<strong>រូបថតកាត់តព្រះមហាក្សត្រធាក់ស៊ីក្លូដឹកនាយករដ្ឋមន្ត្រីត្រូវបានចែករំលែកលើបណ្ដាញសង្គម</strong>
ខណៈដែលព្រះមហាក្សត្រ នរោត្ដម សីហមុនី រងការរិះគន់ជារឿយៗនោះ រូបថតមួយសន្លឹកដែលបង្ហាញព្រះអង្គធាក់ស៊ីក្លូដឹកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីចុងសប្ដាហ៍កន្លងមកនេះ។ រូបភាពនេះ ត្រូវបានចែករំលែកជាច្រើនដង និងមានការបញ្ចេញមតិចម្រុះបែបផងដែរពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងតាមរយៈ Google Reverse Image Search បង្ហាញថា រូបភាពនេះ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញឱ្យឃើញព្រះមហាក្សត្រ នរោត្ដម សីហមុនី ធាក់ស៊ីក្លូដឹកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីចុងសប្ដាហ៍កន្លងមកនេះ។
រូបថតនេះ ត្រូវបានចែករំលែកបន្តយ៉ាងច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ព្រមជាមួយការបញ្ចេញមតិ និងប្រតិកម្មជាច្រើនផងដែរ។ រូបថតនេះក៏ត្រូវបានចែករំលែកទៅកាន់ក្រុមបណ្ដាញសង្គមដែលមានគណនីហ្វេសប៊ុកជាច្រើនជាសមាជិកផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីរូបថតដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ជាមួយការរៀបរាប់ថា «ហ៊ុន សែន ហ៊ានក្បត់ជាតិ បានយ៉ាងរលូនបែបនេះ គឺដោយសារតែស្ដេចអង្គនេះដែរ»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបភាពនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកស៊ីនៅក្នុងគេហទំព័រ kknews.cc កាលពីឆ្នាំ២០១៨កន្លងមក ដែលបង្ហាញឱ្យឃើញបុរសម្នាក់ពាក់ស្បែកជើងផ្ទាត់ និងបង់ក្រមាដឹកបុរសម្នាក់ជាមួយក្មេងតូចៗ២នាក់ ប៉ុន្តែ វាមិនមែនជារូបថតព្រះមហាក្សត្រ នរោត្ដម សីហមុនី ធាក់ស៊ីក្លូដឹកលោក ហ៊ុន សែន នោះឡើយ។
រូបថតដដែលនេះ ក៏ត្រូវបានរកឃើញនៅក្នុងអត្ថបទមួយចុះផ្សាយដោយសារព័ត៌មានអង់គ្លេស Daily Mail តាំងពីឆ្នាំ២០១៣កន្លងមកផង ដោយបានបញ្ជាក់ថា រូបថតនេះជាកម្មសិទ្ធិរបស់ Getty Image។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថតមួយសន្លឹកដូចដែលត្រូវបានរៀបរាប់ខាងលើនេះ ត្រូវបានកាត់ត មុននឹងបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតពិតប្រាកដ បង្ហាញនូវបុរសម្នាក់បង់ក្រមានៅនឹងកធាក់ស៊ីក្លូដឹកបុរសម្នាក់ដែលមានក្មេងតូចៗចំនួន ២នាក់ ប៉ុន្តែ វាមិនមែនជារូបថតព្រះមហាក្សត្រ នរោត្ដម សីហមុនី ធាក់ស៊ីក្លូដឹកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។
Title:រូបថតកាត់តព្រះមហាក្សត្រធាក់ស៊ីក្លូដឹកនាយករដ្ឋមន្ត្រីត្រូវបានចែករំលែកលើបណ្ដាញសង្គម
Fact Check By: Jay UdomResult: Altered