តើរូបថតទាំងនេះជាទិដ្ឋភាពទឹកជំនន់កើតឡើងថ្មីៗនៅអាមេរិក ថៃ និងវៀតណាមមែនឬទេ?
ភ្លៀងធ្លាក់ខ្លាំងក្លាក្នុងរយៈពេល ២សប្ដាហ៍ចុងក្រោយនេះ បានបង្កឱ្យលិចលង់ផ្នែកមួយចំនួននៅរាជធានីភ្នំពេញ ហើយបញ្ហានេះ ត្រូវបានគេបន្ទោសទៅលើការលុបបឹងធម្មជាតិសំខាន់នៅទីក្រុងភ្នំពេញ។ ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយ បានបង្ហោះរូបថតចំនួន ៤សន្លឹក ដែលបង្ហាញទិដ្ឋភាពទឹកជំនន់ផងដែរ ហើយរៀបរាប់ថា ពេលនេះ ទីក្រុងធំៗរបស់សហរដ្ឋអាមេរិក ថៃ និងវៀតណាម កំពុងលិចលង់ក្រោមទឹកផងដែរ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តគ្នាជាច្រើនដង។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា ការអះអាងលើរូបថតនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
គណនីហ្វេសប៊ុកមួយបានបង្ហោះរូបថតទឹកជំនន់ចំនួន ៤សន្លឹកនៅលើបណ្ដាញសង្គមកាលពីថ្ងៃម្សិលមិញនេះ ដោយនិយាយថា ទីក្រុងធំៗនៅសហរដ្ឋអាមេរិក ថៃ និងវៀតណាម កំពុងលិចលង់ក្រោមទឹកជំនន់នាពេលនេះ។
សំណេរជាមួយរូបថតទាំងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនិយាយភាសាខ្មែរ ព្រមជាមួយការបញ្ចេញមតិជាច្រើន និងប្រតិកម្មផ្សេងៗផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃម្សិលមិញនេះ ដែលសរសររៀបរាប់ថា «ពេលនេះ ទីក្រុងធំៗនៅអាមេរិក ថៃ វៀតណាម កំពុងលិចទឹក ហាមក្រុមប្រឆាំងចោទប្រទេសទាំងនោះ លុបបឹងតើបានទេ?»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតទាំងនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់អុំទូកលើផ្ទៃទឹកជន់លិចសំណង់អគារនានានោះ ត្រូវបានរកឃើញនៅក្នុងសេចក្ដីរាយការណ៍មួយរបស់សារព័ត៌មានអូស្ត្រាលី ABC កាលពីឆ្នាំមុន។ សារព័ត៌មានមួយនេះ បានឱ្យដឹងថា បុរសម្នាក់បានអុំទូកកាត់ទឹកជំនន់លិចផ្លូវមួយកន្លែងនៅតំបន់ទីប្រជុំលំនៅដ្ឋានពលរដ្ឋ បន្ទាប់ពីទឹកជំនន់វាយប្រហារទីក្រុង Liege របស់ប្រទេសប៊ែលហ្ស៊ិក។
បើតាមសារព័ត៌មានអូស្ត្រាលី ABC គឺជារូបថតដែលត្រូវបានយកពីទីភ្នាក់ងារព័ត៌មានអាមេរិក AP និងថតដោយលោក Valentin Bianchi អ្នកសារព័ត៌មានរូបថតសេរីនៅតំបន់អឺរ៉ុប។ នៅក្នុងវេបសាយរបស់ AP យើងក៏បានរកឃើញរូបថតនេះផងដែរ។ សូមចូលទៅមើលរូបថតមួយសន្លឹកនេះតាមរយៈតំណភ្ជាប់នៅទីនេះ។
សេចក្ដីរាយការណ៍របស់សារព័ត៌មានអូស្ត្រាលី ABC បានឱ្យដឹងថា ប្រទេសមួយចំនួននៅតំបន់អឺរ៉ុប មានអាល្លឺម៉ង់ ប៊ែលហ្ស៊ិក ហូឡង់ ឆែក និងអូទ្រីស បានរងការវាយប្រហារពីទឹកជំនន់កាលពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ។
បើតាមសារព័ត៌មានដដែលនេះ អាល្លឺម៉ង់ និងប៊ែលហ្ស៊ិក បានរងការខូចខាតធ្ងន់ធ្ងរជាងគេនៅក្នុងហេតុការណ៍ទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជិតកន្លះសតវត្សរ៍ចុងក្រោយមកនេះ។
ទឹកជំនន់ដ៏អាក្រក់នេះ ជាពិសេសនៅប្រទេសអាល្លឺម៉ង់ និងហូឡង់ បានកើតឡើងបន្ទាប់មានភ្លៀងធ្លាក់ខ្លាំងនៅរយៈពេលត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ ហើយត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រពន្យល់ថា វាមានទំនាក់ទំនងទៅនឹងការកើនឡើងនៃកម្ដៅផែនដី ឬបម្រែបម្រួលអាកាសធាតុ ដែលបង្កឡើងដោយកត្តាមនុស្ស។
សារព័ត៌មាន inews របស់ប្រទេសអង់គ្លេស បានចុះផ្សាយនូវសេចក្ដីពន្យល់មួយដែលបកស្រាយទៅនឹងសំណួរដ៏សំខាន់មួយ ដែលចោទសួរថា ហេតុអ្វីបានជាមានភ្លៀងខ្លាំងក្លាបែបនេះនៅតំបន់អឺរ៉ុបខាងលិចកាលពីឆ្នាំមុន។
