្វផ្សាយដោយសារសារព័ត៌មាន CNN នៅលើបណ្ដាញ YouTube បង្ហាញឱ្យឃើញលោក Trump បានបង្ហាញកាយវិការភ្ញាក់ផ្អើលដោយសារតែសម្រែករបស់បុរសម្នាក់ ហើយភ្លាមៗនោះ ក្រុមសន្តិសុខបានស្ទុះឡើងលើឆាកដើម្បីការពាររូបលោក។
សារព័ត៌មានដដែលនេះ បានឱ្យដឹងទៀតថា ហេតុការណ៍នេះបានកើតឡើងនៅពេលលោក Trump ថ្លែងទៅកាន់មហាជនអំឡុងលោកឃោសនារកសំឡេងឆ្នោតនៅឯព្រលានយន្តហោះអន្តរជាតិ Dayton ស្ថិតក្នុងរដ្ឋ Ohio សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ២០១៦។
CNN Video on YouTube | Archived Link
បើតាមសារព័ត៌មានដដែលនេះ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ អំឡុងពេលលោកឃោសនារកសំឡេងឆ្នោតពីមហាជននៅក្នុងរដ្ឋ Ohio ហើយបង្ហាញឱ្យឃើញថា គ្មានបុរសណាម្នាក់លបវាយក្បាលលោក Donald Trump ពីក្រោយអំឡុងពេលថ្លែងទៅកាន់មហាជននោះឡើយ។
សារព័ត៌មាន NBC News (archived) បានដកស្រង់សម្ដីអ្នកនាំពាក្យនៃក្រុមឃោសនិករបស់លោក ត្រាំ ត្រូវបានដកស្រង់សម្ដីដែលនិយាយថា បុរសម្នាក់បានព្យាយាមបំពានលើតំបន់ហាមឃាត់នៅឯទីតាំងប្រារព្ធកម្មវិធី ប៉ុន្តែ បុរសនោះត្រូវបានកម្លាំងការពារសន្តិសុខចាប់ខ្លួន។
បុរសម្នាក់នោះ ត្រូវបានគេបញ្ជាក់ថា មានឈ្មោះ Thomas Dimassimo អាយុ ៣២ឆ្នាំនាពេលនោះ ត្រូវបានចោទប្រកាន់ពីបទបង្កឱ្យខូចសណ្ដាប់ធ្នាប់ និងបង្កភាពភ័យខ្លាច បន្ទាប់ពីបានជិះកង់បំបុករបាំងការពារសន្តិសុខ និងព្យាយាមរត់ឡើងលើឆាក។
NBC News Video | Archived Link
ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងវីដេអូកាត់តដែលត្រូវបានគេបង្ហោះព្រោងព្រាតលើបណ្ដាញសង្គម និងវីដេអូច្បាប់ដើមដែលបង្ហាញអ្វីដែលកើតឡើងកាលពី ៩ឆ្នាំមុន។
Follow Us and Stay Up to Date with Our Latest Fact-Checks
Facebook | Twitter | Telegram | TikTok | WhatsApp | Instagram
សន្និដ្ឋាន
Fact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូឃ្លីបដែលបង្ហាញលោក Donald Trump ត្រូវបានបុរសម្នាក់ទះក្បាលពីក្រោយនោះ គឺជាវីដេអូកាត់តតែប៉ុណ្ណោះ។ វីដេអូច្បាប់ដើម បង្ហាញលោក Trump ភ្ញាក់ផ្អើលនឹងសម្រែករបស់បុរសម្នាក់អំឡុងពេលលោកថ្លែងទៅកាន់មហាជនក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅរដ្ឋ Ohio កាលពីឆ្នាំ២០១៦កន្លងមក។

Title:វីដេអូឃ្លីបមួយត្រូវបានកាត់តឱ្យឃើញបុរសម្នាក់ឡើងទះក្បាល Trump នៅលើឆាក
Fact Check By: Jay UdomResult: Altered
