បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​ចាស់​វស្សា លោក សម រង្ស៊ី និយាយ​រិះគន់​គម្រោង​ព្រែកជីក​ហ្វូនណន​តេជោដែល​ផ្ដួច​ផ្ដើម​ដោយ​រដ្ឋាភិបាល​របស់​បក្ស​កាន់​អំណាច​នោះ​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេ​បក្ស​ប្រឆាំង​រូប​នេះ​កាន់​ទង់​តំណាង​ក្រុម​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​។ រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​នានា។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់ត។

ការអះអាង​លើ​បណ្ដាញ​សង្គម

រូបថត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាន់​ទង់​មួយ​នៅ​ខាងមុខ​ក្រុម​អ្នក​គាំ​ទ្រ ត្រូវ​បាន​គេ​បង្ហោះនៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​កាន់​ទង់​តំណាង​ឱ្យ​ក្រុម​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​​​នៅ​​ប្រទេស​វៀតណាម។

រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដែល​បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ផ្សេងៗ​ទៅ​នឹង​ការ​បង្ហោះ​រូបថត​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាពផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ដោយ​គណនី​ហ្វេសប៊ុក​មួយ​កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “បាតុកម្ម​នៅ​អាមេរិក​លើក​ទង់​យួន​ម៉ុងតាញ៉ា ដល់​ពេល​កូន​ចៅ​បាតុកម្ម​នៅ​កូរ៉េ​លើក​ទង់​កម្ពុជា​ក្រោម ម្ដាយ​រង្ស៊ី​យាយ​អេម​យួន អញ្ចឹង​តើ​បាន​តា​រង្ស៊ី​ប្រឆាំង​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ”។

Facebook Post|Archived Link

ការ​អះអាង​ដដែល​​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​នានា ​ដែល​មាន​គណនី​ហ្វេសប៊ុក​ជាច្រើន​ជា​សមាជិក​​នៅ​ក្នុង​ក្រុម​ទាំង​នោះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការចែក​រំលែក​រូបថត និង​ខ្លឹមសារ​សំណេរ​នេះ​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ឈ្មោះ អ្នក​ឧកញ៉ា ហុង ពីវ ​កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា ឆ្នាំ​២០២៤។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការចែក​រំលែក​រូបថត និងសំណេរ​នេះ​ទៅ​​ក្រុម​បណ្ដាញ​សង្គម​មួយ​ទៀត​ឈ្មោះ RFA Khmer វិទ្យុ​អាស៊ី​សេរី ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៤។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ចែក​រំលែក​នូវ​រូបថត និង​ខ្លឹមសារ​សំណេរ​ដូច​គ្នា​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​ទៀត​ឈ្មោះ TV Sorn Dara កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៤។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ចែក​រំលែក​រូបថត និង​ខ្លឹមសារ​សំណេរ​ដូច​គ្នា​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​ទៀត​ឈ្មោះ Dara Sorn កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២៤។

Facebook Post | Archived Link

ដោយ​បាន​ពិនិត្យ​ទៅ​លើ​រូបថត​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នេះ យើង​កត់​សម្គាល់​ឃើញ​ថា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រូប​នេះ​បង្ហាញ​រូបថត​ជាច្រើន​របស់​ខ្លួន ដែល​បាន​ថត​រួម​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាលក សកម្មជន​គាំ​ទ្រ​បក្ស​កាន់​អំណាច និង​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មាន​និន្នាការ​គាំ​ទ្រ​បក្ស​កាន់​អំណាច និង​រដ្ឋាភិបាល​សព្វថ្ងៃ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​​តាម​រយៈការ​ដំណើរការ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឹណិត ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាមរយៈ​កម្មវិធី​ផ្ទៀង​ផ្ទាត់​រូបថត​នៅ​បណ្ដាញ​អ៊ិនធឹណិត យើង​បាន​រក​ឃើញ​រូបថត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាន់​ទង់​ជាតិ ដើរ​ពី​មុខ​ក្រុម​អ្នក​គាំ​ទ្រ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​មួយ​កាល​ពី ២​ឆ្នាំ​មុន។

នៅ​ក្នុង​អត្ថបទ​មួយ​ចុះ​ផ្សាយ​ដោយ​​សារព័ត៌មាន The Diplomat កាល​ពីថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២២ យើង​ឃើញ​ថា លោក សម រង្ស៊ី កាន់​ទង់ជាតិ​កម្ពុជា​ ដើរ​នៅ​មុខ​ក្រុម​អ្នក​គាំ​ទ្រ​លោក​នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​សហរដ្ឋ​​កាល​ពី​ខែ​សីហា ឆ្នាំ​២០២២ ប្រឆាំង​របប​លោក ហ៊ុន សែន។

ខាង​ក្រោមនេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អត្ថបទ​សារព័ត៌មាន​មួយ​របស់ The Diplomat ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២២ ដោយ​បញ្ជាក់​ថា រូបថត​នេះ​ត្រូវ​បាន​យក​ពី​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី។

The Diplomat | Archived

បន្ទាប់​ពី​ចូល​ទៅ​ពិនិត្យ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក សម រង្ស៊ី យើង​បាន​ឃើញ​រូបថតមួយ​ចំនួន​ដែល​បង្ហាញ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​​កាន់​ទង់​ជាតិ​កម្ពុជា ពោល​គឺ​មិន​មែន​ជា​ទង់​តំណាង​ក្រុម​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​ដូច​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​បាន​បង្ហោះ​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​ដែល​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២២ ដែល​បង្ហាញ​មេបក្ស​ប្រឆាំង​រូប​នេះ កាន់​ទង់​ជាតិ​កម្ពុជា​ដើរ​ជាមួយ​ក្រុម​អ្នក​គាំ​ទ្រ​របស់​លោក​នៅ​ក្នុង​បាតុកម្ម​មួយនៅ​ទីក្រុង​ឡូវ៉ែល (Lowell) រដ្ឋ​ម៉ាសាឈូហ្សេត សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២២។

Facebook Post | Archived

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ដែល​បង្ហាញ​លោក សម រង្ស៊ី កាន់​ទង់​តំណាង​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា​នេះ គឺ​ជា​រូបភាព​កាត់​តែ​ប៉ុណ្ណោះ។ រូបថត​ពិត​ប្រាកដ បង្ហាញ​លោក សម រង្ស៊ី កាន់​ទង់​ជាតិ​កម្ពុជា​ដើរ​ជាមួយ​ក្រុម​អ្នក​គាំ​ទ្រ​លោក​នៅ​ក្នុង​បាតុកម្ម​មួយ​នៅ​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​សីហា ឆ្នាំ​២០២២​កន្លង​មក។

Avatar

Title:រូបភាព​មេ​បក្ស​ប្រឆាំង​​កាន់​ទង់​តំណាង​ជន​ជាតិ​ភាគ​តិច​ម៉ុងតាញ៉ា គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ

Written By: Jay Udom

Result: Altered