ឆ្លើយតបនឹងចំណោទបែបនេះ សារព័ត៌មានមួយនេះ បានចុះផ្សាយការពន្យល់របស់បណ្ឌិត Liz Stephens សាស្ត្រាចារ្យនៅដេប៉ាតឺម៉ង់ត៍ភូមិវិទ្យា និងវិទ្យាសាស្ត្របរិស្ថាន នៃសាកលវិទ្យាល័យ Reading នៅក្នុងប្រទេសអង់គ្លេស។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្ររូបនេះ ពន្យល់ថា បម្រែបម្រួលអាកាសធាតុ ឬការកើនឡើងកម្ដៅផែនដីកាន់តែខ្លាំង នឹងធ្វើឱ្យមានព្យុះបក់បោក និងភ្លៀងធ្លាក់កាន់តែខ្លាំងក្លាថែមទៀត។
សូមអានការពន្យល់លម្អិតនៅក្នុងអត្ថបទមួយមានចំណងជើងថា «What caused flooding in Europe? Experts on the causes of the floods in Germany, Belgium and the Netherlands» ចុះផ្សាយដោយសារសារព័ត៌មាន inews.co.uk កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ។
ចំណែកឯរូបថតមួយសន្លឹកទៀតដែលបង្ហាញឱ្យឃើញរថយន្តត្រាំនៅក្នុងទឹកនោះ ត្រូវបានរកឃើញនៅក្នុងសេចក្ដីរាយការណ៍មួយរបស់ទូរទស្សន៍ CBS News កាលពីដើមខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ។
ទូរទស្សន៍អាមេរិកមួយនេះ ផ្សាយថា រថយន្តជាច្រើនគ្រឿងបានលិចលង់នៅក្នុងទឹកដ៏ជ្រៅកាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុង New York ។ សារព័ត៌មានដដែលនេះ បានចុះផ្សាយទៀតថា ទឹកជំនន់ដ៏ខ្លាំងក្លាបែបនេះ គឺជាលទ្ធផលនៃព្យុះស៊ីក្លូន Hurricane Ida ដែលបានបោកបក់កាត់បណ្ដារដ្ឋជាច្រើននៅឆ្នេរភាគខាងកើត។
ចំពោះរូបថតមួយសន្លឹកទៀតដែលបង្ហាញឱ្យឃើញបុរសម្នាក់រុញម៉ូតូកាន់ទឹកនោះ ត្រូវបានរកឃើញចុះផ្សាយនៅក្នុងសេចក្ដីរាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មានអេស្ប៉ាញ EFE Agency កាលពីជាង ៥ឆ្នាំមុន។
នៅក្រោមរូបថតនោះ ទីភ្នាក់ងារព័ត៌មានអេស្ប៉ាញ បានសរសេរថា បុរស និងនារីជនជាតិថៃ រុញម៉ូតូកាត់ទឹក បន្ទាប់ពីវារលត់នៅតាមដងផ្លូវហូរហៀរដោយទឹក ក្រោយភ្លៀងធ្លាក់ខ្លាំងក្លាកាលពីយប់។
សម្រាប់រូបថតមួយសន្លឹកចុងក្រោយដែលបង្ហាញឱ្យឃើញបុរសម្នាក់បើកបរម៉ូតូកាត់ទឹកជន់លិចអគារចំណាស់មួយនោះ ត្រូវបានរកឃើញនៅក្នុងទំព័រហ្វេសប៊ុកលោក Christian Mouchet ដែលបានបង្ហោះរូបថតនេះកាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៧កន្លងមក។
លោក Christian Mouchet ដែលជាអ្នកថតរូបអាជីពសម្រាប់សារព័ត៌មាននានា បានសរសេរនៅលើហ្វេសប៊ុករបស់លោកនាពេលនោះថា រូបថតនេះគឺជាទិដ្ឋភាពទឹកជំនន់នៅផ្សារចាស់មួយនៅទីក្រុងភូកេត ប្រទេសថៃ ខណៈដែលថៃទទួលរងឥទ្ធិពលព្យុះទីហ្វុងមួយឈ្មោះ Doksuri ដែលបោកបក់ទៅលើប្រទេសវៀតណាមកាលពីឆ្នាំ២០១៧កន្លងមក។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងទៅលើរូបថតទាំងនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតទាំងបួនសន្លឹកនេះ មិនមែនជាទិដ្ឋភាពទឹកជំនន់កំពុងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនោះឡើយ។ រូបថតទាំងនេះ សុទ្ធតែជាទិដ្ឋភាពទឹកជំនន់ដែលបានវាយប្រហារប្រទេសមួយចំនួននៅអឺរ៉ុប និងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០២១ និងទឹកជំនន់វាយប្រហារខេត្តភូកេត ប្រទេសថៃ នៅក្នុងឆ្នាំ២០១៧កន្លងមកនេះ។
Title:តើរូបថតទាំងនេះជាទិដ្ឋភាពទឹកជំនន់កើតឡើងថ្មីៗនៅអាមេរិក ថៃ និងវៀតណាមមែនឬទេ?
Fact Check By: Jay UdomResult: Missing Context