
មេដឹកនាំសហជីពការពារសិទ្ធិការងារ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃអង្គារកន្លងមកនេះ។ តែប៉ុន្មានថ្ងៃក្រោយចាប់ខ្លួន អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបង្ហោះរូបថត ២សន្លឹក ដែលបង្ហាញកញ្ញា ស៊ីថរ កាន់ក្រដាសមានសំណេរថា នាងជាប់ពន្ធនាគារដោយសារតែជាមេក្លោងញុះញង់ឱ្យមានការតវ៉ា។ រូបថតទាំងពីរសន្លឹកនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក រួមជាមួយការបញ្ចេញមតិយោបល់ជាច្រើនផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា រូបថតទាំងពីរសន្លឹកនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃពុធកន្លងមកនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ ចៅ តូច បានបង្ហោះរូបថត ២សន្លឹកជាបន្តបន្ទាប់។ រូបថត ១សន្លឹក បង្ហាញកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពប្រចាំនៅក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ កាន់បដាដែលសរសេររៀបរាប់ថា នាងជាមេក្លោងញុះញង់ឱ្យមានបាតុកម្មតវ៉ានឹងក្រុមហ៊ុនកាស៊ីណូមួយនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មជាច្រើនផងដែរ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ ក៏បានចែករំលែកទៅកាន់ក្រុមបណ្ដាញសង្គមផ្សេងៗផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ ដែលបង្ហាញកញ្ញា ឈឹម ស៊ីថរ កាន់បដាសរសេររៀបរាប់ថា «ខ្ញុំជាប់គុកដោយសារជាមេក្លោងញុះញង់ និងរៀបចំឱ្យមានការប្រមូលផ្ដុំតវ៉ាខុសច្បាប់»។

អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ ក៏បានបង្ហោះរូបថតមួយសន្លឹកទៀត ដែលបង្ហាញមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ កាន់បដាសរសេរជាភាសាអង់គ្លេសថា «I am imprison after inciting to commit a felony in society.»។ រូបថតនេះ ក៏ត្រូវបានចែករំលែកបន្តជាច្រើនផងដែរ។

រូបថតទាំងពីរសន្លឹកនេះ ក៏ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកដទៃទៀតយកទៅបង្ហោះ និងចែកចាយបន្តទៀតផងដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកនេះ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ ដែលបានបង្ហោះរូបថតទាំងពីរសន្លឹក។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia ចាប់ផ្ដើមផ្ទៀងផ្ទាត់ទៅលើរូបថតទាំងពីរសន្លឹកនេះតាមរយៈ Google Reverse Image ដែលនាំឱ្យយើងបានជួបប្រទះនឹងរូបថតច្បាប់ដើម និងរឿងរ៉ាវនៃការចាប់ខ្លួនមេដឹកនាំសហជីពរូបនេះផងដែរ។
រូបថតច្បាប់ដើម ត្រូវបានរកឃើញបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) កាលពីថ្ងៃពុធកន្លងមកនេះ។
អ្នកស្រី ចក់ សុភាព បានបញ្ជាក់ប្រាប់ Fact Crescendo Cambodia ថា រូបថត ២សន្លឹកដែលអ្នកស្រីបង្ហោះលើបណ្ដាញសង្គម គឺជារូបថតត្រឹមត្រូវ ដែលថតដោយកញ្ញា ឈឹម ស៊ីថរ មុននាងត្រូវបានចាប់ខ្លួន។
អ្នកស្រីបញ្ជាក់បន្ថែមថា ចំណែករូបថត ២សន្លឹកទៀតដូចដែលបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ចៅ តូច គឺជារូបថតកាត់ត មានបំណងវាយប្រហារទៅលើកញ្ញា ស៊ីថរ។
ខាងក្រោមនេះ គឺជាប៉ុស្តិ៍របស់អ្នកស្រី ចក់ សុភាព ជាមួយសំណេររៀបរាប់អំពីកញ្ញា ឈឹម ស៊ីថរ បន្ទាប់ពីស្ត្រីការពារសិទ្ធិកម្មកររូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតត្រូវបានកាត់តដែលត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ ចៅ តូច និងរូបថតច្បាប់ដើមដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយអ្នកស្រី ចក់ សុភាព។


តើកញ្ញា ឈឹម ស៊ីថរ ជានរណា?
កញ្ញា ឈឹម ស៊ីថរ អាយុ ៣៤ឆ្នាំ គឺជាសកម្មជនការពារសិទ្ធិការងារដែលមានតួនាទីជាប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរប្រចាំនៅក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍។
កញ្ញា ស៊ីថរ ត្រូវបានសមត្ថកិច្ចស្លៀកពាក់ស៊ីវិលចាប់ខ្លួនកាលពីថ្ងៃទី៤ ខែមករា នៅពេលនាងចូលរួមកូដកម្មជាមួយអតីតបុគ្គលិក និងកម្មករណាហ្គាវើលដ៍រាប់រយនាក់ទៀត ដែលបានតវ៉ានៅក្បែរអគារក្រុមហ៊ុន។
អ្នកការពារសិទ្ធិការងាររូបនេះ ត្រូវបានតុលាការរាជធានីភ្នំពេញចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យប៉ះពាល់សន្តិសុខ» និងត្រូវបានបញ្ជូនឱ្យទៅដាក់ឃុំខ្លួនជាបណ្ដោះអាសន្ន។
អ្នកស្រី ចក់ សុភាព បានឱ្យដឹងថា អាជ្ញាធរក៏បានចាប់ខ្លួនកូដករចំនួន ៣០នាក់ទៀតផងដែរ ប៉ុន្តែ កូដករ ២២នាក់ ត្រូវបានដោះលែងវិញ ហើយកូដករ ៨នាក់ទៀតរួមទាំងកញ្ញា ស៊ីថរ ផង ត្រូវបានតុលាការសម្រេចចោទប្រកាន់ និងដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្ន។
បុគ្គលិកកម្មកររាប់រយនាក់ ដែលត្រូវបានក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍បញ្ចប់កិច្ចសន្យា បានចាប់ផ្ដើមធ្វើកូដកម្មតាំងពីថ្ងៃទី១៨ ខែធ្នូកន្លងមកនេះ ដើម្បីទាមទារឱ្យក្រុមហ៊ុនមួយនេះគោរពតាមច្បាប់ការងាររបស់កម្ពុជា។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបថត ២សន្លឹកដូចដែលបានរៀបរាប់ខាងលើនេះ គឺជារូបថតកាត់ត។ កញ្ញា ឈឹម ស៊ីថរ សកម្មជនការពារសិទ្ធិការងារ មិនបានកាន់ក្រដាសសរសេរថា នាងជាមេក្លោងញុះញង់ឱ្យមានការតវ៉ានោះឡើយ។ រូបថតច្បាប់ដើម ២សន្លឹក បង្ហាញកញ្ញា ឈឹម ស៊ីថរ កាន់ក្រដាសមានសំណេរថា «ខ្ញុំជាប់គុកដោយសារទាមទារឱ្យណាហ្គាគោរពសិទ្ធិសហជីព» និងសំណរជាភាសាអង់គ្លេស «I am imprison after demanding Naga Corp to respect Union Rights!»។

Title:កញ្ញា ឈឹម ស៊ីថរ កាន់ក្រដាសសារពភាពទោសកំហុស គឺជារូបភាពកាត់ត
Fact Check By: Jay UdomResult: Altered